ចិន និងហ្វីលីពីន បានដោតទង់ជាតិរៀងៗខ្លួនលើកោះ Sandy Cay ស្ថិតក្នុងប្រជុំកោះ Spratly នៅសមុទ្រចិនខាងត្បូង ហើយប្រទេសទាំងពីរអះអាងថា ពួកគេជាម្ចាស់កម្មសិទ្ធិលើកោះ Sandy Cay ។ វាធ្វើឱ្យមានភាពតានតឹងកើតឡើងរវាងចិន និងហ្វីលីពីន ស្របពេលកងទ័ពហ្វីលីពីនកំពុងធ្វើសមយុទ្ធជាមួយកងទ័ពអាមេរិក ខណៈវៀតណាម និងតៃវ៉ាន់ ក៏ចង់គ្រប់គ្រងកោះនេះដែរ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ។
កាសែតអង់គ្លេស The Guardian រាយការណ៍ថា ស្ថានការណ៍តានតឹងរវាងចិន និងហ្វីលីពីន លើកចុងក្រោយនេះ បានកើតឡើងតាំងពីថ្ងៃទី២៤ ខែមេសា កន្លងមក ក្រោយពីសារព័ត៌មានចិនបានផ្សព្វផ្សាយរូបភាពឆ្មាំសមុទ្រចិនយកទង់ជាតិរបស់ខ្លួនទៅដោតលើកោះ Sandy Cay កាលពី២សប្តាហ៍មុន ។ លើសពីនេះ ចិនបានបង្ហាញពីអធិបតេយ្យភាពរបស់ខ្លួនលើឆ្នេរខ្សាច់កោះនេះ ព្រមទាំងបង្ហាញពីសកម្មភាពផ្សេងៗ ។

ក្រោយមក ជនជាតិហ្វីលីពីន៦នាក់ ក៏បានយកទង់ជាតិហ្វីលីនទៅដោតលើកោះ Sandy Cay ដូចគ្នា ដែលធ្វើឱ្យឆ្មាំសមុទ្រចិនចោទប្រកាន់ហ្វីលីពីន កាលពីថ្ងៃទី២៦ ខែមេសា ថា ហ្វីលីពីនឈ្លានពានទឹកដីចិន, ពុំអើពើនឹងការព្រមានរបស់ចិន និងព្យាយាមទប់ស្កាត់ចិនដែលអនុវត្តតាមច្បាប់ ។ ចិនថែមទាំងអំពាវនាវឱ្យហ្វីលីពីនបញ្ឈប់ការឈ្លានពានអធិបតេយ្យភាពចិនជាបន្ទាន់ ។.png)
មន្ត្រីនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិហ្វីលីពីន លោក Jonathan Malaya បាននិយាយកាលពីថ្ងៃទី២៨ ខែមេសា ថា ការអះអាងភាពជាម្ចាស់កម្មសិទ្ធិលើកោះ Sandy Cay របស់ចិន ពុំមែនជាការពិតឡើយ និងជាការអះអាងដោយគ្មានការទទួលខុសត្រូវ ។ ស្ថានការណ៍តានតឹងរវាងចិន និងហ្វីលីពីន បានកើតឡើងស្របពេលការធ្វើសមយុទ្ធកងទ័ពរវាងអាមេរិក និងហ្វីលីពីន ដែលចាប់ផ្តើមតាំងពីថ្ងៃទី២១ ខែមេសា ។

តាមសេចក្តីរាយការណ៍ឱ្យដឹងថា ការធ្វើសមយុទ្ធកងទ័ពអាមេរិក-ហ្វីលីពីន គឺមានឈ្មោះថា «Balikatan» ដែលបានដាក់បញ្ចូលមីស៊ីលទៅក្នុងប្រព័ន្ធការពារដែនអាកាសជាលើកដំបូងផងដែរ ។ មេដឹកនាំកងទ័ពអាមេរិកប្រកាសថា នឹងមានការបង្ហាញសមត្ថភាពគ្មានគូប្រៀបរួមគ្នារវាងអាមេរិក និងហ្វីលីពីន ក្រោមសន្ធិសញ្ញារួម ឆ្នាំ១៩៥១ ។
ចំណែកប្រទេសចិនបានរិះគន់ការធ្វើសមយុទ្ធរួមគ្នារវាងសហរដ្ឋអាមេរិក និងហ្វីលីពីន ថា គឺជាបំផ្លាញស្ថិរភាពជាយុទ្ធសាស្ត្រក្នុងតំបន់អាស៊ី ព្រមទាំងចោទប្រកាន់ហ្វីលីពីន ថា បានឃុបឃិតជាមួយប្រទេសនៅក្រៅតំបន់ ។

គួរបញ្ជាក់ថា ចិនបានគ្រប់គ្រងកោះ Sandy Cay និងដោតទង់ជាតិចិនលើកោះដើម្បីប្រកាសអធិបតេយ្យភាពរបស់ខ្លួន ហើយធ្វើឱ្យហ្វីលីពីន និងវៀតណាម ប្រឆាំងយ៉ាងខ្លាំងទៅកាន់រដ្ឋាភិបាលក្រុងប៉េកាំង ដោយចោទប្រកាន់ថា ចិនរំលោភអធិបតេយ្យភាព ។ ទោះជាកោះនេះមានទំហំតូចក្តី ប៉ុន្តែវាមានសារៈសំខាន់ផ្នែកយុទ្ធសាស្ត្រយ៉ាងខ្លាំង ដោយសារស្ថិតនៅក្បែរផ្លូវពាណិជ្ជកម្ម និងមានធនធានធម្មជាតិ ៕










