ព្រះនាងនរោត្តម ជេនណា បានបង្ហាញអារម្មណ៍រីករាយឥឧបមាជាអនុស្សាវរីយ៍ប្រវត្តិសាស្ត្រក្នុងឆាកជីវិតក្រោយពីក្លាយជាអ្នកជូនភួងមាលាដល់លោក ស៊ី ជីងពីង ប្រធានាធិបតីសាធារណៈរដ្ឋប្រជាមានិតចិនក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជា។
នៅយប់ថ្ងៃទី១៧ ខែមេសា ព្រះនាង ជេនណា បានថ្លែងនៅលើបណ្តាញសង្គមរបស់ទ្រង់ថាក្នុងការជាអ្នកជូនភួងមាលាដល់លោក ស៊ី ជីងពីង ប្រធានាធិបតីចិនជាអនុស្សាវរីយ៍ជាប្រវត្តិសាស្រ្តក្នុងឆាកជីវិតរបស់ទ្រង់ហើយព្រះនាងរំភើបរកអ្វីប្រៀបផ្ទឹមពុំបាន។ ជាមួយតួនាទីនេះព្រះនាងបានក្រាបអរព្រះរាជគុណដល់ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងហ្លួងយាយទួតដែលស្ដេចទាំងទ្វេសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានត្រាស់បង្គាប់ផ្តល់តួនាទីនេះដល់ទ្រង់
ព្រះនាងមានព្រះបន្ទូលទៀតថា ក្នុងតួនាទីជាអ្នកជូនភួងមាលាដល់លោក ស៊ី ជីងពីង ប្រធានាធិបតីសាធារណៈរដ្ឋប្រជាមានិតចិន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ជារឿងរ៉ាវដ៏ពិសេសបំផុតក្នុងឆាកជីវិតពោរពេញដោយសេចក្ដីរំភើបយ៉ាងខ្លាំងរកទីបំផុតគ្មាន ដែលអាចរាប់ថាជាអនុស្សាវរីយ៍ប្រវត្តិសាស្រ្តដ៏ល្អប្រចាំជីវិតរបស់ព្រះនាង ជេនណា។

លើសពីនេះទៅទៀត ព្រះនាង បានក្រាបបង្គំថ្វាយព្រះពរ ព្រះករុណាហ្លួងតា និងហ្លួងយាយទួត សូមទេវតាថែរក្សាព្រះមហាស្វេត្រឆ័ត្រ ព្រះបារមីវត្ថុសក្តិសិទ្ធិនានាក្នុងលោក ព្រមទាំងទេវតារក្សាឆ្នាំថ្មី ប្រទានព្រះពរជ័យសព្វសាធុការ ថ្វាយព្រះអង្គទាំងទ្វេ សូមស្តេចប្រកបដោយព្រះបរមសុខគ្រប់ប្រការ មានព្រះរាជសុខភាពល្អ គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់នៃប្រជារាស្រ្តទូទាំងព្រះនគរ។ ក្នុងនោះព្រះនាង ជេនណា ក៏បានជូនពរ លោកប្រធានាធិបតី មានសេចក្តីរីករាយក្នុងដំណើរទស្សនកិច្ចមកកម្ពុជា និងចងចាំក្តីស្រលាញ់រវាងជាតិសាសន៍ទាំងពីរ។
គួរបញ្ជាក់ផងដែរថា ក្នុងដំណើរនៃការចុះមកធ្វើទស្សនកិច្ចផ្លូវរដ្ឋមកកាន់កម្ពុជា របស់ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនលោក ស៊ី ជីនពីន រយៈពេល២ថ្ងៃ(១៧-១៨) បានចុះហត្ថលេខាទ្វេរភាគីជាមួយកម្ពុជាលើឯកសារចំនួន៣៧ច្បាប់ ពាក់ព័ន្ធនឹងការជំរុញឱ្យមានសន្ទុះឡើងក្នុងវិស័យជាច្រើននៅកម្ពុជា៕










