មួយរយៈចុងក្រោយនេះ ការជិះកង់ Fixed Gear បានក្លាយជាប្រធានបទដ៏ក្តៅគគុកនៅលើបណ្តាញសង្គម ដោយមនុស្សជាច្រើន យល់ឃើញថាកង់ប្រភេទនេះ ងាយបង្កគ្រោះថ្នាក់។

តាមរយៈវីដេអូឃ្លីបមួយ ដែលបានបង្ហោះនៅលើហ្វេសប៊ុក គេឃើញមានយុវជនម្នាក់ជិះកង់នេះ នៅតាមដងផ្លូវ ហើយត្រូវបានមហាជនរិះគន់យ៉ាងចាស់ដៃ។

មហាជនជាច្រើន បានលើកឡើងថា៖”កង់ Fixed Gear ជិះកង់មួយប្រភេទ ដែលទាមទារឱ្យមានបច្ចេកទេសខ្ពស់ក្នុងការជិះ ព្រោះកង់នេះមិនមានហ្វ្រាំងដៃចាប់នោះទេ”។

ជាទូទៅ កង់ប្រភេទនេះ ច្រើនប្រើសម្រាប់ប្រណាំងក្នុងទីលាន ឬការសម្តែងសៀក តែប៉ុណ្ណោះ និងមិនសូវមានការនិយមជិះដូចកង់ធម្មតានោះទេ។

កង់ប្រភេទនេះ អាចរត់បានលឿនជាកង់ធម្មតា ហើយនៅកម្ពុជា កង់ Fixed Gear មិនត្រូវបានចាត់ទុកជាការល្មើសច្បាប់នោះទេ តែបើនៅបណ្តាប្រទេសមួយចំនួន មិនអនុញ្ញាតឱ្យជិះតាមដងផ្លូវនោះឡើយ ព្រោះជាកង់គ្មានហ្វ្រាំង។

បច្ចុប្បន្ន គេឃើញមានការនិយមពីស្រទាប់យុវវ័យនៅកម្ពុជា ខណៈ៥ខែនៃឆ្នាំ២០២៥នេះ មានមនុស្ស២នាក់បានបាត់ជីវិត ដោយការជិះកង់ប្រភេទនេះ៕