បរទេស ៖ មានការបែ..កធ្លាយ និងនិយាយដល់ជាបន្តបន្ទាប់ពាក់ព័ន្ធនឹងប្រធានបទ កាបូបប្រណីតរបស់ប្រេនលំដាប់ពិភពលោកជាង 80% គឺផលិតនៅក្នុងប្រទេសចិន ហើយនាំចូលទីកាន់ប្រទេសនៅអឺរ៉ុបដើម្បីវាយស្លាកថាផលិតនៅប្រទេសទាំងនោះ និងដាក់លក់ក្នុងតម្លៃថ្លៃកប់ពពកទៅកាន់អតិថិជន។
.jpg)
នៅលើបណ្ដាញសង្គមTiktokមួយរយៈចុងក្រោយនេះ មានការផ្ទុះខ្លាំងពាក់ព័ន្ធនឹងការចោទប្រកាន់យីហោល្បីៗលំដាប់ពិភពលោកដូចជា Hermes, Chanel, Louis Vuitton និងប្រេនជាច្រើនទៀត ថាបានបោកប្រាស់អតិថិជន ដោយការដាក់លក់កាបូបក្នុងតម្លៃខ្ពស់ខ្លាំង ទាំងដែលជាក់ស្ដែងវត្ថុធាតុដើម និងការផលិតគឺធ្វើនៅក្នុងប្រទេសចិន និងមិនសាកសមនឹងតម្លៃនោះឡើយ។

ការចោទប្រកាន់នេះត្រូវបានធ្វើឡើងបន្ទាប់ពីមានម្ចាស់គណនីTikTok ម្នាក់បានចេញមុខមកអះអាងថា គាត់គឺជាអ្នកធ្វើការនៅក្នងរោងចក្រមួយក្នុងប្រទេសចិន ដែលផលិតនិងតម្លើងកាបូបប្រណីតឲ្យម៉ាកយីហោល្បីៗ និងបញ្ជូនទៅលក់នៅប្រទេសក្នុងប៉ែកអឺរ៉ុបដូចជា អាមេរិក អ៊ីតាលី និងបារាំងជាដើម។

បន្ទាប់មកក៏មានអ្នកចេញមកនិយាយជាបន្តបន្ទាប់ពីរឿងនេះ ដោយលើកឡើហស្រដៀងៗគ្នាថា ៖ ភាគច្រើននៃទំនិញប្រណីតៗរបស់ប្រេនធំៗដែលដាក់លក់នៅតាមបណ្ដារប្រទេសនៅអឺរ៉ុប រួមទាំងសហរដ្ឋអាមេរិក បានតម្លើងស្ទើរួចរាល់នៅក្នុងរោងចក្រប្រទេសចិន បន្ទាប់មកទើបបញ្ជូនចេញទៅប្រទេសទាំងនោះធ្វើការវេចខ្ចប់សារជាថ្មី និងធ្វើការវាយតែមLogoរបស់ពួកគេ។ អ្នកផលិតមាតិកានៅក្នុងTikTok ទាំងនោះថែមទាំងបានណែនាំទៅកាន់អ្នកនិយមទិញកាបូបប្រេនៗទាំងអស់ថា៖ យល់ល្អអ្នកគួរតែស្វែងរកទិញវានៅលើគេហទំព័រទំនិញចិន ឬមកទិញនៅចិនផ្ទាល់តែម្ដងទៅ ព្រោះថាទំនិញទាំងនេះមានការផលិត និងប្រើប្រាស់វត្ថុធាតុដើមដូចគ្នាទេ ខុសគ្នាតែមួយមុខគត់ នោះគឺ “តម្លៃ”។

ក្រោយមកមានមនុស្សជាច្រើន ដែលជាអតិថិជនរបស់ប្រេនល្បីៗទាំងនោះ បានស្នើសុំឲ្យមានការបកស្រាយពីក្រុមហ៊ុនថាតើវាជាការពិតដែរ ឬក៏អត់ ព្រោះថាបើវាជាការពិតនោះ ពួកគេមានការខកចិត្តខ្លាំងណាស់។ ក្នុងន័យនេះ ពួកគេមិនមែនចង់ថាទំនិញដែលផលិតនោប្រទេសចិនមានគុណភាពអន់នោះទេ ប៉ុន្តែគេចង់សំដៅដល់ការដែលប្រើប្រាស់វត្ថុធាតុដើមរបស់ចិនគឺមានតម្លៃសមរម្យ ហើយបើផលិតនៅចិននោះថ្លៃកម្លាំងពលកម្មរបស់កម្មករទាំងនោះ ក៏មិនបានខ្ពស់ដែរ ដូច្នេះប្រសិនបើពួកគេយកមកលក់ដោយដាក់តម្លៃក្នុងកាបូបមួយរាប់ពាន់ រាប់ម៉ឺនដុល្លាបែបនេះវាមិនសមហេតុផលឡើយ។ យ៉ាងណាមិញគេនៅមិនទាន់ឃើញមានប្រេនធំៗណាមួយបានចេញមកបកស្រាយចំពោះការចោទប្រកាន់នេះឡើយទេ ដោយវានៅតែស្ថិតនៅក្នុងមន្ទិលសង្ស័យរបស់មនុស្សជាច្រើនដដែល៕










