ប្រទេសចិន ៖ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា វាជាដំណឹងល្អសម្រាប់ពិភពលោក គឺចិនយល់ព្រមចរចាពាណិជ្ជកម្មជាមួយអាមេរិក ក្រោយពីប្រធានាធិបតីអាមេរិក លោក Donald Trump ចង់កាត់បន្ថយពន្ធទំនិញចិនមកនៅកម្រិតទាប ខណៈលោក Trump បានដំឡើងពន្ធទំនិញចិនជាច្រើនប្រភេទ រហូតដល់១៤៥% ក្នុងរយៈពេលដ៏ខ្លី ។

លោក Trump យល់ឃើញថា ការដំឡើងពន្ធទំនិញចិនខ្ពស់នឹងផ្តល់ភាពយុត្តិធម៌សម្រាប់ពាណិជ្ជកម្មអាមេរិក ប៉ុន្តែពេលចិនដំឡើងពន្ធទំនិញអាមេរិកវិញ ស្មើ១២៥% វាធ្វើឱ្យមានសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរ និងប៉ះពាល់ដល់ប្រទេសផ្សេងៗ ។ បើតាមមន្ត្រីនាំពាក្យក្រសួងការបរទេសចិន គឺកាលពីថ្ងៃទី២៣ ខែមេសា រដ្ឋាភិបាលក្រុងប៉េកាំងបញ្ជាក់ថា ចិននឹងបើកទ្វារចរចាពាណិជ្ជកម្មជាមួយអាមេរិក ហើយគ្មានប្រទេសណាឈ្នះក្នុងសង្គ្រាមពាណិជ្ជកម្ម ឬឈ្នះក្នុងការដំឡើងពន្ធទំនិញទេ ។
ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បាននិយាយកាលពីថ្ងៃទី២៣ ខែមេសា ថា សង្គ្រាមពាណិជ្ជកម្មបានបំផ្លាញសិទ្ធិស្របច្បាប់ និងផលប្រយោជន៍គ្រប់ប្រទេស ។ វាបំផ្លាញប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក ។.png)
រដ្ឋាភិបាលក្រុងប៉េកាំងយល់ព្រមចរចាជាមួយអាមេរិក ក្រោយពីលោក Trump ទទួលស្គាល់ថា លោកបានដំឡើងពន្ធទំនិញចិនខ្ពស់រហូតដល់១៤៥% ហើយលោកនឹងកាត់បន្ថយពន្ធទំនិញចិនមកនៅកម្រិតទាប ប៉ុន្តែមិនមែនកាត់បន្ថយពន្ធរហូតដល់សូន្យភាគរយទេ ។ អាមេរិកត្រូវតែធ្វើកិច្ចព្រមព្រៀងជាមួយចិន បើមិនដូច្នោះទេ អាមេរិកពុំអាចលក់ទំនិញបានទេ អាមេរិកចង់ឱ្យចិនចូលរួមចំណែក ហើយប្រទេសផ្សេងៗក៏ត្រូវធ្វើកិច្ចព្រមព្រៀងដែរ បើពួកគេមិនធ្វើ អាមេរិកនឹងធ្វើកិច្ចព្រមព្រៀងខ្លួនឯង ។.png)
មន្ត្រីផ្នែកទំនាក់ទំនងប្រចាំសេតវិមាន លោកស្រី Karoline Leavitt បាននិយាយមកកាន់ប្រព័ន្ធផ្សព្វផ្សាយថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនធ្វើបានល្អខ្លាំងណាស់ ក្នុងការធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន ខណៈបច្ចុប្បន្ន ប្រទេសនានារកវិធានការទប់ទល់ជាមួយការដំឡើងពន្ធទំនិញរបស់លោក Trump ។
បើតាមសេចក្តីរាយការណ៍ គឺរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានជជែកតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអង់គ្លេស និងអូទ្រីស កាលពីថ្ងៃទី២២ ខែមេសា ដើម្បីអំពាវនាវឱ្យអង់គ្លេស និងសហភាពអឺរ៉ុបសហការជាមួយចិន ការពារពាណិជ្ជកម្មអន្តរជាតិ ។ ក្រៅពីនេះ លោក Ryosei Akazawa មន្ត្រីចរចាពន្ធរបស់ជប៉ុន នឹងធ្វើដំណើរមកទីក្រុងវ៉ាស៊ីនតោនម្តងទៀតនាចុងខែមេសា ដើម្បីចរចាពាណិជ្ជកម្មជាមួយលោក Trump ៕










