ប្រទេសជប៉ុន ៖ ប្រទេសជប៉ុនបានត្រៀមខ្លួនរួចជាស្រេចដើម្បីទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិធ្ងន់ធ្ងរ ដែលអាចកើតឡើងដោយសារបន្ទុះភ្នំភ្លើងហ្វូជិ (Fuji) ដោយសារភ្នំភ្លើងនេះជាតំបន់ទេសចរណ៍ដ៏ពេញនិយមរបស់ពលរដ្ឋជប៉ុន និងភ្ញៀវទេសចរបរទេស ។ វាបានស្ងប់ស្ងាត់ គ្មានការផ្ទុះភ្នំភ្លើងអស់រយៈពេលយ៉ាងយូរ ហើយវាពុំធ្លាប់ស្ងប់ស្ងាត់បែបនេះទេពីមុនមក ។ តាមធម្មតា ភ្នំភ្លើងនឹងផ្ទុះឡើងចាប់ពី៥០ឆ្នាំ ទៅ២០០ឆ្នាំ ដែលធ្វើឱ្យអ្នកជំនាញដាស់តឿនពីការផ្ទុះភ្នំភ្លើងគ្រប់ពេលវេលា ។.png)
ភ្នំភ្លើងហ្វូជិ បានផ្ទុះលើកចុងក្រោយកាលពីឆ្នាំ១៧០៧ (ឬជាង៣០០ឆ្នាំមុន) ហើយភ្នំភ្លើងនេះនឹងផ្ទុះឡើងម្តងទៀត បើវាផ្ទុះពិតមែន វានឹងធ្វើឱ្យប៉ះពាល់នៅតំបន់ទេសចរណ៍យ៉ាងធ្ងន់ធ្ងរ និងសម្លាប់ជីវិតមនុស្សយ៉ាងច្រើន ។ មន្ត្រីជប៉ុនបានដកស្រង់ការស្រាវជ្រាវមួយថា បើភ្នំភ្លើងហ្វូជិផ្ទុះម្តងទៀត វានឹងបញ្ចេញផ្សែងផេះគ្របដណ្តប់ពេញបរិយាកាសទាំងអស់ ឬមានកម្រិតខ្លាំងជាងការរញ្ជួយដី និងរលកយក្សស៊ូណាមិ កាលពីឆ្នាំ២០១១ រហូតដល់១០ដង ។

ផ្សែងផេះចេញពីភ្នំភ្លើងហ្វូជិយ៉ាងច្រើនមហាសាលនេះ នឹងគ្របដណ្តប់ពេញខេត្តស៊ិសូអូកាក់ ដែលជាទីតាំងរបស់ភ្នំភ្លើងហ្វូជិ ហើយផ្សែងផេះនឹងគ្របដណ្តប់លើទីក្រុងយ៉ូកូហាម៉ា និងទីក្រុងខាវ៉ាសាគិ ក្នុងខេត្តខាណាង៉ាវ៉ាក់ ឬផ្សែងភ្នំភ្លើងនឹងបាញ់ឆ្ងាយទៅដល់ខេត្តហ្វូគុឈិម៉ាក់ ឯណោះ ។ លើសពីនេះ សូម្បីតែទីក្រុងតូក្យូ ក៏គេចមិនផុតដែរ គឺនឹងរងផលប៉ះពាល់ដោយសារការផ្ទុះភ្នំភ្លើងហ្វូជិ ដែលមានផ្សែងពណ៌ខ្មៅយ៉ាងច្រើនពេញមេឃ និងបាំងពន្លឺថ្ងៃ ធ្វើឱ្យទីក្រុងទាំងនេះងងឹតដូចយប់ ។
ផលប៉ះពាល់ផ្សេងៗនឹងកើតឡើងផងដែរ បន្ទាប់ពីភ្នំភ្លើងហ្វូជិផ្ទុះ ដូចជា ៖ ប៉ះពាល់សុខភាពពលរដ្ឋ, ប៉ះពាល់ការរស់នៅប្រចាំថ្ងៃ ព្រមទាំងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផ្សេងៗរបស់ជប៉ុន ។ នេះបើតាមការស្រាវជ្រាវពីការផ្ទុះភ្នំភ្លើងហ្វូជិ ។
រដ្ឋាភិបាលជប៉ុនសន្និដ្ឋានថា ការចាត់ការអ្វីៗគ្រប់យ៉ាងដែលបានខូចខាតដោយសារភ្នំភ្លើង ឱ្យត្រឡប់មករកសភាពធម្មតាវិញ នឹងចំណាយពេលយូររហូតដល់រាប់សិបឆ្នាំ ។ ហេតុនេះ រដ្ឋាភិបាលជប៉ុនបានចាត់វិធានការទប់ទល់នឹងគ្រោះមហន្តរាយ ដែលអាចកើតឡើងដោយសារការផ្ទុះភ្នំភ្លើងហ្វូជិ ដោយបញ្ជាទៅមន្ត្រីរដ្ឋាភិបាលទាំងថ្នាក់លើ និងថ្នាក់ក្រោម ពន្លឿនការថែទាំ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗឱ្យរឹងមាំ ។

ចំណែកពលរដ្ឋ រដ្ឋាភិបាលជប៉ុនបានណែនាំឱ្យនៅតែក្នុងលំនៅឋានពេលភ្នំភ្លើងហ្វូជិផ្ទុះ និងគួរត្រៀមស្បៀងអាហារទុកឱ្យគ្រប់គ្រាន់ យ៉ាងហោចណាស់ ស្បៀងអាចបរិភោគបាន២សប្តាហ៍ ។ ករណីមានគ្រោះមហន្តរាយធ្ងន់ធ្ងរ គួរតែជម្លៀសពលរដ្ឋចេញពីទីក្រុង ឬពលរដ្ឋប្រញាប់ចាកចេញពីតំបន់ដែលខ្លួនរស់នៅជាបន្ទាន់ ។
ប៉ុន្តែមតិផ្សេងៗពុំយល់ស្របនឹងផែនការទប់ទល់គ្រោះមហន្តរាយធម្មជាតិរបស់រដ្ឋាភិបាលជប៉ុនទេ ពីព្រោះវិធានការនេះអាចពុំសមស្របសម្រាប់តំបន់មួយចំនួនដែលមានពលរដ្ឋរស់នៅច្រើន ជាពិសេស នៅទីក្រុងតូក្យូ ៕










