ប្រទេសថៃ ៖ យោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលថៃ គឺចាប់ពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ មានអ្នកឆ្លងកូវីដចំនួន៤១,១៩៧នាក់ និងស្លា.ប់១៥នាក់ ។ ការឆ្លងជំងឺកូវីដរាប់ម៉ឺននាក់នេះបានធ្វើឱ្យពលរដ្ឋបារម្ភយ៉ាងខ្លាំង ជាពិសេស អាណាព្យាបាលសិស្ស ពីព្រោះជិតដល់ពេលសាលារៀនបើកបវសនកាល ប៉ុន្តែរដ្ឋាភិបាលថៃថា ស្ថានការណ៍ជំងឺកូវីដនៅប្រទេសថៃអាចគ្រប់គ្រងបាន និងសំណូមពរឱ្យពលរដ្ឋថែទាំខ្លួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ។.jpg)
រដ្ឋាភិបាលថៃបញ្ជាក់ពីស្ថានការណ៍ជំងឺកូវីដ-១៩ នៅប្រទេសថៃបច្ចុប្បន្ន គឺអាចគ្រប់គ្រងបាន បើទោះជាមានពលរដ្ឋឆ្លងជំងឺកូវីដរាប់ម៉ឺននាក់ក្តី និងសំណូមពរឱ្យពលរដ្ឋទាំងអស់អនុវត្តតាមវិធានការបង្ការជំងឺឱ្យបានម៉ឺងម៉ាត់ដើម្បីការពារការឆ្លងរាតត្បាត ។ កូវីដបានក្លាយជាជំងឺក្នុងតំបន់នៅប្រទេសថៃ ដែលមានអ្នកឆ្លងជំងឺនេះពេញមួយឆ្នាំ ជាពិសេស ពេលសាលារៀននានាជិតបើកបវសនកាល ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ TNN Thailand ។.jpg)
កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ អ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រីថៃ លោកស្រី សាស៊ីកាន វឌ្ឍនៈចាន់ និយាយថា តាមទិន្នន័យរបស់ក្រសួងសុខាភិបាល គឺស្ថានការណ៍ឆ្លងរាតត្បាតជំងឺកូវីដនៅប្រទេសថៃបច្ចុប្បន្ន បានធ្លាក់ចុះជាបន្តបន្ទាប់ ។ នៅសប្តាហ៍ទី១៩នេះ (ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ) មានអ្នកឆ្លងកូវីដថ្មី ចំនួន១២,៥៤៣នាក់ ខណៈសប្តាហ៍មុន មានអ្នកឆ្លងកូវីដរហូតដល់១៤,៣៤៩នាក់ ។.png)
រីឯចាប់ពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ ប្រទេសថៃមានអ្នកឆ្លងកូវីដចំនួន៤១,១៩៧នាក់ និងស្លាប់១៥នាក់ ។ នេះចាត់ទុកថា គឺជាចំនួនតិចជាងពេលវេលាដូចគ្នាកាលពីឆ្នាំ២០២៤ ដែលមានអ្នកឆ្លងកូវីដរហូតដល់៧សែននាក់ ។
បច្ចុប្បន្ន កូវីដបានក្លាយជាជំងឺក្នុងតំបន់រួចហើយ ដែលមានអ្នកឆ្លងជំងឺនេះពេញមួយឆ្នាំ ជាពិសេស នៅរដូវវស្សា និងពេលសាលារៀនបើកបវសនកាល ដែលមានការប្រមូលផ្តុំមនុស្សជាច្រើន ។ ហេតុនេះ សូមពលរដ្ឋទាំងអស់អនុវត្តតាមវិធានការបង្ការជំងឺឱ្យបានម៉ឺងម៉ាត់ ដោយលាងដៃជាមួយសាប៊ូ និងទឹកស្អាត ឬប្រើប្រាស់អាល់កុលដែលមានកំហាប់ យ៉ាងហោចណាស់៧០%, ពាក់ម៉ាស់ពេលស្ថិតនៅទីប្រជុំជនមានមនុស្សចង្អៀត, បរិភោគអាហារទើបចម្អិនឆ្អិនថ្មីៗ និងប្រើប្រាស់ចាន-ស្លាបព្រាផ្ទាល់ខ្លួន ។
បើមានអាការៈគួរឱ្យសង្ស័យ ដូចជា ៖ ក្តៅខ្លួន ក្អក និងឈឺក ចូរត្រួតពិនិត្យជំងឺកូវីដជាមួយឧបករណ៍តេស្ត ATK ហើយនៅដាច់ដោយឡែកពីអ្នកដទៃ ។ បើមានអាការៈធ្ងន់ធ្ងរ ដូចជា ៖ ពិបាកដកដង្ហើម ត្រូវប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់ ។
រដ្ឋាភិបាលថៃសូមបញ្ចាក់ថា ស្ថានការណ៍ជំងឺកូវីដនៅប្រទេសថៃស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន និងសំណូមពរពលរដ្ឋចូលរួមសហការអនុវត្តវិធានការបង្ការជំងឺឱ្យបានម៉ឺងម៉ាត់ ដើម្បីការពារជំងឺឆ្លងរាតត្បាត ជាពិសេស ក្រុមងាយឆ្លង រួមមាន ៖ មនុស្សចាស់ អ្នកមានជំងឺប្រចាំកាយ កុមារតូចៗ និងស្ត្រីមានផ្ទៃពោះ ។ ករណីសង្ស័យ ពលរដ្ឋអាចសាកសួរព័ត៌មានទៅកាន់លេខទូរស័ព្ទបន្ទាន់របស់នាយកដ្ឋានគ្រប់គ្រងជំងឺ រយៈពេល២៤ម៉ោង ៕










