សហរដ្ឋអាមេរិក ៖ ក្តីសុបិនចង់មានការងារធ្វើរបស់និស្សិតច្បាប់នៅអាមេរិកបានបាត់បង់ ក្រោយពីការផ្តល់ជូនការងារពីរដ្ឋាភិបាលត្រូវបានលុបចោលភ្លាមៗ ។ និស្សិតជាច្រើននាក់បាននិយាយមកកាន់ប្រព័ន្ធផ្សព្វផ្សាយ ដោយបង្ហាញពីការខឹងសម្បារ និងអស់សង្ឃឹមចំពោះក្តីសុបិនរបស់ខ្លួនថា នឹងមានការងារធ្វើ មានប្រាក់ចាយវាយក្នុងជីវិតប្រចាំថ្ងៃ ឬចិញ្ចឹមគ្រួសារ ប៉ុន្តែអ្វីគ្រប់យ៉ាងបានរលាយត្រឹមមួយប៉ព្រិចភ្នែក ។

យុវជន Andrew Nettels ជានិស្សិតច្បាប់ឆ្នាំទី៣ នៅសាកលវិទ្យាល័យ The George Washington រៀបរាប់ថា កាលពីដើមឆ្នាំ២០២៥ លោកបានត្រៀមឯកសារសម្រាប់ចាប់ផ្តើមការងារក្នុងគម្រោង Honors Program របស់ក្រសួងយុត្តិធម៌អាមេរិក ប៉ុន្តែ២-៣ម៉ោងក្រោយមក លោកទទួលបានអ៊ីម៉ែលបដិសេធការងារ ។ វាធ្វើឱ្យក្តីសុបិនលោកបាត់បង់ និងខូចអនាគត ។ លោកត្រូវបានការបដិសេធចូលធ្វើការពេញម៉ោង ក្រោយពីរៀនចប់សាកលវិទ្យាល័យ កាលពីនិទាឃរដូវឆ្នាំ២០២៥ ដោយសាររដ្ឋាភិបាលប្រកាសផ្អាកឈប់ទទួលនិស្សិតឱ្យចូលធ្វើការ ។
កាលពីឆ្នាំ២០២៣ មាននិស្សិតច្បាប់ប្រមាណ១,០០០នាក់ បានចូលបម្រើការងារជាមន្ត្រីរាជការ ហើយមាននិស្សិត២៥០នាក់ ត្រូវបានជ្រើសរើសឱ្យចូលធ្វើការក្នុងគម្រោង Honors Program ដែលមានការប្រកួតប្រជែងខ្ពស់ ។ ចំនួនការជ្រើសរើសមន្ត្រីរាជការស្ទើរតែគ្មានការផ្លាស់ប្តូរសោះតាំងពីឆ្នាំ២០១៨ ប៉ុន្តែវិធានការផ្អាកការងារលើកនេះធ្វើឱ្យប៉ះពាល់និស្សិតយ៉ាងខ្លាំង ។ នេះបើតាមទិន្នន័យរបស់សមាគមស្វែងរកការងារផ្នែកច្បាប់ ។

ដូចគ្នានេះ លោក Isaiah Gonzale ជានិស្សិតច្បាប់ ឆ្នាំទី៣ នៅសាលា Vermont Law and Graduate School ប្រាប់ថា លោកបានសុំធ្វើការក្នុងគម្រោង Honors Program ប៉ុន្តែត្រូវបដិសេធ ។ លោកបានប្រឹងប្រែងអស់រយៈពេល៣ឆ្នាំ ដើម្បីបានចូលធ្វើការក្នុងគម្រោងនេះ ហើយអ្វីៗបានបាត់បង់អស់គ្មានសល់» ។.png)
កន្លងមក និស្សិតជាច្រើននាក់បានបដិសេធធ្វើការនៅតាមក្រុមហ៊ុនឯកជន ពីព្រោះសង្ឃឹមថា ពួកគេនឹងទទួលបានការងារជាមន្ត្រីរាជការ១០០% ប៉ុន្តែការផ្តល់ជូនការងារពីរដ្ឋាភិបាលត្រូវបានលុបចោលភ្លាមៗ ។ ដូច្នេះ ពួកគេបាត់បង់ឱកាសការងារទាំងក្នុងស្ថាប័នរដ្ឋ និងការងារក្នុងក្រុមហ៊ុនឯកជន ។
សាកលវិទ្យាល័យនានានៅអាមេរិកបានធ្វើកិច្ចប្រជុំអនឡាញ ដែលមានការចូលរួមពីនិស្សិតច្បាប់ អង្គការពុំស្វែងរកប្រាក់ចំណេញ និងភ្នាក់ងារជួយស្វែងរកការងារ ដើម្បីរកវិធីជួយនិស្សិតផ្នែកច្បាប់ដែលគ្មានការងារធ្វើ ៕










