រដ្ឋអូហាយ៉ូ ៖ វគ្គបណ្ដុះបណ្ដាលពាក់ព័ន្ធនឹកការគេងឲ្យបានត្រឹមត្រូវមិនមែនអនុវត្តសម្រាប់តែទារកនោះទេ ថ្មីៗនេះនៅរដ្ឋអូហាយ៉ូ នៅតាមសាលារៀនមួយចំនួនបានបន្ថែមម៉ោងថ្មីដែលបង្រៀនសិស្សក្នុងការគេងឲ្យបានលក់ស្កប់ស្កល់ជាមួយនឹងគ្រូជំនាញ ជាពិសេសគេផ្ដោតសំខាន់ទៅលើសិស្សវ័យជំទង់។
វគ្គសិក្សាថ្មីនេះ ត្រូវបានលើកឡើងនៅវិទ្យាល័យ Mansfield Senior High School គឺជាប្រធានបទមួយដែលក្មេងជំទង់ទូទាំងប្រទេសកំពុងមានបញ្ហាជាមួយ “ ការគេង ” ដោយភាគច្រើននៃក្មេងជំទង់ទាំងនោះ មិនអាចចូលគេងដោយងាយៗឡើយ។ សិស្សថ្នាក់ទី៩ម្នាក់បាននិយាយថា ៖ ជារៀងរាល់យប់គេត្រូវការមើលTikTok និងអូសមើលរហូតដល់គេគេងលក់តែម្ដង។ ដោយឡែក មានសិស្សម្នាក់ទៀតលើកឡើងថា៖ នាងតែងតែគេងលក់ខណៈពេលកំពុងជជែកគ្នាលេងជាមួយមិត្តភក្តិនៅក្នុង Group Chat ពេលយប់ជ្រៅ ។
គ្រូបង្រៀនពីសុខភាពនៅ Mansfield លោក Tony Davis ដែលបានដាក់បញ្ចូលកម្មវិធីសិក្សាថ្មីអំពីដំណេកនៅក្នុងថ្នាក់សុខភាពវិទ្យាល័យបាននិយាយថា “វាប្រហែលជាស្ដាប់ទៅរៀងចម្លែកបន្តិចក្នុងការនិយាយថាក្មេងៗនៅវិទ្យាល័យត្រូវតែរៀនជំនាញក្នុងការគេង ប៉ុន្តែអ្នកនឹងភ្ញាក់ផ្អើលបន្ទាប់ពីដឹងថាមានមនុស្សប៉ុន្មាននាក់ដែលមិនដឹងថាត្រូវគេងយ៉ាងម៉េច”។.jpg)
សាស្ត្រាចារ្យជាន់ខ្ពស់នៅសាលា Stanford Graduate School of Education និងអ្នកជំនាញជាច្រើន បានណែនាំទៅកាន់អាណាព្យាបាលអំពីសារៈសំខាន់នៃការគេងបានគ្រប់គ្រាន់របស់ក្មេងជំទង់។ ការគេងគឺទាក់ទងដោយផ្ទាល់ជាមួយសុខភាពផ្លូវចិត្ត ដោយក្មេងជំទង់ត្រូវការការគេងពី 8 ទៅ 10 ម៉ោងជារៀងរាល់យប់សម្រាប់ខួរក្បាល និងរាងកាយដែលកំពុងលូតលាស់របស់ពួកគេ ប៉ុន្តែស្ទើរតែ 80% នៃក្មេងជំទង់ទាំងនោះគឺគេងបានតិចជាងនេះ។
ការស្រាវជ្រាវបង្ហាញថា ការគេងមិនគ្រប់គ្រាន់ផ្សាភ្ជាប់ដោយផ្ទាល់ជាមួយអារម្មណ៍ សុខភាព និងស្មារតីផ្លូវចិត្ត។ បច្ចុប្បន្នក្មេងៗវ័យជំទង់ជាច្រើនកំពុងជួបប្រទះនឹងការធ្លាក់ទឹកចិត្ត ការថប់បារម្ភ និងការគិតច្រើន និងចង់ធ្វើអ..ត្តឃា..ត។ ដែលកត្តាទាំងអស់នេះអាចបណ្ដាលមកពីការរីកចម្រើននៃបច្ចេកវិទ្យា កម្សោយក្នុងការគ្រប់គ្រងរបស់ឪពុកម្ដាយ រួមទាំងកត្តាសង្គមមួយចំនួនទៀត។.jpg)
មូលហេតុទាំងនេះហើយ ទើបធ្វើឲ្យតាមបណ្ដារសាលារៀនមួយចំនួន ជាពិសេសក្នុងរដ្ឋOhio សហរដ្ឋអាមេរិក សម្រេចបន្ថែមម៉ោងសិក្សាថ្មីនេះ ដើម្បីឲ្យកុមារយល់ដឹងពីសារសំខាន់ក្នុងការគេង របៀបចូលគេងឲ្យបានត្រឹមត្រូវ។ ក្រៅពីរដ្ឋOhio ក៏មានសាលានៅរដ្ឋផ្សេងទៀតដូចជា Mennesota ក៏កំពុងសាកល្បងកម្មវិធីសិក្សាថ្មីនេះ ដើម្បីជួយសិស្សឲ្យបានសម្រាកគ្រប់គ្រាន់ កាត់បន្ថយអវត្តមាន សិស្សមានស្មារតីរឹងមាំ និងបង្កើនលទ្ធផលសិក្សា៕










