នាឱកាសចូលឆ្នាំប្រពៃណីខ្មែរ នៅខែមេសា ខាងមុខនេះ រាជរដ្ឋាភិបាល បានបើកឱ្យប្រើប្រាស់ស្ពានចំនួន២ ដើម្បីជួយកាត់បន្ថយការខាតបង់ពេលវេលា ក្នុងការធ្វើដំណើរ និងថែមទាំងជួយសម្រួលលំហូរចរាចរណ៍ ដែលធ្វើឱ្យប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរទៅមក។
ក្នុងនោះ ស្ពានអាកាសមរតកតេជោ ដែលស្ថិតប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និង មហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ក្នុងខណ្ឌមានជ័យ និងខណ្ឌចំការមន ដែលជាស្ពានអាកាសពីរជាន់ដំបូងគេនៅប្រទេសកម្ពុជា គ្រោងនឹងសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥។
ស្ពាននេះ ចំណាយថវិកាជាង ៣៦លានដុល្លារ និងចំណាយពេលវេលាសាងសង់ ៣៦ខែ។
ដោយឡែក ស្ពានខ្ពស់ជាគេនៅកម្ពុជា ស្ថិតលើកំណាត់ផ្លូវជាតិលេខ១០ នឹងបើកឱ្យឆ្លងកាត់បណ្តោះអាសន្នរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី ១១-១៧ ខែមេសា ឆ្នាំ២០២៥ នាឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

ស្ពាននេះ មានកម្ពស់ ៩០ម៉ែត្រ ប្រវែង ៥៣៨ម៉ែត្រ សម្រេចការសាងសង់បានប្រមាណ ៩៨,២% ដែលចំណាយពេលសាងសង់៦៦ខែ គិតចាប់ផ្ដើមពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ដោយគ្រោងនឹងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ៕











