ថ្មីៗនេះ ករណីម្ចាស់បំណុល ត្រូវជាប់ពន្ធធនាគារ ក្រោយពីទារលុយកូនបំណុល បានក្លាយជាប្រធានបទដ៏ក្តៅនៅលើបណ្តាញសង្គម ខណៈមហាជនហាក់សម្តែងការមិនយល់ពីនីតិវីធីរបស់តុលាការរខេត្តសៀមរាប។
ជុំវិញករណីនេះ សាលាដំបូងខេត្តសៀមរាប បានចេញសេចក្តីប្រកាស ដោយអះអាងពីភាពត្រឹមត្រូវរបស់ខ្លួនក្នុងការអនុវត្តច្បាប់ដាក់ម្ចាស់បំណុលក្នុងពន្ធនាគារ។
នៅក្នុងសេចក្តីប្រកាសរបស់សាលាដំបូងខេត្តសៀមរាប បានលើកឡើងថា៖ “ឈ្មោះ ចិន ស្រីដា ដែលជាម្ចាស់បំណុលបានគេចវេស មិនសហការ និងមិនដែលចូលខ្លួនតាមការកោះហៅឡើយ”។
បន្ថែមពីនេះ តុលាការក៏បានពិនិត្យភស្តុតាងឃើញថា៖” ម្ចាស់បំណុល បានធ្វើដាក់កូនបំណុលមានធាតុផ្សំបទល្មើសគ្រប់គ្រាន់ជាបទគំរាមកំហែងហែកកេរ្តិ៍ ទើបសម្រេចចិត្តដាក់ពន្ធនាគារ២ឆ្នាំ ពិន័យ៤លាន និងបង្គាប់ឱ្យសមត្ថកិច្ចចាប់ខ្លួនមកផ្ដន្ទាទោស”។
សាលាដំបូងខេត្តសៀមរាប សង្កត់ធ្ងន់ថា៖”ការទាមទារប្រាក់ពីកូនបំណុល គឺជាសិទ្ធិរបស់ម្ចាស់បំណុល ប៉ុន្តែ ម្ចាស់បំណុលត្រូវប្រើសិទ្ធិទាមទារនេះ ក្នុងព្រំដែនដែលច្បាប់អនុញ្ញាត កុំឱ្យបំពានលើសិទ្ធិរបស់អ្នកដទៃ”៕










