ប្រទេសសិង្ហបុរី ៖ ភ្នាក់ងារវាយតម្លៃអាកាសចរណ៍ (Skytrax) បានចាត់ចំណាត់ថ្នាក់អាកាសយានដ្ឋាន Changi នៅប្រទេសសិង្ហបុរី គឺជាអាកាសយានដ្ឋានល្អបំផុតលើពិភពលោក នៅឆ្នាំ២០២៥ និងឈ្នះអាកាសយានដ្ឋាន Doha នៅប្រទេស Qatar ដែលបានជាប់ចំណាត់ថ្នាក់ទី១ កាលពីឆ្នាំ២០២៤ ។ រីឯអាកាសយានដ្ឋាននៅប្រទេសថៃ ជាប់ចំណាត់ថ្នាក់ទី៣៩ នៅឆ្នាំនេះ ឡើងពីចំណាត់ថ្នាក់ទី៦១ នៅឆ្នាំ២០២៤ ។

អាកាសយានដ្ឋាន Changi របស់សិង្ហបុរី បានជាប់ចំណាត់ថ្នាក់១ ជាអាកាសយានដ្ឋានល្ពបំផុតលើពិភពលោក លើកទី១៣ ពីភ្នាក់ងារវាយតម្លៃអាកាសចរណ៍ (Skytrax) ។ ក្រៅពីនេះ Skytrax បានចាត់ទុកអាកាសយានដ្ឋាន Changi គឺជាឋានសួគ៌ម្ហូបអាហារ ព្រមទាំងឈ្នះពានរង្វាន់ «អាកាសយានដ្ឋានមានអាហារឆ្ងាញ់បំផុតលើពិភពលោក», «អាកាសយានដ្ឋានមានបន្ទប់ទឹកស្អាតបំផុតលើពិភពលោក» និង «អាកាសយានដ្ឋានល្អបំផុតនៅអាស៊ី» ពីការប្រកួត World Airport Awards ដែលរៀបចំនៅទីក្រុង Madrid ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ។
តាមលទ្ធផលការស្ទង់មតិអ្នកដំណើរក្នុងអាកាសយានដ្ឋាន ចំនួន៥៦៥កន្លែង នៅទូទាំងពិភពលោក របស់ Skytrax បង្ហាញថា អាកាសយានដ្ឋានល្អបំផុតជាប់ចំណាត់ថ្នាក់ទី២ បានទៅអាកាសយានដ្ឋាន Hamad នៅប្រទេស Qatar ដោយសារអាកាសយានដ្ឋាននេះតុបតែងលម្អដោយរូបភាពសិល្បៈ និងស្ថាបត្យកម្មដ៏អស្ចារ្យនៅប្រទេស Qatar ។ ក្រៅពីនេះ អាកាសយានដ្ឋាន Hamad ទទួលបានពានរង្វាន់ «អាកាសយានដ្ឋានមានកន្លែងទិញទំនិញល្អបំផុត» និង «អាកាសយានដ្ឋានល្អបំផុតនៅមជ្ឈិមបូព៌ា» ។.png)
អាកាសយានដ្ឋានជាច្រើននៅតំបន់អាស៊ី ក៏បានជាប់ចំណាត់ថ្នាក់ដែរ ដែលបង្ហាញឱ្យឃើញថា តំបន់នេះនៅតែនាំមុខអាមេរិកខាងជើង និងអឺរ៉ុប ទាក់ទងនឹងគុណភាពអាកាសយានដ្ឋាន ។ រីឯចំណាត់ថ្នាក់ទី៣ បានទៅអាកាសយានដ្ឋាន Tokyo Haneda របស់ជប៉ុន ហើយអាកាសយានដ្ឋាននេះទទួលបានពានរង្វាន់ «អាកាសយានដ្ឋានមានអនាម័យបំផុតលើពិភពលោក» ។ អាកាសយានដ្ឋាន Incheon នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង បានជាប់ចំណាត់ថ្នាក់ទី៤ និងទទួលបានពានរង្វាន់ «ភ្នាក់ងារក្នុងអាកាសយានដ្ឋានធ្វើការល្អបំផុត» ។.png)
ចំណែកអាកាសយានដ្ឋាននៅអឺរ៉ុបដែលបានជាប់ចំណាត់ថ្នាក់ក្នុងបញ្ជីអាកាសយានដ្ឋានចំនួន២០ រួមមាន ៖ អាកាសយានដ្ឋាន Paris Charles de Gaulle ជាប់ចំណាត់ថ្នាក់ទី៧ និងទទួលបានពានរង្វាន់ «អាកាសយានដ្ឋានល្អបំផុតនៅអឺរ៉ុប» អស់រយៈពេល៣ឆ្នាំជាប់ៗគ្នា ខណៈអាកាសយានដ្ឋាន Rome Fiumicino ជាប់ចំណាត់ថ្នាក់ទី៨ ។
នេះជាចំណាត់ថ្នាក់អាកាសយានដ្ឋានល្អបំផុតលើពិភពលោក នៅឆ្នាំ២០២៥ ចំនួន២០ ៖
1. Singapore Changi Airport
2. Hamad International Airport
3. Tokyo Haneda Airport
4. Incheon International Airport
5. Narita International Airport
6. Hong Kong International Airport
7. Paris Charles de Gaulle Airport
8. Rome Fiumicino Airport
9. Munich Airport
10. Zurich Airport
11. Dubai International Airport
12. Helsinki-Vantaa Airport
13. Vancouver International Airport
14. Istanbul Airport
15. Vienna International Airport
16. Melbourne Airport
17. Chubu Centrair International Airport
18. Copenhagen Airport
19. Amsterdam Schiphol Airport និង
20. Bahrain International Airport ៕










