បន្ទាប់ពីចេញស្នាដៃបទចម្រៀងអមជាមួយនឹងការលើកស្ទួយវប្បធម៌ខ្មែរប៉ុន្តែសន្ទុះនូវការគាំទ្រហាក់នៅមិនទាន់ខ្លាំងចាញ់ការបង្ហោះអ្វីផ្សេងតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត បានចោទសួរអ្នកស្រលាញ់វប្បធម៌ខ្មែរបាត់ទៅណាហើយ។ ឃើញមានការបង្ហោះសំណេរនេះ ចំប៉ីខ្មៅ បានចូលខម្មិនថាតារាចម្រៀងរូបនេះផុសអត់មើលពេលវេលាហើយវប្បធម៌ដូចជាមិនបាត់ទៅណានោះទេ ខណៈលោកឧកញ៉ាក៏បានលើកឡើងថា views បញ្ជាក់ពីការស្រលាញ់និងគាំទ្រវប្បធម៌។ 
នៅថ្ងៃទី២៦ មេសា តារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត បានបង្ហោះសំណេរមួយនៅលើបណ្តាញសង្គមថា «តើអ្នកស្រឡាញ់វប្បធម៌បាត់ទៅណាអស់ហើយព្រោះពេលដែលខ្ញុំផុសអ្វីពាក់ព័ន្ធនឹងវប្បធម៌ ២៤ ម៉ោងរកតែ ១០០k មិនឃើញផង បើខ្ញុំផុសអ្វីផ្សេងពីវប្បធម៌ ២៤ម៉ោង ២M ???»។ មុននឹងការបង្ហោះសំណេរនេះគេបានឃើញឧកញ៉ា ខេមរៈ សិរីមន្ត បានបង្ហោះ កម្រងរូបភាព វីដេអូព្រឹត្តិការណ៍ក្បួនដង្ហែ «ព្រះមហាក្សត្រនាសម័យបុរាណ» ក្នុងព្រឹត្តិការណ៍ស្នាមញញឹមកម្ពុជាកាលពីកន្លងមកនេះអមដោយបទចម្រៀង «ស្រលាញ់អ្វីដែលខ្មែរមាន» ដែលមានលោកជាអ្នកច្រៀង។ 
ការត្អូញត្អែរពីសំណាកតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត បង្ហោះពីវប្បធម៌ខ្មែរមិនមានការទស្សនាច្រើននេះហើយសួររកអ្នកស្រលាញ់វប្បធម៌ខ្មែរ ចំប៉ីខ្មៅ ក៏បានចូលទៅខម្មិនផងដែរ។ ចំប៉ីខ្មៅ បានខម្មិនថា «បងឧកញ៉ា ផុស អត់មើលពេលវេលា គ្មានអ្នកណា អង្គុយតែស្រឡាញ់វប្បធម៌រហូតទេ គេក៏ត្រូវការរកស៊ីមើលអីផ្សេង វប្បធម៌ ដូចជាអត់ឃើញមានបាត់ទៅណាផង នៅហ្នឹងដដែលទេ»។
.png)
ការចូលបញ្ចេញមតិយោបល់ពីសំណាក ចំប៉ីខ្មៅ នេះឧកញ៉ា ខេមរៈ សិរីមន្ត បានចូលទៅឆ្លើយតបវិញថា «អរគុណប្អូនសម្លាញ់ ដើម្បីវប្បធម៌និងទេសចរណ៍គ្មានអ្នកណាកំណត់ពេលវេលាទេប្អូន យើងប្រឹងធ្វើជាប្រចាំ ដើម្បីផ្សព្វផ្សាយវប្បធម៌ដ៏ផូរផង់របស់យើងទៅកាន់អន្តរជាតិណាប្អូនប្រុស»។
ជាមួយនឹងការឆ្លើយតបនេះ ចំប៉ីខ្មៅ បានបន្តការខម្មិនថា «ដើម្បីវប្បធម៌កុំទាមទារ view តែដើម្បីខ្លួនឯងទាមទារទៅមិនខុសទេ ហ៊ា»។ ការខម្មិននេះឧកញ៉ា ខេមរៈ សិរីមន្ត បានតបទៅកាន់ ចំប៉ីខ្មៅ វិញថា « view បញ្ជាក់ពីការស្រឡាញ់និងគាំទ្រវប្បធម៌ណាប្អូនសម្លាញ់»។ ខណៈចំប៉ីខ្មៅ ចោទសួរវិញថា «view បញ្ជាក់ពីការស្រឡាញ់និងគាំទ្រវប្បធម៌ណាប្អូនសម្លាញ់។ ចុះវប្បធម៌ហ្នឹងគឺជាអ្វី ហ៊ា ?»៕










