ប្រទេសថៃ ៖ សាស្ត្រាចារ្យសាកលវិទ្យាល័យជលផល លោក ថនថាំរ៉ុង ណាវ៉ាសាវ៉ាត បានបង្ហាញរូបភាពបាតុភូតចម្លែកមួយកើតឡើងពេលប្រទេសថៃរញ្ជួយដី គឺហ្វូងត្រីរាប់រយក្បាលនៅកោះ Similan ខេត្តផាំងង៉ា បានដេកស្ងៀមជិតៗគ្នានៅបាតសមុទ្រ ។ លោកក៏បានបកស្រាយចម្ងល់ទៅកាន់ពលរដ្ឋថៃថា តើត្រីដឹងហេតុការណ៍រញ្ជួយដីមុន មែនទេ? និងណែនាំពីវិធីសង្កេតសត្វក្នុងទឹក ក្រោយពីបណ្តាខេត្តជាច្រើនរបស់ថៃនៅភាគខាងជើង ភាគកណ្តាល រួមទាំងទីក្រុងបាងកក បានរងឥទ្ធិពលរញ្ជួយដីពីមីយ៉ាន់ម៉ា ស្មើកម្រិត៧.៧រិចទ័រ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ។.jpg)
លោក ថនថាំរ៉ុង ណាវ៉ាសាវ៉ាត សាស្ត្រាចារ្យសាកលវិទ្យាល័យជលផលប្រទេសថៃ បានសរសេរក្នុងហ្វេសប៊ុកមានគណនីឈ្មោះ «Thon Thamrongnawasawat» កាលពីថ្ងៃទី២៩ ខែមីនា ថា តើត្រីដឹងទេថា មានគ្រោះរញ្ជួយដី បើដឹងហើយ វាធ្វើបែបណា? មិត្តភក្តិខ្ញុំបានទៅជ្រមុជទឹកនៅកោះ Similan ខេត្តផាំងង៉ា ហើយឃើញបាតុភូតចម្លែកមួយដែលគ្មានការចុះផ្សាយពីមុន ។ ពេលប្រទេសថៃរញ្ជួយដី គឺហ្វូងត្រីទាំងឡាយនាំគ្នាទៅដេកស្ងៀមនៅបាតសមុទ្រ ។ ចូរមើលរូបភាព បើត្រី១ក្បាលធ្វើបែបនេះ វាពុំចម្លែកទេ ប៉ុន្តែនេះ ត្រីរាប់រយក្បាលដេកស្ងៀមដូចៗគ្នា ។
តាមធម្មតា ត្រីទាំងអស់តែងតែហែលទឹកនៅពេលថ្ងៃ ហើយពួកវានឹងពុំចុះទៅដេកស្ងៀមនៅបាតសមុទ្រទាំងហ្វូងបែបនេះទេ ។ រីឯពេលយប់វិញ ជាពេលត្រីដេក វាក៏ដេកកន្លែងខុសៗគ្នា និងពុំដេកនៅកន្លែងតែមួយឡើយ ។ ពួកវាដឹងថា មានរញ្ជួយដីកើតឡើង ត្រីទទួលកម្លាំងរំញ័រនៅក្រោមទឹកបានល្អ ទើបពួកវាទៅដេកស្ងៀមនៅបាតសមុទ្រពេលខ្សែទឹកប្រែប្រួលខុសធម្មតា ឬមានរលកស៊ូណាមិ ។ ការដេកស្ងៀមរបស់ត្រី គឺដូចយើងក្រាបលើដីគេចពីគ្រោះថ្នាក់ ហើយបើត្រីហែលលើទឹក វាអាចត្រូវខ្សែទឹក ឬរលករុញ ។
ពេលកើតរញ្ជួយដី ផ្សោតក៏ភ្ញាក់ផ្អើលរត់ពីតំបន់ទឹករាក់ដែរ ហើយវាហែលទៅទឹកជ្រៅដើម្បីគេចពីរលកស៊ូណាមិ ។ ផ្សោតគេចពីរលកស៊ូណាមិលឿនណាស់ ទើបគ្មានព័ត៌មានផ្សាយពីទឹករលកបោកបក់ផ្សោតមកលើឆ្នេរខ្សាច់នៅបរិវេណខ្លះដែលមានត្រីផ្សោតរស់នៅ ដូចជា ៖ ខេត្តក្រាប៊ី ។ រញ្ជួយដីកាលពីថ្ងៃទី២៨ ខែមីនា ពុំបានកើតឡើងនៅសមុទ្រ ទើបគ្មានស៊ូណាមិ ប៉ុន្តែនៅសមុទ្រក៏មានកម្លាំងរំញ័រដែរ ពីព្រោះផ្ទៃបាតសមុទ្រមានលក្ខណៈដូចដីលើគោក ។ ត្រី និងផ្សោត ពុំអាចប្រាប់បានថា រញ្ជួយដីកើតឡើងក្នុងសមុទ្រ ឬលើគោក ប៉ុន្តែពេលវាដឹងថា មានរញ្ជួយដី វាក៏ប្រញាប់គេចខ្លួន ។

ចំណែកចម្ងល់ថា តើត្រីអាចដឹងមុនពីគ្រោះរញ្ជួយដីកើតឡើងដែរឬទេ? លោក ថនថាំរ៉ុង បញ្ជាក់ថា ពេលមានរញ្ជួយដីនឹងមានកម្លាំងរំញ័រជាច្រើនប្រភេទ កម្លាំងរំញ័រខ្លះស្រាល ប៉ុន្តែលឿន ហើយត្រីអាចដឹងពីរំញ័រនេះ ។ រីឯមនុស្សមិនដឹងពីកម្លាំងរំញ័រស្រាលទេ ប៉ុន្តែមនុស្សនឹងដឹងមានពេលកម្លាំងរញ័រខ្លាំង បើទោះជាត្រីដឹងហេតុការណ៍រញ្ជួយដីមុនក្តី ប៉ុន្តែវាដឹងមុនមនុស្សតែបន្តិចប៉ុណ្ណោះ ។ ប្រទេសថៃមានភស្តុតាងបញ្ជាក់ច្បាស់ពីត្រីធ្វើដូចម្តេចពេលមានរញ្ជួយដី? រីឯនៅក្រៅប្រទេសគ្មានរូបភាពភស្តុតាងច្បាស់បែបនេះឡើយ ៕










