ប្រទេសជប៉ិន ៖ របៀបរស់នៅរបស់ជនជាតិជប៉ុនបានផ្លាស់ប្តូរទាំងប្រពៃណី វប្បធម៌ និងការអប់រំ ដោយសារនិស្សិតចិនយ៉ាងច្រើនសម្រុកមករៀននៅជប៉ុន ក្រោយពីជប៉ុនបន្ធូរបន្ថយទិដ្ឋាការ និងកែប្រែច្បាប់ផ្តល់ភាពងាយស្រួលឱ្យនិស្សិតបរទេសដែលមានជំនាញខ្ពស់ អាចដាក់ពាក្យសុំរស់នៅជប៉ុនរយៈពេលយូរ ។ លើសពីនេះ និស្សិតបរទេសថែមទាំងអាចនាំឪពុកម្តាយរបស់ខ្លួនមករស់នៅជប៉ុន ដែលធ្វើឱ្យមានការសន្និដ្ឋានថា នៅឆ្នាំ២០២៦ ពលរដ្ឋចិនរស់នៅជប៉ុន នឹងកើនឡើងរហូតដល់ជាង១លាននាក់ ។
ស្របពេលសេដ្ឋកិច្ចចិនធ្លាក់ចុះធ្វើឱ្យអត្រាគ្មានការងារធ្វើកើនឡើងខ្ពស់ ទើបនិស្សិតចិនជាច្រើនសម្លឹងរកឱកាសនៅក្រៅប្រទេស ជាពិសេស នៅជប៉ុន ។ ជប៉ុនមិនត្រឹមតែមានមហាវិទ្យាល័យសិល្បៈប៉ុណ្ណោះទេ ដែលទាក់ទាញនិស្សិតបរទេស ប៉ុន្តែជប៉ុនបានបង្រៀនមុខវិជ្ជាដល់និស្សិតដែលបើកឱកាសឱ្យពួកគេអាចចាប់ផ្តើមជីវិតថ្មី ។
និស្សិតចិនម្នាក់និយាយថា ៖ «ការបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យនៅចិនពុំធានាថា នឹងទទួលបានការងារក្នុងក្រុមហ៊ុនជប៉ុនទេ តែការសិក្សាបន្តនៅជប៉ុន នឹងជាឱកាសឱ្យនិស្សិតចិនមានការងារធ្វើក្នុងក្រុមហ៊ុនជប៉ុន ។ វាជាផ្លូវកាត់ដើម្បីឱ្យនិស្សិតចិនអាចដាក់ពាក្យស្នើសុំរស់នៅជប៉ុនជារៀងរហូត» ។
តាមការស្រាវជ្រាវរបស់ Nikkei បង្ហាញថា ចំនួននិស្សិតចិនរៀននៅសាកលវិទ្យាល័យល្បីៗនៅជប៉ុន បានកើនឡើងប្រមាណ៧០% នៃចំនួននិស្សិតបរទេសសរុប ខណៈនិស្សិតចិនចូលរៀននៅសាកលវិទ្យាល័យសិល្បៈរបស់ជប៉ុន ក៏កើនឡើងដែរ ។ នេះបញ្ជាក់ថា និស្សិតចិនកាន់តែច្រើនចង់មកកសាងជីវិតថ្មីលើទឹកដីក្រៅប្រទេស ។
បុគ្គលិកធ្វើការផ្នែកចំណាកស្រុក នៅខេត្តសាយតាម៉ា ប្រាប់ថា ការពិត និស្សិតចិនសម្រុកមករៀនបន្តនៅសាកលវិទ្យាល័យសិល្បៈរបស់ជប៉ុន ដោយសារវាជាវិធីជួយឱ្យពួកគេបានមករស់នៅជប៉ុនយូរ ។ កាលពីឆ្នាំ២០១៧ រដ្ឋាភិបាលជប៉ុនបានកែប្រែច្បាប់ដើម្បីផ្តល់ភាពងាយស្រួលដល់ជនបរទេសដាក់ពាក្យស្នើសុំរស់នៅជប៉ុនយូរ ហើយវាជាប្រយោជន៍របស់និស្សិតបរទេស ។ កាលពីមុន អ្នកជំនាញបរទេសមកធ្វើការនៅជប៉ុន អាចសុំរស់នៅជប៉ុនយូរ លុះត្រាតែពួកគេរស់នៅជប៉ុនបាន៥ឆ្នាំ ប៉ុន្តែច្បាប់ថ្មីនេះកាត់បន្ថយរយៈពេលមកត្រឹមចាប់ពី១ឆ្នាំ ទៅ៣ឆ្នាំប៉ុណ្ណោះ គឺអាចដាក់ពាក្យបាន ។ 
ការវាយតម្លៃជនបរទេសដែលដាក់ពាក្យសុំរស់នៅជប៉ុនរយូរ គឺដាក់ពិន្ទុលើកត្តាជាច្រើន រួមមាន ៖ កម្រិតការសិក្សា បទពិសោធន៍ការងារ ប្រាក់ចំណូលក្នុង១ឆ្នាំ អាយុ និងសមត្ថភាពនិយាយភាសាជប៉ុន ។ បើអ្នកដាក់ពាក្យទទួលបានពិន្ទុចាប់ពី៧០ឡើង មានន័យថា ជាជនបរទេសមានជំនាញខ្ពស់ និងមានសិទ្ធិរស់នៅជប៉ុនយូរ ប៉ុន្តែបើទទួលបានពិន្ទុចាប់ពី៨០ឡើង ជនបរទេសនឹងទទួលបានសិទ្ធិពិសេស គឺអាចសុំរស់នៅជប៉ុនយូរបាន ក្រោយពីរស់នៅជប៉ុនត្រឹម១ឆ្នាំ ។ វាជាវិធានការទាក់ទាញជនបរទេសមានជំនាញ និងសមត្ថភាពខ្ពស់មករស់នៅ និងធ្វើការនៅជប៉ុន ។
ហេតុនេះ អាណាព្យាបាលសិស្សចិនជាច្រើនត្រៀមបញ្ជូនកូនមករៀននៅសាកលវិទ្យាល័យសិល្បៈក្នុងប្រទេសជប៉ុន ដោយសង្ឃឹមថា ពេលកូនពួកគេរៀនចប់ និងមានជំនាញខ្ពស់តាមជប៉ុនត្រូវការ កូនពួកគេនឹងអាចស្នើសុំរស់នៅជប៉ុនយូរ ។ រីឯឪពុកម្តាយសិស្ស ក៏មានសិទ្ធិរស់នៅជប៉ុនយូរដែរ ៕










