តារាសម្តែង Amber Heard អតីតភរិយារបស់តារាសម្តែង Johnny Depp បានប្រកាសកំណើតកូនភ្លោះប្រុស និងស្រី នៅក្នុងរូបថតមួយសន្លឹកដែលបង្ហោះក្នុងថ្ងៃទិវាគុណម្តាយ។

នៅលើ Instagram កាលពីថ្ងៃទី ១១ ឧសភា តារាស្រីរូបនេះបានបង្ហោះរូបថតជើងកូនៗ រួមនឹងសារថា «ទិវាគុណម្តាយឆ្នាំ ២០២៥ ជាឱកាសដែលខ្ញុំមិនអាចបំភ្លេចបាន ឆ្នាំនេះ សប្បាយចិត្តណាស់ ដែលខ្ញុំមិនអាចបញ្ចេញជាពាក្យពេចន៍បាន ខណៈដែលខ្ញុំអបអរភាពពេញលេញនៃគ្រួសារ ដែលជាអ្វីដែលខ្ញុំបានប្រឹងប្រែងកសាងអស់ជាច្រើនឆ្នាំ»។ ក្នុងនោះនាងបានចែករំលែកពីកូនភ្លោះទាំងពីរ និង បានរៀបរាប់ពីពេលដែលនាងស្វាគមន៍កូនដំបូងរបស់នាងកាលពី៤ឆ្នាំមុនតាមរយៈការពពោះជំនួសដោយហៅវាថាជាព្រឹត្តិការណ៍ដែល «ផ្លាស់ប្តូរពិភពលោករបស់នាង»។
.png)
តារាស្រីរូបនេះបានបន្តទៀតថា «ខ្ញុំគិតថាខ្ញុំមិនអាចសប្បាយចិត្តជាងនេះទេ ហើយឥឡូវនេះ ភាពរីករាយបានកើនឡើងបីដង។ ការក្លាយជាម្តាយទោលដោយខ្លួនឯង ទោះបីជាមានកូនលំបាកយ៉ាងណាក៏ដោយ គឺជាបទពិសោធន៍ដែលខ្ញុំដឹងគុណបំផុត ខ្ញុំពិតជាមានអំណរគុណណាស់ដែលបានសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវ និងគិតគូរ។ ចំពោះអ្នកម្តាយទាំងអស់នៅទីនោះ ទោះអ្នកនៅទីណា ឬអ្នកបានអានរឿងនេះ – ខ្ញុំ និងគ្រួសារក្នុងក្តីស្រមៃរបស់ខ្ញុំ ចូលរួមទិវាអ្នកម្តាយ»។
កូនទីពីររបស់ Amber Heard ត្រូវបានបញ្ជាក់នៅក្នុងខែធ្នូ ឆ្នាំ២០២៤។ ទោះជាយ៉ាងណាក៏ដោយ នៅពេលនោះ តារាស្រីរូបនេះមិនបានបង្ហាញថាតើនាងមានកូនភ្លោះ ឬថាតើនាងមានកូនតាមរយៈការពពោះជំនួស ឬវិធីធម្មជាតិនោះទេ។ អ្នកតំណាងម្នាក់បាននិយាយត្រឹមតែថា Amber Heard មានអារម្មណ៍សប្បាយរីករាយសម្រាប់ខ្លួននាង និងកូនស្រីរបស់នាង Oonagh និងមិនច្បាស់ទេថាកូនភ្លោះរបស់នាងកើតនៅពេលណា។ នៅពេលនាងមានកូនដំបូង Amber Heard បានរក្សាដំណឹងល្អជាអាថ៌កំបាំងអស់រយៈពេលជិត ៣ ខែបន្ទាប់ពី Oonagh កើតមក។

Amber Heard មាន អាយុ ៣៩ឆ្នាំ ជាតារាសម្តែង និងជាតារាបង្ហាញម៉ូតជនជាតិអាម៉េរិក។ បន្ទាប់ពីបញ្ចប់បណ្តឹងបរិហារកេរ្តិ៍របស់នាង ប្រឆាំងនឹង Johnny Depp នៅចុងឆ្នាំ ២០២២ នាងបានចាកចេញពីសហរដ្ឋអាម៉េរិកទៅកាន់ប្រទេសអេស្ប៉ាញជាមួយនឹងកូនស្រីរបស់នាង និងគូស្នេហ៍ស្រលាញ់ភេទដូចគ្នារបស់នាងជាអ្នកថតរូបដែលមានអាយុ៤៤ ឆ្នាំ។ យោងតាមប្រភពបានឱ្យដឹង ថា Amber កំពុងរស់នៅក្នុងតំបន់លំនៅដ្ឋានដ៏ធំទូលាយមួយក្នុងទីក្រុង Madrid ដោយរក្សារបៀបរស់នៅស្ងប់ស្ងាត់៕










