រាជធានីភ្នំពេញ ៖ បន្ទាប់ពីបានជួបជាមួយសម្ដេចតេជោ ហ៊ុន សែន រួចមក ក្មេងស្រីលក់កម្រងផ្កានៅលើភ្នំគិរីរម្យទទួលបានការពេញចិត្តយ៉ាងខ្លាំងពីសម្ដេច ដោយសម្ដេចតេជោបានប្រកាសផ្ដល់ឧបត្ថម្ភយ៉ាងច្រើនសន្ធឹកសន្ធាប់នឹកស្មានមិនដល់។
.jpg)
ក្រោយពីត្រូវបានសម្ដេចតេជោ ប្រកាសស្វែងរក និងហៅមកជួប នៅរសៀលថ្ងៃអាទិត្យ ទី២៧ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ក្រុមគ្រួសាររបស់ក្មេងស្រីឈ្មោះ ស៊ុន ស្រីតី ជាក្មេងស្រីលក់ផ្កា ដែលល្បីក្នុងបណ្ដាញផ្សព្វផ្សាយកាលពីថ្មីៗនេះ ចូលជួប និងបានសួរសុខទុក្ខនៅភូមិគ្រឹះតាខ្មៅ។
ក្នុងការជួបនេះ សម្ដេចតេជោបានសួរនាំពាក់ព័ន្ធនឹងស្ថានភាពគ្រួសារ និងការសិក្សារបស់កុមារីខាងលើ ព្រមទាំងទទួលបានដំណឹងថា គ្រួសាររបស់ក្មេងស្រីលក់ផ្កានេះមានជីវភាពក្រលំបាក មានសមាជិកសរុប៥នាក់ ក្នុងនោះគឺឪពុកម្ដាយ បងស្រីធំម្នាក់អាយុ ១៦ឆ្នាំ បងប្រុសម្នាក់អាយុ ១០ឆ្នាំ និងស្រីតីដែលជាកូនពៅអាយុ ៤ឆ្នាំ។ សព្វថ្ងៃពួកគាត់កំពុងរស់នៅផ្ទះដែលជាផ្ទះបងឱ្យស្នាក់អាស្រ័យបណ្ដោះអាសន្ន ស្ថិតនៅភូមិថ្មី(គីរីរម្យ) ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលឪពុកមានមុខរបរជាអ្នកបោចវល្លិ៍ ដកផ្សិត និងស៊ីឈ្នួលប្រក់ដំបូលផ្ទះគេ រីឯម្ដាយ ជាអ្នកលក់ផ្កា និងចាប់ហួយបន្តិចបន្តួចលើភ្នំគីរីរម្យ ហើយប្រាក់ចំណូលទាំង២នាក់ គឺបានតែមួយគ្រប់បង់រំលោះម៉ូតូប្រចាំខែប៉ុណ្ណោះ។.jpg)
ដោយពេញចិត្តចំពោះភាពវ័យឆ្លាត និងវោហាស័ព្ទចាក់ទឹកមិនលិចរបស់កុមារី ស្រីតី សម្ដេចតេជោ បានសម្រេចផ្ដល់ប្រាក់ដុល្លារចំនួន 10,000$ និង ប្រាក់រៀលចំនួន ៣០លានរៀល ដោយដាក់ចូលគណនីធនាគារអោយគ្រួសាររបស់ស្រីតី ដើម្បីជាការជួយសម្រួលដល់ជីវភាពគ្រួសាររបស់នាង។ លើសពីនេះសម្ដេចតេជោ ក៏នឹងផ្ដល់ទឹកប្រាក់ចំនួន១លានរៀលក្នុង១ខែ(រយៈពេល៣ឆ្នាំ) ព្រមទាំងទិញដីសម្រាប់ធ្វើផ្ទះឱ្យ និងដីសម្រាប់ធ្វើចំការដែលនៅខាងក្រោមភ្នំគិរីរម្យជាប់ផ្លូវធំ ដែលអាចប្រកបរបរលក់ចាប់ហួយ និងអាចធ្វើចំការ ចញ្ចឹមសត្វបាន ពិសេសគឺកាន់តែងាយស្រួលសម្រាប់កូនៗទៅសាលារៀនផងដែរ។

មហាជនជាច្រើនបានសម្ដែងក្ដីរំភើប និងរីករាយចំពោះគ្រួសារស្រីតី ដែលទាំងនេះគឺជាកិត្តិយស និងសំណាងដ៏ធំមិនងាយមានអ្នកណាទទួលបានឡើយ ហើយការផ្ដល់ជូនបែបនេះពីសម្ដេចតេជោក៏នឹងផ្លាស់ប្ដូរវាសនារបស់ពួកគាត់ផងដែរ៕










