សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុនTesla បានចេញមកច្រានចោលពាក្យចចាមរាមដែលបានផ្សព្វផ្សាយថា ក្រុមប្រឹក្សាភិបាលរបស់Tesla កាលពីខែមុនបានប្រកាសស្វែងរកនាយកប្រតិបត្តិថ្មីមកជំនួសតំណែងរបស់លោក Elon Musk បន្ទាប់ពីមានការថយចុះយ៉ាងធ្ងន់ធ្ងរនៃប្រាក់ចំណេញរបស់ក្រុមហ៊ុន។.jpg)
កាលពីថ្ងៃព្រហស្បត្ត៏ ទី១ ឧសភា នេះ ក្រុមហ៊ុនTesla បានបដិសេដព័ត៌មានអំពីការស្វែងរកអ្នកជំនួសតំណែងលោក Elon Musk ជានាយកប្រតិបត្តិជាផ្លូវការ។ អនុប្រធានប្រុមប្រឹក្សាភិបាល Tesla លោកស្រី Robyn Denholm បានបង្ហោះនៅលើបណ្ដាញសង្គម X ថា ៖ នេះជាព័ត៌មានមិនពិត ហើយក្រុមប្រឹក្សាភិបាល នៅតែជឿជាក់ខ្លាំងលើភាពជាអ្នកដឹកនាំរបស់ Musk និងសមត្ថភាពក្នុងការអភិវឌ្ឍក្រុមហ៊ុន។
.jpg)
ព័ត៌មានដែលបានផ្សាយថា សមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុនTesla បានទាក់ទងទៅក្រុមហ៊ុនស្រាវជ្រាវជាច្រើន ដើម្បីស្វែងរកអ្នកជំនួសតំណែងនាយកប្រតិបត្តិ Elon Musk ត្រូវបានគេនិយាយថា អាចបណ្ដាលមកពីការជាប់ពាក់ព័ន្ធការងារនយោបាយក្នុងរដ្ឋបាលប្រធានាធិបតី Donald Trump ដែលជាកត្តាជំរុញដល់ការធ្លាក់ចុះការនៃអត្រាលក់រថយន្ត Tesla និងធ្វើឱ្យផ្សារភាគហ៊ុនក្រុមហ៊ុនចុះខ្លាំង។

ដោយឡែក ពេលនេះគឺខាងក្រុមហ៊ុនTesla បានចេញសេចក្ដីប្រកាសជាផ្លូវការហើយថា វាជាព័ត៌មានមិនពិតឡើយ។ ចំណែកលោក Elon Musk កាលពីសប្ដាហ៍មុនក៏បាននិយាយផងដែរថា ខ្លួននឹងកាត់បន្ថយពេលវេលាធ្វើការនៅក្រសួងប្រសិទ្ធភាពរដ្ឋាភិបាលជាមួយលោក Trump ដោយងាកមកចំណាយពេលវេលាភាគច្រើនរបស់គាត់ ផ្ដោតលើការគ្រប់គ្រងក្រុមហ៊ុនវិញម្ដង។ ការសម្រេចចិត្តរបស់ Musk បែបនេះ គឺបន្ទាប់ពីមានការរិះគន់ខ្លាំងៗពីចំណាត់ការនយោបាយរបស់លោក ដែលជំរុញឱ្យមានការបញ្ឈប់បុគ្គលិករដ្ឋសហព័ន្ធអាមេរិក និងបិទស្ថាប័នសំខាន់ៗផ្សេងៗជាដើម ព្រមទាំងដោយសារការថយចុះជាង៧១% នៃប្រាក់ចំណេញរបស់Tesla ក្នុងត្រីមាសទី១។
សរុបមក បើទោះជាមានបញ្ហាជាច្រើនដូចជា រថយន្តTesla កំពុងប្រឈមនឹងការប្រកួតប្រជែងជាមួយរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនផ្សេង និងការធ្លាក់ចុះនៃប្រាក់ចំណេញក្នុងត្រីមាសទី១បែបនេះក៏ដោយ ប៉ុន្តែក្រុមប្រឹក្សាភិបាល Tesla នៅតែគាំទ្រការដឹកនាំរបស់ Elon Musk ដដែល៕










