រាជធានីភ្នំពេញ ៖ សេចក្ដីណែនាំថ្មី ស្ដីពីការហាមឃា..ត់ព្រះភិក្ខុ សាមណេ ហាមឃា..ត់ការគង់កម្សាន្តនៅទីសួនច្បារសាធារណៈ ហាងកាហ្វេ កន្លែងកម្សាន្តសប្បាយនានានៅបរិវេណព្រះបរមរាជវាំងមុខទន្លេចតុមុខ និង ផ្លូវថ្មើជើងថ្មី ព្រមទាំងហាមនិមន្តបិណ្ឌបាតនៅតាមទីផ្សា មន្ទីរពេទ្យ រោងចក្រ រួមជាមួយកន្លែងផ្សេងៗមួយចំនួនទៀត ដើម្បីការពារកិត្តិយស សេចក្ដីថ្លៃថ្នូ និងជំនឿនៃព្រះពុទ្ធសាសនា។

យោងតាមការប្រកាសរបស់សាលាគណរាជធានីភ្នំពេញ ដែលបានប្រជុំសម្រេចជាមួយក្រសួងធម្មការ និងសាសនារាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំចំនួន ៤ចំណុចធំៗ ដើម្បីទប់ស្កាត់បញ្ហាខាងលើឲ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យមានដូចខាងក្រោម៖
១-ការនិមន្តគោចរបិណ្ឌបាតរបស់ភិក្ខុ សាមណេរគ្រប់រូប ត្រូវប្រកបដោយអភិសមាចារ និមន្តបានតែក្នុងកន្លែងជាទីគោចរតែម្យ៉ាងប៉ុណ្ណោះ។ ហាមការនិមន្តបិណ្ឌបាតនៅមុខមន្ទីរពេទ្យ ក្នុងទីផ្សារ តាមរោងចក្រ សហគ្រាស ចំណតរថយន្ត ឬតាមកម្មវិធីបុណ្យនានា ដែលមិនមានការនិមន្ត ។
២-ហាមភិក្ខុ សាមណេរ គង់កម្សាន្តតាមសួនច្បារមុខព្រះបរមរាជវាំង សួនសាធារណៈ ហាងកាហ្វេនៅតំបន់មាត់ទន្លេចតុម្មុខ និងក្នុងតំបន់ផ្លូវសម្រាប់ថ្មើរជើង ចាប់ពីមុខព្រះបរមរាជវាំង ដល់រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ជាដើម ចាប់ពីម៉ោង ៦:០០ នាទីល្ងាច ដល់ម៉ោង ១១:០០ នាទីយប់ ។
៣-ព្រះចៅអធិការគ្រប់វត្ដ មានភារកិច្ចអប់រំ ណែនាំ និងត្រួតពិនិត្យការសិក្សារៀនសូត្រ និងការបដិបត្តិធម៌វិន័យរបស់ភិក្ខុ សាមណេរក្រោមឱវាទឱ្យស្ថិតក្នុងត្រៃសិក្ខាទាំង៣គឺ សីល សមាធិ បញ្ញា ពិសេស ឱ្យចូលរួមអនុវត្តខ្លឹមសារខាងលើឱ្យបានហ្មត់ចត់បំផុត។ ក្នុងករណីដែលភិក្ខុ សាមណេររូបណាពុំបានគោរពតាមសេចក្ដីណែនាំខាងលើនេះ ត្រូវសហការជាមួយមន្ត្រីសង្ឃសាលាគណ សាលាអនុគណ មន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធដោះស្រាយឱ្យបានត្រឹមត្រូវទៅតាមធម៌វិន័យ និងបទប្បញ្ញត្តិផ្សេងៗជាធរមាន ។.jpg)
៤-សាលាអនុគណគ្រប់ខណ្ឌ ត្រូវរៀបចំក្រុមការកសង្ឃរបស់សាលាអនុគណ របស់វត្តនីមួយៗក្នុងខណ្ឌ ដើម្បីចុះអនុវត្តទប់ស្កាត់ការនិមន្តគោចរបិណ្ឌបាតនៅតាមទីអគោចរដ្ឋាន និងនិមន្តចូលទៅកាន់ទីកន្លែងកំសាន្តសាធារណៈនានា នៅក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសសាលាអនុគណខណ្ឌដូនពេញ ត្រូវរៀបចំការកសង្ឃមួយក្រុម ដើម្បីអនុវត្តការងារនេះ ។
ក្នុងនោះផងដែរ នៅក្នុងសេចប្រកាសខាងលើក៏បានបញ្ជាក់ដែរថា គ្រប់សាលាអនុគណ សហការជាមួយមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញឲ្យបានជិតស្និត ដើម្បីជាឧត្តមប្រយោជន៍ក្នុងការលើកតម្លៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងគុណតម្លៃរបស់ព្រះសង្ឃក្នុងពុទ្ធសាសនាកម្ពុជា ៕










