ប្រទេសឥណ្ឌូណេស៊ី ៖ សារព័ត៌មាន Reuters រាយការណ៍ថា ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប Jetstar Airways ដែលគ្រប់គ្រងដោយ Qantas Group គឺជាក្រុមហ៊ុនអាកាសចរណ៍ជាតិអូស្ត្រាលី បានប្រកាសលុបចោលការហោះហើរពីប្រទេសអូស្ត្រាលី មកកាន់កោះបាលីរបស់ឥណ្ឌូណេស៊ីជាបណ្តោះអាសន្ន កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ក្រោយឥណ្ឌូណេស៊ីប្រកាសអាសន្នពីការផ្ទុះ ភ្នំភ្លើងខ្លាំងបា.ញ់ផ្សែងផេះឡើងលើមេឃកម្ពស់៨គីឡូម៉ែត្រ ។
យោងតាមទិន្នន័យលើគេហទំព័ររបស់អាកាសយានដ្ឋានអន្តរជាតិ Changi ប្រទេសសិង្ហបុរីបញ្ជាក់ថា ជើងហោះហើរមួយចំនួនរវាងសិង្ហបុរី និងកោះបាលី ចេញដំណើរយឺតយ៉ាវ ឬពន្យារពេលហោះហើរ ។ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines និងក្រុមហ៊ុនអាកាសចរណ៍ Scoot បានពន្យារពេលហោះហើរទៅកោះបាលី និងរង់ចាំឱ្យស្ថានការណ៍ស្ងប់ស្ងាត់ ។.png)
អាជ្ញាធរឥណ្ឌូណេស៊ីបានប្រកាសអាសន្នទៅកាន់ពលរដ្ឋរស់នៅក្បែរភ្នំភ្លើងឱ្យជម្លៀសទៅកាន់កន្លែងសុវត្ថិភាព ក្រោយពីភ្នំភ្លើង Lewotobi Laki-Laki លើកោះហ្វូរ៉េសក្នុងប្រជុំកោះស៊ុនដាណយ នៅភាគខាងកើតប្រទេសឥណ្ឌូណេស៊ី បានផ្ទុះយ៉ាងខ្លាំង និងបាញ់ផ្សែងផេះឡើងលើមេឃកម្ពស់៨គីឡូម៉ែត្រ កាលពីព្រលប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ។
ការិយាល័យកាត់បន្ថយគ្រោះមហន្តរាយឥណ្ឌូណេស៊ីឱ្យដឹងថា ភ្នាក់ងារសង្គ្រោះបានជួយជម្លៀសពលរដ្ឋចេញពីតំបន់គ្រោះថ្នាក់ ប៉ុន្តែមានពលរដ្ឋម្នាក់ស្លាប់ក្នុងពេលជម្លៀស ។ ឥណ្ឌូណេស៊ីតែងតែមានភ្នំភ្លើងផ្ទុះជាបន្តបន្ទាប់ ហើយកំអែភ្នំភ្លើងបានហូរទៅកាន់ភូមិនៅក្បែរៗ ។.png)
គួរបញ្ជាក់ថា ឥណ្ឌូណេស៊ី គឺជាប្រទេសមានភ្នំភ្លើងផ្ទុះច្រើនបំផុត ពីព្រោះមានទីតាំងស្ថិតនៅលើចិញ្ចៀនភ្លើងប៉ាស៊ីហ្វិក ដែលជាតំបន់មានការរញ្ជួយដីខ្លាំងដោយសារចលនាសំបកផែនដី ។ វាពុំមែនជារឿងប្លែកទេ ដែលភ្នំភ្លើងតែងតែគំរាមកំហែងពលរដ្ឋរស់នៅក្បែរភ្នំភ្លើង ។
ភ្នំភ្លើង Lewotobi Laki-Laki ធ្លាប់ផ្ទុះខ្លាំងកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ដែលបណ្តាលឱ្យមនុស្សស្លាប់ចំនួន៩នាក់ ហើយមនុស្សរាប់ពាន់នាក់ទៀតត្រូវជម្លៀសចេញពីផ្ទះ ។ លើសពីនេះ លំនៅឋាន និងទ្រព្យសម្បត្តិរបស់ពលរដ្ឋនៅភូមិក្បែរនោះបានខូចខាតអស់យ៉ាងច្រើនដោយសារកំអែភ្នំភ្លើង ៕










