ប្រទេសថៃ ៖ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ សារព័ត៌មានថៃ Khaosod រាយការណ៍ថា ជំងឺប៉េស្តជ្រូកកំពុងឆ្លងរាតត្បាតនៅប្រទេសថៃ ស្របពេលថៃតាមដានការឆ្លងជំងឺអង់ត្រាក់ (Anthrax) ពីសត្វគោ គឺនៅដើមខែឧសភានេះ មានពលរដ្ឋថៃ២នាក់ បានស្លា.ប់ដោយសារជំងឺប៉េស្តជ្រូក ក្រោយបរិភោគសាច់ជ្រូកឆៅ ។ ក្រសួងសុខាភិបាលថៃបានដាស់តឿនពលរដ្ឋសូមកុំបរិភោគសាច់សត្វឆៅ បើមានអាការៈបែបនេះ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់ដើម្បីកុំឱ្យមានបញ្ហាត្រចៀក ។
.jpg)
លោក ស៊ុមសាក់ ថេបសុថិន រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ បាននិយាយកាលពីថ្ងៃទី៥ ខែឧសភា ថា ពលរដ្ឋនៅខេត្តព្រែ បានឆ្លងជំងឺប៉េស្តជ្រូក ចំនួន១៤នាក់ និងស្លាប់២នាក់ បណ្តាលមកពីការបរិភោគសាច់ជ្រូកឆៅ និងឈាមជ្រូកចម្អិនពុំឆ្អិន ។ ហេតុនេះ បើក្តៅខ្លួនខ្លាំង ឈឺសាច់ដុំ ហើយធ្លាប់មានប្រវត្តិបរិភោគ ឬប៉ះពាល់សាច់ជ្រូកឆៅ ចូរប្រញាប់ទៅព្យាបាលនៅមន្ទីរពេទ្យក្បែរផ្ទះជាបន្ទាន់ ព្រមទាំងប្រាប់គ្រូពេទ្យពីពេលវេលាបរិភោគសាច់ជ្រូកឆៅ ពីព្រោះជំងឺនេះនឹងធ្វើឱ្យត្រចៀកស្តាប់លែងឮអស់មួយជីវិត ។.jpg)
ចំណែកលោក វីរៈសាក់ ដាំរុងផុង គ្រូពេទ្យនៅខេត្តព្រែ ឱ្យដឹងថា ជំងឺប៉េស្តជ្រូក បានឆ្លងរាតត្បាតគ្រប់ស្រុករបស់ខេត្តព្រែ តាំងពីខែមេសា កន្លងមក ហើយជំងឺនេះឆ្លងពីសត្វមកមនុស្ស ដោយសារការបរិភោគសាច់ជ្រូក ឈាមជ្រូក គ្រឿងក្នុងជ្រូកមិនឆ្អិន និងចំណីអាហារធ្វើពីសាច់ជ្រូក ។ វាក៏ឆ្លងមកមនុស្សតាមរយៈការប៉ះពាល់សាច់ជ្រូកពេលដៃមានដំបៅ និងមានរោគសញ្ញា ដូចជា ៖ ក្តៅខ្លួន ក្អួត ឈឺក្បាល ឈឺសាច់ដុំ រាគរូស និងចេញឈាមតាមស្បែក ។

កន្លងមក ជំងឺអង់ត្រាក់ បានឆ្លងរាតត្បាតនៅខេត្តមុកដាហាន គឺពលរដ្ឋក្នុងខេត្តនេះឆ្លងជំងឺចំនួន៣នាក់ និងស្លាប់ម្នាក់ ។ ក្រៅពីនេះ មានពលរដ្ឋម្នាក់បានសម្រាកព្យាបាលនៅមន្ទីរពេទ្យមុកដាហាន និងម្នាក់ទៀតព្យាបាលនៅមន្ទីរពេទ្យដនតាល ។ រីឯពលរដ្ឋថៃទូទាំងប្រទេសប្រឈមនឹងការកើតជំងឺអង់ត្រាក់ គឺស្មើ៦៣៦នាក់ ក្នុងនោះពលរដ្ឋ៥៣៨នាក់ បានឆ្លងផុតដំណាក់កាលតាមដានជំងឺ ក្រោយពីគ្រូពេទ្យតាមដានលទ្ធផលពិនិត្យស្បែក និងការរំលាយអាហារ៧ថ្ងៃ ខណៈពលរដ្ឋ៩៨នាក់ ស្ថិតក្នុងដំណាក់កាលតាមដានជំងឺស្បែក និងការរំលាយអាហារ ។ ប៉ុន្តែពលរដ្ឋទាំងអស់បានទទួលថ្នាំ Doxycycline ជាបន្តបន្ទាប់រយៈពេល៧ថ្ងៃដើម្បីការពារជំងឺ ។

ក្រសួងសុខាភិបាលបានជំរុញឱ្យនាយកដ្ឋានគ្រប់គ្រងជំងឺ និងសុខភាពសាធារណៈខេត្ត តាមដានជំងឺអង់ត្រាក់ឱ្យបានដិតដល់រហូតដល់ស្ថានការណ៍ធូរស្រាល ឬពលរដ្ឋអស់កង្វល់ ហើយក្រសួងសុខាភិបាលក៏បានទំនាក់ទំនងទៅស្ថាប័នពាក់ព័ន្ធឱ្យជួយតាមដានតំបន់មានជំងឺឆ្លងរាតត្បាត ។ ជំងឺអង់ត្រាក់ ពុំទាន់មានរបាយការណ៍ការឆ្លងពីមនុស្សទៅមនុស្សទេ គឺវាឆ្លងពីសត្វទៅមនុស្ស ហើយជំងឺនេះនៅក្នុងដី និងទឹក ហើយវាធន់ទាំងអាកាសធាតុក្តៅ និងត្រជាក់ ។ វានៅតែឆ្លងទោះជាពេលវេលាកន្លងផុតទៅរាប់សិបឆ្នាំក្តី ជាពិសេស ដីមានសត្វងាប់ដោយសារជំងឺអង់ត្រាក់ ។
ចុងក្រោយ លោក ស៊ុមសាក់ បញ្ជាក់ថា មុនបរិភោគសាច់សត្វ គួរតែចម្អិនឱ្យឆ្អិនល្អមានអនាម័យ ចៀសវាងការបរិភោគសាច់ឆៅ ឬស្ទើរឆ្អិន ស្ទើរឆៅ ព្រមទាំងតាមដានការផ្សព្វផ្សាយជំងឺពីស្ថាប័នពាក់ព័ន្ធ ៕










