ប្រទេសថៃ ៖ សារព័ត៌មានថៃរាយការណ៍ថា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បាននិយាយលើវេទិកានៅខេត្តពិស្នុលោក ហើយប្រសាសន៍របស់លោកដែលធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំងនោះ គឺលោកមានគម្រោងទិញបំណុលពលរដ្ឋទាំងអស់ពីប្រព័ន្ធធនាគារ ដើម្បីដោះស្រាយបញ្ហាការជំពាក់បំណុលធនាគាររបស់ពលរដ្ឋកើនឡើងខ្លាំង ។
.png)
លោក ថាក់ស៊ីន នឹងប្រកាសពីគោលនយោបាយសេដ្ឋកិច្ចថ្មី ហើយលោកបានពិភាក្សាជាមួយកូនស្រី គឺលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ ថា តើគួរធ្វើដូចម្តេចដើម្បីឱ្យពលរដ្ឋថៃសងបំណុលធនាគារអស់? ពីព្រោះបច្ចុប្បន្ន ពលរដ្ឋជំពាក់បំណុលធនាគារច្រើនណាស់ ។ ដូច្នេះ លោក និងនាយករដ្ឋមន្ត្រីថៃគិតថា នឹងទិញបំណុលពលរដ្ឋទាំងអស់ពីប្រព័ន្ធធនាគារ តើល្អដែរឬទេ? បន្ទាប់មក ឱ្យពលរដ្ឋសងបំណុលធនាគារបន្តិចម្តងៗ ដោយពុំចាំបាច់បង់ប្រាក់គ្រប់ចំនួន ។
ពលរដ្ឋនឹងអាចចាប់ផ្តើមជីវិតថ្មី ដោយការដកចេញបំណុលទាំងអស់ ហើយពលរដ្ឋនឹងក្លាយជាមនុស្សបរិសុទ្ធប្រកបរបររកស៊ីជាថ្មី ។ ការទិញបំណុលនេះ ពុំចំណាយថវិការបស់រដ្ឋសូម្បីតែ១បាត ពីព្រោះលោកនឹងឱ្យក្រុមហ៊ុនឯកជនវិនិយោគ ។ បច្ចុប្បន្ន រដ្ឋមានបំណុលច្រើន យើងធ្វើអ្វីក៏ដោយ ក៏ជំពាក់បំណុលទាំងអស់ ប៉ុន្តែយើងត្រូវជំពាក់បំណុលឱ្យតិចបំផុត និងផ្តល់ឱកាសឱ្យពលរដ្ឋច្រើនបំផុត ។ យើងងាយស្រួលនិយាយ ពិបាកធ្វើ ប៉ុន្តែត្រូវតែធ្វើ ។ នេះបើតាមការលើកឡើងរបស់លោក ថាក់ស៊ីន ។
បើតាមលោកស្រី ផេថងថាន នាយករដ្ឋមន្ត្រីថៃ គឺនៅឆ្នាំ២០២៥ ត្រូវតែផ្តល់ឱកាសឱ្យពលរដ្ឋ និងដោះស្រាយបញ្ហាកើតមានយូរមកហើយ ទើបលោក ថាក់ស៊ីន ណែនាំទៅនាយករដ្ឋមន្ត្រីពីបញ្ហាជាច្រើន ។ រីឯការផ្តល់ប្រាក់ឱ្យពលរដ្ឋតាមគម្រោង Digital Wallet មានបញ្ហា ដោយសារធនាគារ Bank of Thailand ផ្អាកដំណើរការ ប៉ុន្តែរដ្ឋាភិបាលបានព្យាយាមដោះស្រាយបញ្ហា ។ ទៅថ្ងៃមុខ បច្ចេកវិទ្យា Digital Wallet នឹងចងចាំដូចគម្រោងចំណាយប្រាក់ចំនួន៣០បាត អាចព្យាបាលជំងឺគ្រប់មុខ ។ ពលរដ្ឋនឹងដឹងថា នេះជាបំណងល្អរបស់គណបក្សភឿថៃ ។.png)
គួរបញ្ជាក់ថា លោក ថាក់ស៊ីន បាននិយាយពីគម្រោងទិញបំណុលពលរដ្ឋទាំងអស់ពីប្រព័ន្ធធនាគារ គឺលោកនិយាយនៅសាកលវិទ្យាល័យពិស្នុលោក ស្ថិតក្នុងឃុំសាម៉ឃែ ស្រុកមឿង ខេត្តពិស្នុលោក ទៅកាន់ក្រុមពលរដ្ឋអាវក្រហមជាង១,៥០០នាក់ មកពីខេត្តពិស្នុលោក, ពិជិត, អ៊ុតាឌីត, កំផែងពេជ្រ, តាក, ឧទ័យថានី, ណាខនសុវណ្ណ និងសុខោទ័យ ។ ពួកគេធ្វើដំណើរមកជួបជុំគ្នានៅសាកលវិទ្យាល័យពិស្នុលោក ដើម្បីទទួលស្វាគមន៍លោក ថាក់ស៊ីន យ៉ាងកក់ក្តៅ ។
យោងតាមទិន្នន័យរបស់ TTB Analytics ដែលបានវិភាគទិន្នន័យគណនីបំណុលមិនអាចកំណត់អត្តសញ្ញាណ (Anonymous Account) គឺមានរហូតដល់ជាង៨៤លានគណនីនៅក្នុងប្រព័ន្ធធនាគារ ស្មើនឹងទឹកប្រាក់រាប់លានដុល្លារអាមេរិក ៕










