នៅល្ងាចថ្ងៃទី២៤ ខែមេសា តារាចម្រៀង ជី ដេវិត បានដឹកដៃ ទេព បូព្រឹក្ស និងកូនប្រុសជាទីស្រលាញ់ចូលរួមពិធីមង្គលការឪពុកបង្កើតរបស់លោកប្រកបដោយភាពរីករាយ។ ជាមួយគ្នានេះ ជី ដេវិត ក៏បានឡើងឆាកជូនពរឪពុកជាមួយនឹងភរិយាថ្មីផងដែរ។
តាមរយៈវីដេអូដែលបង្ហោះដោយ ចែតាបារាំង ជី ដេវិត បាននិយាយថា លោកជាកូនប្រុសម្នាក់ដែលមានមោទនភាព ហើយជាកូនប្រុសម្នាក់ដែលឱ្យគាត់មានមោទនភាពដូចគ្នា។ ជាមួយនឹងថ្ងៃឪពុកទទួលបានគូជីវិត ជី ដេវិត បាននិយាយលេងសើចថាការបានឪពុកលោកជាគូជីវិតមិនថាសំណាងឬកម្មនោះទេ។ តារាចម្រៀងរូបនេះបាននិយាយថាក្នុងតួនាទីកូនអាចទំនុកបម្រុងជាថវិកា ការនឹករម្លឹកប៉ុន្តែមិនមែនជាការជិតស្និទ្ធឬមើលថែយកចិត្តទុកដាក់គាត់។
ជី ដេវិត បាននិយាយដែរថាឪពុកលោកក៏បានសួរយោបល់ទាក់ទងនឹងការរៀបការថ្មីនេះលោកបានឆ្លើយតបថាគឺជាការសម្រេចចិត្តរបស់ឪពុក ហើយអ្វីដែលលោកសង្ឃឹមពេលដែលគាត់ចាស់ទៅពីរនាក់គាត់អាចមើលថែគ្នា។ លោកក៏បានកោតសរសើរឪពុកជាទីស្រលាញ់ដែរថាជាបុរសដែលមានទំនួលខុសត្រូវផ្តល់ភាពពេញមុខពេញមាត់និងបានជូនពរឪពុកជាមួយនឹងភរិយាថ្មីមានសុខភាពល្អ មានសុភមង្គល។
តាមរយៈសកម្មភាពកន្លងមកឪពុកតារាចម្រៀង ជី ដេវិត គឺតែងតែជាបុគ្គលសំខាន់ម្នាក់គាំទ្រចាំផ្តល់កម្លាំងចិត្តឱ្យកូនប្រុសក្នុងអាជីពសិល្បៈហើយជារឿយៗតែងមានវត្តមាននៅក្នុងការប្រគំតន្រ្តីឬកម្មវិធីផ្សេងៗរបស់កូនប្រុស។

គួរបញ្ជាក់ផងដែរថា តារាចម្រៀង ជី ដេវិត និង ទេព បូព្រឹក្ស ក៏នឹងដឹកដៃគ្នាចូលរោងជ័យនាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះផងដែរ៕










