ប្រទេសជប៉ុន ៖ កាលពីពាក់កណ្តាលខែមីនា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា Nissan គឺជាក្រុមហ៊ុនជប៉ុនផលិតរថយន្តដ៏ល្បីល្បាញបានសាកល្បងការធ្វើដំណើរតាមរថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិនៅប្រទេសជប៉ុន ។ វាជាផ្នែកមួយនៃការព្យាយាមរបស់ជប៉ុនក្នុងការអភិវឌ្ឍបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិ ដែលអាចចាប់សញ្ញាឧបសគ្គនៅចំពោះមុខ និងបន្ថយល្បឿនទុកឱ្យអ្នកថ្មើរជើងឆ្លងផ្លូវ ដោយពុំចាំបាច់មានការបញ្ជាពីមនុស្ស ។

វាជាការដោះស្រាយបញ្ហាខ្វះខាតអ្នកបើកបររថយន្តកំពុងកើនឡើងខ្លាំងនៅជប៉ុន និងកំណើនពលរដ្ឋអាយុច្រើននាពេលបច្ចុប្បន្ន ។ បច្ចេកវិទ្យាបើកបររថយន្តដោយស្វ័យប្រវត្តិរបស់ក្រុមហ៊ុន Nissan នេះ គឺដំណើរការដោយការបំពាក់កាមេរ៉ា ចំនួន១៤គ្រឿង, រ៉ាដា ៩គ្រឿង និងប្រព័ន្ធវាស់ចម្ងាយផ្លូវ ៦គ្រឿង ដើម្បីត្រួតពិនិត្យស្ថានការណ៍បើកបរនៅតាមដងផ្លូវ ។

ពលរដ្ឋជប៉ុនដែលចង់ធ្វើដំណើរតាមរថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិ គឺអាចប្រើប្រាស់កម្មវិធីហៅរថយន្តក្នុងទូរស័ព្ទដៃ ដើម្បីកំណត់គោលដៅការធ្វើដំណើរ ។ រីឯចង្កូតរបស់រថយន្តនឹងបង្វិលដោយខ្លួនឯង និងផ្លាស់ប្តូរការបើកបរតាមស្ថានភាពផ្លូវជាក់ស្តែង ខណៈសមត្ថភាពរបស់បច្ចេកវិទ្យា AI ដែលបំពាក់ក្នុងរថយន្ត នឹងចាប់សញ្ញាជុំវិញរថយន្តគ្រប់ពេលវេលា ដើម្បីឱ្យរថយន្តបើកបរយ៉ាងមានប្រសិទ្ធភាព ។
រថយន្តតាក់ស៊ីនេះនឹងចាប់សញ្ញាមនុស្សដើរតាមផ្លូវ និងផ្អាកការបើកបរនៅត្រង់ផ្លូវបំបែកដោយស្វ័យប្រវត្តិ ហើយវាបើកបរមិនលើសពីល្បឿនកំណត់ គឺ៤០គីឡូម៉ែត្រក្នុង១ម៉ោង ។ បើទោះជាបច្ចុប្បន្ន រថយន្តអាចបើកបរដោយស្វ័យប្រវត្តិក្តី ប៉ុន្តែបច្ចេកវិទ្យាបើកបររថយន្តតាក់ស៊ីដោយស្វ័យប្រវត្តិរបស់ក្រុមហ៊ុន Nissan ស្ថិតក្នុងលំដាប់ទី២ មានន័យថា ត្រូវមានមនុស្សត្រួតពិនិត្យការបើកបររបស់រថយន្តពីចម្ងាយ និងបញ្ជារថយន្ត ពេលករណីចាំបាច់ ។
ប្រទេសជប៉ុនបានប្រើប្រាស់បច្ចេកវិទ្យាបើកបររថយន្តដោយស្វ័យប្រវត្តិ ដើម្បីដោះស្រាយបញ្ហាចំនួនអ្នកបើកបររថយន្តធ្លាក់ចុះខ្លាំង ជាពិសេស នៅតំបន់ជនបទ ។ ក្រុមហ៊ុន Nissan មានគម្រោងដំណើរការរថយន្តបើកបរដោយស្វ័យប្រវត្តិ ចំនួន២០គ្រឿង នៅទីក្រុងយូកូហាម៉ា ព្រមទាំងមានគោលដៅដំណើរការរថយន្តបើកបរដោយស្វ័យប្រវត្តិឱ្យស្ថិតក្នុងលំដាប់ទី៤ (ឬការបើកបររថយន្តដោយស្វ័យប្រវត្តិ១០០% គ្មានការគ្រប់គ្រងពីមនុស្ស) ចាប់ពីឆ្នាំ២០២៩ ទៅឆ្នាំ២០៣០ ៕










