ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា លោកតា Iwao Hakamata អាយុ៨៩ឆ្នាំ ត្រូវបានតុលាការជប៉ុនសម្រេចឱ្យលោករួចផុតពីទោសប្រ.ហារ ជីវិតកាលពីឆ្នាំ២០២៤ ដោយសារតុលាការរកឃើញថា គ្មានទោសកំហុស ក្រោយពីលោកបានជាប់ពន្ធ.នាគាររហូតដល់៤៨ឆ្នាំ ដើម្បីរង់ចាំសាលក្រមចុងក្រោយរបស់តុលាការ ។ តុលាការបានផ្តល់ប្រាក់សំណងដល់លោក ចំនួន១លាន៤សែនដុល្លារ ឬស្មើ៨៥ដុល្លារក្នុង១ថ្ងៃ បន្ទាប់ពីលោកបានចំណាយពេលអស់ពាក់កណ្តាលជីវិតរស់នៅក្នុងពន្ធ.នាគារ ។.png)
សារព័ត៌មាន CNN របស់អាមេរិកបានរាយការណ៍កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ថា លោកតា Hakamata បានទទួលប្រាក់សំណងចំនួន៨៥ដុល្លារក្នុង១ថ្ងៃ ក្រោយពីចំណាយពេលរហូតដល់៤៨ឆ្នាំ រស់នៅក្នុងពន្ធនាគារគ្មានសេរីភាព ។ ការផ្តល់ប្រាក់សំណងនេះ គឺគិតចាប់ពីថ្ងៃដែលលោកតាត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ ដោយចោទប្រកាន់ថា បានប្រព្រឹត្តបទល្មើស ។
តាមសំណុំរឿងក្តី គឺលោក Hakamata បានធ្វើការក្នុងរោងចក្រកែច្នៃសណ្តែកសៀងមួយកន្លែងនៅខេត្តឈិស៊ុអូកាក់ ស្ថិតនៅភាគកណ្តាលប្រទេសជប៉ុន ក្រោយពីលោកចូលនិវត្តន៍ពីការងារជាអ្នកប្រដាល់ កាលពីឆ្នាំ១៩៦១ ។ រយៈពេល៥ឆ្នាំក្រោយមក សមត្ថកិច្ចក៏ចាប់ខ្លួនលោក និងចោទប្រកាន់ថា ថៅកែរបស់លោក ព្រមទាំងភរិយា និងកូន២នាក់ ត្រូវបានជនល្មើសចាក់សម្លាប់មួយគ្រួសារក្នុងផ្ទះ ។
ពីដំបូង លោក Hakamata សារភាពថា លោកជាជនល្មើសសម្លាប់ថៅកែរបស់ខ្លួន ប៉ុន្តែក្រោយមកទៀត លោកសារភាថា លោកពុំមែនជាជនល្មើសទេ ព្រោះលោកត្រូវបានសមត្ថកិច្ចធ្វើបាបរាងកាយ និងគំរាមបង្ខំឱ្យលោកសារភាពទទួលកំហុស ។ តុលាការបានកាត់ទោសប្រហារជីវិតលោកនៅឆ្នាំ១៩៦៨ បើទោះជាលោកប្រាប់តុលាការជាច្រើនលើកថា លោកជាមនុស្សស្អាតស្អំ ហើយសមត្ថកិច្ចធ្វើភស្តុតាងក្លែងក្លាយទម្លាក់កំហុសលើលោក ។
ក្រោយពីតុលាការកាត់ទោសប្រហារជីវិត លោកត្រូវបានគេបញ្ជូនទៅពន្ធនាគារ និងរស់នៅក្នុងពន្ធនាគាររហូតដល់ពាក់កណ្តាលជីវិត ដើម្បីរង់ចាំសាលក្រមចុងក្រោយរបស់តុលាការ ។ រហូតមកដល់ឆ្នាំ២០២៤ តុលាការបានសម្រេចឱ្យលោករួចទោសប្រហារជីវិត ក្រោយពីទទួលបានភស្តុតាងថ្មី គឺលទ្ធផលការពិនិត្យ DNA ស្នាមឈាមលើសម្លៀកបំពាក់សាកសព ឃើញថា គឺជាស្នាមឈាមដែលគេលាបពីលើក្រោយកើតហេតុ ។

ករណីរបស់លោក Hakamata ធ្វើឱ្យមហាជនរិះគន់តុលាការ និងអំពាវនាវឱ្យលើកលែងទោសប្រហារជីវិតនៅប្រទេសជប៉ុន ។ មេធាវី និងប្អូនស្រីរបស់លោកជឿថា ប្រាក់សំណងដែលលោក Hakamata ទទួលបាន ពុំអាចជំនួសពេលវេលាដែលលោកបាត់បង់ក្នុងពន្ធនាគារឡើយ បើទោះជាប្រាក់សំណងនេះច្រើនក្តី បើធៀបនឹងអ្នកទោសផ្សេងទៀតនៅជប៉ុនដែលត្រូវតុលាការវិនិច្ឆ័យខុស ៕










