ក្នុងថ្ងៃចាក់បញ្ចាំងដំបូងនៃខ្សែភាពយន្ត«ភ្លើងឆេះក្លឹបក្រោមដី» របស់ផលិតកម្ម LD ដកស្រង់ចេញពីហេតុការណ៍ពិតទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនបានជាប់ចំណាត់ថ្នាក់លេខ១ នៅថ្ងៃដំបូងនៅដើមឆ្នាំ២០២៥ ខណៈគេបានឃើញតួលេខចំណូលនៃរឿងនេះចំនួន២ម៉ឺនដុល្លារ។.png)
«ភ្លើងឆេះក្លឹបក្រោមដី» ជាវណ្ណកម្មថ្មីរបស់ផលិតកម្ម LD ដែលកំពុងចាក់បញ្ចាំងនៅក្នុងរោងកុនហើយទទួលបាននូវការគាំទ្រពីទស្សនិកជនបន្ទាប់ពីផ្ទុះរឿងអាស្រូវមានរយៈមុននៃរឿង «១៤ កុម្ភៈ»។ ខ្សែភាពយន្តនេះត្រូវបានបង្ហាញថាគឺបានឆ្លុះបញ្ចាំងពីសាច់រឿងពិតនៅចុងឆ្នាំ២០២១ដែលបានកើតឡើងនៅខេត្តសៀមរាប ខណៈមានការលើកឡើងថាមានព្រាយស្រីចង់រៀបការជាមួយមនុស្ស។
ចាក់បញ្ចាំងដំបូងនាថ្ងៃទី២០ មីនា នេះ «ភ្លើងឆេះក្លឹបក្រោមដី» ទទួលបានការគាំទ្រយ៉ាងខ្លាំងដោយខាងរោងកុនបានបង្ហាញឱ្យឃើញមានការចូលទស្សនាពេញៗកៅអី ធ្វើឱ្យចាងហ្វាយផលិតកម្មលោក លៀក លីដា និងក្រុមផលិតករបង្ហាញនូវអារម្មណ៍រំភើបចិត្តដែលឃើញខ្សែភាពយន្តខ្លួនទទួលបានការគាំទ្រយ៉ាងខ្លាំងដូចនេះ។ តាមការចែករំលែករបស់លោក លៀក លីដា បានចែករំលែកការបង្ហោះមួយនៃការសន្ទនារបស់លោកជាមួយក្រុមការងារ LD ដែល ខ្សែភាពយន្ត «ភ្លើងឆេះក្លឹបក្រោមដី»ជាខ្សែភាពជាប់ចំណាត់ថ្នាក់លេខ១ នៅថ្ងៃដំបូងនៅដើមឆ្នាំ២០២៥ ជាមួយតួលេខបង្ហាញ$20K (២០,០០០ដុល្លារ)។
ថ្មីៗនេះលោក លៀក លីដា រួមទាំងផលិតករភាពយន្តខ្មែរនិងអ្នកចែកចាយភាពយន្តខ្មែរមួយចំនួនទៀតបានចូលរួមកម្មវិធី Hongkong Filmart 2025 ដែលអាចថានេះជាសញ្ញាល្អមួយខ្សែភាពយន្តខ្មែរមានទីផ្សារនៅលើទឹកដីហុងកុង ខណៈកន្លងមកភាពយន្តរបស់ LD គឺបាននាំចេញទៅចាក់បញ្ចាំងក្នុងរោងកុនក្រៅស្រុក។ ជាក់ស្តែងភាពយន្ត «បណ្តាសារនាងរាត្រី» ជាភាពយន្តខ្មែរទី១ដែលរកចំណូលបានច្រើនជាងនៅតៃវ៉ាន់៕










