ក្រុមហ៊ុន BYD CAMBODIA CO., LTD បានចាប់ផ្តើមសាងសង់ជាផ្លូវការនូវរោងចក្រដំឡើងរថយន្តអគ្គិសនី (EV) ដំបូងបង្អស់របស់ខ្លួននៅក្នុងប្រទេសកម្ពុជា។
រោងចក្រនេះ គ្រោងនឹងបញ្ចប់ការសាងសង់នៅខែតុលា ឆ្នាំ២០២៥ ដោយមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

ក្រុមហ៊ុន BYD បានបោះទុនប្រមាណ ៣២លានដុល្លារ សម្រាប់ដំណាក់កាលទី១ នៅលើផ្ទៃដីប្រមាណ ១២ហិកតា ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ សម្រាប់ដំឡើងរថយន្តអគ្គិសនី និងអគ្គិសនីលាយសាំង (PHEV) ជាមួយនឹងសមត្ថភាពដំឡើងរថយន្តប្រមាណ ១ម៉ឺនគ្រឿង ក្នុងមួយឆ្នាំ។
ការបង្កើតរោងចក្រដំឡើងនេះ គឺជាជំហានឆ្ពោះទៅមុខដ៏សំខាន់មួយសម្រាប់ឧស្សាហកម្មរថយន្តរបស់កម្ពុជា និងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះដំណោះស្រាយដឹកជញ្ជូនប្រកបដោយនិរន្តរភាព។

រោងចក្រនេះ នឹងចាប់ផ្តើមដំណើការផលិតកម្មដំឡើងរថយន្តអគ្គិសនីជាលើកដំបូងនៅកម្ពុជា នាដើមខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ៕










