ប្រទេសចិន ៖ គ្រែសម្រាកនៅតាមច្រាំងថ្មខ្ពស់ៗកណ្តាលភ្នំបានក្លាយជាតំបន់ទេសចរណ៍ថ្មីដ៏ពេញនិយមនៅប្រទេសចិន ដែលភ្ញៀវទេសចរសម្រាកលំហែរកាយលើគ្រែនេះ អាចទស្សនាទេសភាពព្រៃភ្នំយ៉ាងស្រស់ស្អាតដែលមានកម្ពស់ខ្ពស់១,៦០០ម៉ែត្រពីនីវ៉ូទឹកសមុទ្រ និងទទួលបានកាហ្វេដ៏ឈ្ងុយឆ្ងាញ់មិនគិតថ្លៃ១កែវ ។ វាជាកន្លែង Check in ថ្មីទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរជាតិ និងបរទេសយ៉ាងខ្លាំង ដោយភ្ញៀវទេសចរម្នាក់ៗចំណាយប្រាក់ត្រឹមតែជាង១៣ដុល្លារប៉ុណ្ណោះ ។.jpg)
កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ សារព័ត៌មានបរទេសបានផ្សព្វផ្សាយពីតំបន់ទេសចរណ៍ថ្មីនៅចិន គឺការរៀបចំគ្រែសម្រាប់ឱ្យភ្ញៀវទេសចរសម្រាកតាមច្រាំងថ្មខ្ពស់ៗកណ្តាលព្រៃភ្នំ ដើម្បីគយគន់ទេសភាពនៅជុំវិញខ្លួនប្រកបដោយបរិយាកាសធម្មជាតិពិតៗ ។ គ្រែនីមួយៗមានដែកតភ្ជាប់ជាមួយច្រាំងថ្ម និងមានដែកទ្រពីក្រោម ប៉ុន្តែគ្មានអ្វីបិទបាំង បើពុំប្រុងប្រយ័ត្ន ភ្ញៀវទេសចរអាចធ្លាក់ចុះក្រោម ។ ភ្ញៀវទេសចរមកពីជុំវិញពិភពលោក បានសម្រាកលើគ្រែ និងថតរូបបង្កើតមាតិកាបង្ហោះក្នុងបណ្តាញសង្គមព្រោងព្រាត ។.jpg)
តំបន់ទេសចរណ៍ដ៏ពេញនិយមនេះស្ថិតនៅកំពូលភ្នំ Wuzhi ទីក្រុង Chenzhou ខេត្ត Hunan ប្រទេសចិន ។ អ្នកលេងបណ្តាញសង្គមបរទេសបានចែកចាយរូបភាពគ្រែមានទំហំមិនធំប៉ុន្មាន ដែលត្រូវបានដាក់តាមច្រាំងថ្មខ្ពស់ ហើយគ្រែនីមួយៗមានពូក ខ្នើយ ភួយ និងឧបករណ៍សុវត្ថិភាព ។ តំបន់ទេសចរណ៍នេះអនុញ្ញាតឱ្យភ្ញៀវទេសចរឡើងទៅថតរូប, Check in ជាមួយទេសភាពដ៏ត្រជាក់ភ្នែក និងទទួលបានកាហ្វេមិនគិតថ្លៃ១កែវ ក្រោយពីចំណាយប្រាក់សមល្មម ។.jpg)
បន្ទាប់ពីចងខ្សែសុវត្ថិភាព ភ្ញៀវទេសចរអាចសម្រាកយ៉ាងរីករាយលើគ្រែជាមួយខ្យល់អាកាសបរិសុទ្ធ ព្រមទាំងផឹកកាហ្វេបណ្តើរ មើលព្រៃភ្នំបណ្តើរ ហើយភ្ញៀវទេសចរក៏អាចបង្កើតមាតិកាថតវីដេអូបង្ហោះក្នុងបណ្តាញសង្គមផងដែរ ។ បុគ្គលិកធ្វើការនៅតំបន់ទេសចរណ៍ប្រាប់ថា ទីនេះទើបតែបើកដំណើរការ កាលពីខែមេសា ឆ្នាំ២០២៥ ។ កាលពីថ្ងៃទិវាពលកម្មកន្លងមក មានភ្ញៀវទេសចរជាច្រើនមកកម្សាន្ត ប៉ុន្តែភ្ញៀវទេសចរមួយចំនួនតូចពុំហ៊ានសម្រាកលើគ្រែ ។
តំបន់ទេសចរណ៍មានគោលការណ៍ការពារសុវត្ថិភាពយ៉ាងតឹងរ៉ឹង មុនពេលអនុញ្ញាតឱ្យភ្ញៀវទេសចរឡើងទៅសម្រាកលើគ្រែតាមច្រាំងថ្ម គឺត្រូវបំពេញព័ត៌មានផ្ទាល់ខ្លួន ដូចជា ៖ ទម្ងន់ អាយុ និងបញ្ជាក់ថា តើមានជំងឺប្រចាំកាយដែរឬអត់? ព្រមទាំងត្រូវពាក់ខ្សែសុវត្ថិភាពគ្រប់ពេលវេលា ។ រីឯលក្ខខណ្ឌសំខាន់ៗក្នុងការមកកម្សាន្ត រួមមាន ៖
-មានអាយុមិនលើស៦០ឆ្នាំ
-មានកម្ពស់ចាប់ពីជាង១.៤០ម៉ែត្រ ឡើងទៅ
-មានទម្ងន់មិនលើស១០០គីឡូក្រាម
-មានទំហំចង្កេះមិនលើស៣៦អ៊ីញ ពីព្រោះទោះជាគ្រែអាចទ្រទ្រង់ទម្ងន់បាន ប៉ុន្តែបើទំហំចង្កេះលើស៣៦អ៊ីញ គឺភ្ញៀវទេសចរពុំអាចពាក់ខ្សែការពារបានទេ ។
ទោះជាវាមានកម្ពស់ខ្ពស់១,៦០០ម៉ែត្រពីនីវ៉ូទឹកសមុទ្រ ប៉ុន្តែកម្ពស់ពិតប្រាកដពីគ្រែសម្រាកចុះទៅផ្នែកខាងក្រោម គឺស្មើ១០០ម៉ែត្រ ដែលបុគ្គលិកធ្វើការនៅតំបន់ទេសចរណ៍ប្រាប់ថា វានៅតែខ្ពស់ដដែល ។ តំបន់ទេសចរណ៍អនុញ្ញាតឱ្យអ្នកមកលេងអាចថតរូបប៉ុណ្ណោះ និងពុំអនុញ្ញាតឱ្យសម្រាកលើគ្រែឆ្លងយប់ទេ ៕










