ប្រទេសចិន ៖ ស្របពេលមានសង្គ្រាមពាណិជ្ជកម្មកើតឡើងរវាងចិន និងអាមេរិក ដែលប្រទេសទាំងពីរមានសេដ្ឋកិច្ចរីកចម្រើនបំផុតលើពិភពលោក ធ្វើឱ្យភាពតានតឹងចាប់ផ្តើមរាលដាលទៅប្រទេសផ្សេងៗ ។ ចិនប្រកាសថា នឹងចាត់វិធានការឆ្លើយតបទៅប្រទេសណាក៏ដោយដែលសហការពាណិជ្ជកម្មជាមួយអាមេរិក និងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ចិន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ។

ការប្រកាសចាត់វិធានការឆ្លើយតបប្រទេសនានាដែលសហការជាមួយអាមេរិក ស្របពេលប្រធានាធិបតីអាមេរិក លោក Donald Trump មានគម្រោងចរចាពីពន្ធទំនិញដើម្បីដាក់សម្ពាធប្រទេសជាមិត្តរបស់អាមេរិកឱ្យកាត់បន្ថយទំនាក់ទំនងពាណិជ្ជកម្មជាមួយចិន ។ នាពេលថ្មីៗនេះ លោក Trump បានផ្អាកការដំឡើងពន្ធទំនិញប្រទេសផ្សេងៗ ចំនួន៩០ថ្ងៃ ប៉ុន្តែលោកបែរជាដំឡើងពន្ធទំនិញចិន រហូតដល់១៤៥% ។
.jpg)
មន្ត្រីក្រសួងពាណិជ្ជកម្មចិនឱ្យដឹងថា ៖ «ចិនប្រឆាំងយ៉ាងដាច់ខាតចំពោះការចុះកិច្ចព្រមព្រៀងណាមួយដែលល្មើសនឹងផលប្រយោជន៍ចិន បើមានការចុះកិច្ចព្រមព្រៀងក្នុងលក្ខណៈបែបនេះ ចិននឹងពុំយល់ព្រមឡើយ ហើយចិននឹងចាត់វិធានការឆ្លើយតបភ្លាមៗយ៉ាងស័ក្តិសម» ។
ចិនថែមទាំងដាស់តឿនថា ការធ្វើពាណិជ្ជកម្មអន្តរជាតិអនុវត្តតាមច្បាប់ព្រៃ នឹងធ្វើឱ្យមានគ្រោះថ្នាក់ដល់ប្រទេសនានា ប៉ុន្តែចិនរីករាយសហការជាមួយប្រទេសទាំងអស់ដើម្បីរក្សាភាពយុត្តិធម៌ផ្នែកពាណិជ្ជកម្ម ។ ក្រៅពីនេះ ចិនបានចោទប្រកាន់អាមេរិកប្រើប្រាស់គោលនយោបាយរបាំងពាណិជ្ជកម្ម និងប្រើអំណាចតែម្ខាង ។ នៅខែមេសានេះ ចិនបានដំឡើងពន្ធទំនិញអាមេរិកវិញរហូតដល់១២៥% ព្រមទាំងរឹតបន្តឹងការនាំចេញរ៉ែសំខាន់ៗ និងចុះបញ្ជីខ្មៅក្រុមហ៊ុនអាមេរិកជាច្រើន មិនអនុញ្ញាតឱ្យធ្វើអាជីវកម្មជាមួយក្រុមហ៊ុនចិន ។
បើតាមការសន្និដ្ឋានរបស់អ្នកវិភាគ គឺចិន និងអាមេរិក ពុំអាចចរចាពាណិជ្ជកម្មជាមួយគ្នានាពេលឆាប់ៗទេ ទោះជាលោក Trump បានថ្លែងកាលពីថ្ងៃទី១៧ ខែមេសា ថា អាមេរិកអាចធ្វើកិច្ចព្រមព្រៀងជាមួយចិន នៅ៣សប្តាហ៍ ទៅ៤សប្តាហ៍ខាងមុខក្តី ។
កាលពីសប្តាហ៍ទី៣ ខែមេសា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានធ្វើដំណើរមកប្រទេសមួយចំនួន ដូចជា ៖ វៀតណាម និងម៉ាឡេស៊ី ដែលជាការធ្វើដំណើរទៅក្រៅប្រទេសលើកដំបូងក្នុងឆ្នាំ២០២៥ ។ ក្នុងសេចក្តីថ្លែងការណ៍ជាផ្លូវការ លោក ស៊ី បានអំពាវនាវឱ្យប្រទេសទាំងនេះរួមគ្នាប្រឆាំងនឹងការដាក់ពន្ធទំនិញ និងការប្រើអំណាចឯកតោភាគីរបស់អាមេរិក ។
.png)
ក្រោយពីលោក Trump ដំឡើងពន្ធទំនិញចិន គឺចិនបានធ្វើពាណិជ្ជកម្មជាមួយបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ច្រើនជាងមុន រហូតដល់បច្ចុប្បន្ន តំបន់នេះបានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ចិន ខណៈអាមេរិកនៅតែជាដៃគូពាណិជ្ជកម្មធំតែមួយគត់របស់ចិន ។ ចិនបានផ្លាស់ប្តូរនាយកចរចាពាណិជ្ជកម្មបរទេសរបស់ខ្លួន ដោយតែងតាំងលោក Li Chenggang ជាឯកអគ្គរដ្ឋទូតចិនប្រចាំអង្គការពាណិជ្ជកម្មពិភពលោក (WTO) ឡើងជាអនុរដ្ឋមន្ត្រី ហើយចិនបានប្តឹងអាមេរិកទៅអង្គការ WTO ករណីដំឡើងពន្ធទំនិញចិនផងដែរ ៕










