នេះជាឱកាសដែលអ្នកស្រលាញ់ និងចូលចិត្តទស្សនាបាតុភូតតារាសាស្រ្តមិនគួររំលងឡើយ ដោយនៅក្នុងខែមេសា ឆ្នាំ២០២៥នេះ នៅក្នុងលំហរ ឬនៅលើផ្ទៃមេឃនឹងផ្ដល់អោយឃើញនូវទិដ្ឋភាពនៃតារាសាស្រ្តកម្រៗ និងអស្ចារ្យ ដែលអាចឲ្យយើងមើលពីភពផែនដីនេះទៅបាន។ តើនឹងមានព្រឹត្តិការណ៍អ្វីខ្លះកើតឡើង?
១. ព្រះចន្ទពេញវង់ Full Pink Moon នឹងកើតមាននៅថ្ងៃទី១២ ខែមេសា ពេលវេលាដែលគេអាចមើលឃើញវាគឺនៅចន្លោះចាប់ពីម៉ោង ៧:២២នាទីព្រឹក (ម៉ោងក្នុងតំបន់ឥណ្ឌូចិន)។ យ៉ាងណាមិញ បើទោះជាវាមានឈ្មោះថា Pink Moon ប៉ុន្តែជាក់ស្ដែងវាមិនមានពណ៌ផ្កាឈូកនោះទេ វាត្រូវបានគេដាក់ឈ្មោះតាមផ្កាព្រៃម្យ៉ាងដែលរីកនៅរដូវនិទាឃរដូវភាគខាងជើងនៃប្រទេសអាមេរិក។ Full Pink Moon គឺជាព្រះចន្ទពេញវង្សលើកដំបូងបន្ទាប់ពីមានព្រឹត្តិការណ៍ “សមរាត្រី” ឬ Equinox ។
២. ភ្លៀងអាចម៍ផ្កាយ ត្រូវបានគេព្យាករណ៍ថានឹងកើតមានចន្លោះថ្ងៃ ២១ – ២២ ខែមេសា ដោយ Lyrid ជាច្រើន។ Lyrid គឺអាចម៍ផ្កាយដែលមានពន្លឺភ្លឺល្អ អ្នកនឹងអាចមើលឃើញវាច្បាស់ប្រសិនបើបរិយាកាសមេខស្រឡះល្អ។ គួរបញ្ជាក់ថា “ភ្លៀងអាចម៍ផ្កាយ” ប៉ុន្តែតាមពិតវាមែនធ្លាក់មកលើដី និងប៉ះលើស្បែកយើងឡើយ ពោលគឺគ្រាន់តែបង្ហាញខ្លួនឲ្យឃើញហោះធ្លាក់ចុះមកដូចជាភ្លៀងអញ្ចឹង។

៣. ភពសុក្រមានពន្លឺខ្លាំង ៖ ភពសុក្រនឹងក្លាយជាភពដែលស្រួលមើលបំផុតក្នុងចំណោមភពផ្សេងៗនៅលើផ្ទៃមេឃចាប់ពីថ្ងៃទី២៤ ខែមេសានេះតទៅ។ ប្រសិនបើចង់មើលឃើញវាច្បាស់ អ្នកត្រូវរង់ចាំមើលនៅទិសខាងលិចនៃផ្ទៃមេឃបន្ទាប់ពីថ្ងៃលិច។
.png)
៤. វត្ថុអវកាស ៣នឹងបង្ហាញខ្លួនក្បែរគ្នា ៖ បាតុភូតនេះត្រូវបានហៅថា Triple Conjunction ដែលនឹងកើតមាននៅថ្ងៃទី ២៥ ខែមេសា ដោយព្រះចន្ទមានដំណើររះទន្ទឹមនឹង Celestial Bodies ដែលអាចជាផ្កាយ, ជាភព ឬអាចមន៍ផ្កាយ បង្ហាញខ្លួនជិតគ្នាបំផុត ហើយប្រសិនបើចង់ទស្សនាឃើញច្បាស់ ត្រូវរកទីតាំងណាដែលចៀសឆ្ងាយពីពន្លឺទីក្រុង និងមានធាតុអាកាសស្ងប់ស្ងាត់ល្អ។

៥. ភពចំនួន៤ និងបង្ហាញខ្លួន៖ នៅថ្ងៃទី២៩ ខែមេសា ភពសុក្រ ភពសៅរ ភពណិបទូន និងភពពុធ នឹងបង្ហាញខ្លួនស្របគន្លងគ្នានៅលើផ្ទៃមេឃ។ ពេលវេលាដែលល្អបំផុតសម្រាប់មើលឃើញបាតុភូតនេះ គឺនៅម៉ោង៤:៣០នាទី ទៅម៉ោង ៥:៣០នាទីទៀបភ្លឺ។
.png)
សម្រាប់ទិដ្ឋភាពតារាសាស្រ្តដែលនឹងកើតមានទាំងអស់នៅខាងលើនេះ លោកអ្នកអាចមើលឃើញវាដោយភ្នែកទទេរបាន ប៉ុន្តែប្រសិនចង់ឃើញច្បាស់ និងចង់ឃើញពីភាពស្រស់ស្អាតខ្លាំងនោះ អ្នកគួរប្រើប្រាស់ឧបករណ៍មួយចំនួនដូចជា Telescope, Stellarium ឬ Binocular ដើម្បីជំនួយបន្ថែមបាន៕










