សហរដ្ឋអាមេរិក ៖ ក្រសួងពាណិជ្ជកម្មអាមេរិកបានចុះបញ្ជីខ្មៅក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិនបន្ថែមទៀតស្មើជាង៥០ក្រុមហ៊ុន រួមមាន ៖ ក្រុមហ៊ុនផលិត និងអភិវឌ្ឍន៍បច្ចេកវិទ្យា AI រហូតដល់ក្រុមហ៊ុនផលិតកុំព្យូទ័រទំនើបល្បឿនលឿន ដោយសារក្រុមហ៊ុនបច្ចេកវិទ្យាចិនទាំងនេះដំណើរការខុសពីគោលនយោបាយសន្តិសុខជាតិ និងគោលនយោបាយការបរទេសអាមេរិក គឺយកបច្ចេកវិទ្យាអាមេរិកទៅប្រើប្រាស់ក្នុងផ្នែកកងទ័ព ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ។.png)
ទូរទស្សន៍ CNBC របស់អាមេរិកបានផ្សព្វផ្សាយដោយយោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យឧស្សាហកម្ម និងសន្តិសុខ ស្ថិតក្រោមក្រសួងពាណិជ្ជកម្មអាមេរិក កាលពីថ្ងៃទី២៥ ខែមីនា កន្លងមក បញ្ជាក់ថា អាមេរិកបានចុះបញ្ជីខ្មៅក្រុមហ៊ុនបរទេសសរុប៨០ក្រុមហ៊ុន ក្នុងនោះមានក្រុមហ៊ុនចិន ជាង៥០ក្រុមហ៊ុន ។ រីឯក្រុមហ៊ុនអាមេរិកត្រូវបានហាមបញ្ជូនផលិតផលពាក់ព័ន្ធនឹងបច្ចេកវិទ្យាទៅឱ្យក្រុមហ៊ុនចិនក្នុងបញ្ជីខ្មៅ បើពុំទទួលការអនុញ្ញាតពីរដ្ឋាភិបាលលោកប្រធានាធិបតី Donald Trump ។ 
ក្រុមហ៊ុនចិន៥០ នៅក្នុងបញ្ជីខ្មៅ គឺមាន២៧ក្រុមហ៊ុនបានបញ្ជូនផលិតផលបច្ចេកវិទ្យាពីអាមេរិកទៅគាំទ្រការលើកកម្ពស់សមត្ថភាពកងទ័ពចិន ។ ក្រុមហ៊ុនចិន៧ទៀតបានគាំទ្រការអភិវឌ្ឍបច្ចេកវិទ្យាកុំព្យូទ័រ Quantum របស់ចិន ខណៈក្រុមហ៊ុនចិន៦ទៀតប្រកបអាជីវកម្មទាក់ទងនឹង Inspur Group របស់ចិន ដែលផ្តោតលើការផលិត និងអភិវឌ្ឍន៍ប្រព័ន្ធ Cloud computing, Big data, Applications servers និងបច្ចេកវិទ្យា AI ។ ក្រុមហ៊ុនចិនទាំងនេះត្រូវបានអតីតប្រធានាធិបតីអាមេរិក លោក Joe Biden ធ្លាប់ចុះបញ្ជីខ្មៅកាលពីឆ្នាំ២០២៣ ។
លោក Joe Biden បានចុះបញ្ជីខ្មៅក្រុមហ៊ុនចិនផលិតបន្ទះឈីប និងផលិតកុំព្យូទ័រល្បឿនលឿន ដើម្បីទប់ស្កាត់ការបញ្ជូនផលិតផលបច្ចេកវិទ្យាពីអាមេរិក ពីព្រោះក្រុមហ៊ុនចិននឹងយកបច្ចេកវិទ្យាអាមេរិកទៅប្រើប្រាស់ក្នុងផ្នែកកងទ័ព ។ ក្រុមហ៊ុនអាមេរិក២ បាននាំចេញផលិតផលបច្ចេកវិទ្យាទៅឱ្យក្រុមហ៊ុនចិន ហើយរដ្ឋាភិបាលលោក Biden ក៏ដាក់ទណ្ឌកម្មក្រុមហ៊ុនចិន គឺ Huawei និង HiSilicon ដែលផលិតឈីប ។ ការចុះបញ្ជីខ្មៅក្រុមហ៊ុនចិននៅឆ្នាំ២០២៥ គឺដើម្បីទប់ស្កាត់ក្រុមហ៊ុនបរទេស ដែលស្វែងរកប្រយោជន៍ពីបច្ចេកវិទ្យាអាមេរិក ។ នេះបើតាមមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក ។.png)
រដ្ឋាភិបាលលោក Trump នឹងការពារក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក ដើម្បីកុំឱ្យនាំចេញផលិតផលបច្ចេកវិទ្យាទៅចិន ពីព្រោះចិននឹងយកបច្ចេកវិទ្យាអាមេរិកទៅផលិត និងអភិវឌ្ឍន៍មីស៊ីលលឿនជាងសំឡេង, យន្តហោះសមយុទ្ធ និងរថយន្តបើកបរដោយស្វ័យប្រវត្តិ ។ ប៉ុន្តែការចុះបញ្ជីខ្មៅក្រុមហ៊ុនចិនធ្វើឱ្យពាណិជ្ជកម្មអាមេរិក និងចិន កាន់តែតានតឹង ព្រោះលោក Trump ទើបតែដំឡើងពន្ធទំនិញចិន ស្មើ២០% ព្រមទាំងដំឡើងពន្ធការនាំចូលដែក និងអាលុយមីញ៉ូមចិន ២៥% ចាប់ពីថ្ងៃទី១២ ខែមីនា ។
ដោយឡែក ក្រសួងការបរទេសចិនបានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២៥ ខែមីនា ថា ការបន្ថែមក្រុមហ៊ុនចិនក្នុងបញ្ជីខ្មៅរបស់អាមេរិក គឺធ្ងន់ធ្ងរណាស់ ។ ចិនសូមអំពាវនាវឱ្យអាមេរិកឈប់យកបញ្ហាសន្តិសុខជាតិមកធ្វើជាលេសដើម្បីទប់ស្កាត់ក្រុមហ៊ុនបរទេស ៕










