ឃើញមានអ្នកមិនពេញចិត្តច្រើននិងមានការជជែកវែកញែកចំពោះចំណាត់ការរបស់ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនៈគីរី រឿងឱ្យមន្ត្រីធ្វើបញ្ជីនិងប្រវត្តិសត្វឆ្កែតាមផ្ទះដើម្បីពង្រឹងសុវត្ថិភាព និងអនាម័យ លោកជំទាវ នឹម វណ្ណៈ ថារៀនមើលច្បាប់លេងៗក្រែងបានពន្លឺបញ្ញាខ្លះ។ ក្នុងនោះលោកជំទាវប្រកាន់ជំហរថាខ្លួនក៏ជាអ្នកស្រលាញ់សត្វតែក៏ស្រលាញ់និងគោរពអនុវត្តន៍ច្បាប់ដែលបានចែង។

នៅល្ងាចថ្ងៃទី១៩ មីនា លោកជំទាវ នឹម វណ្ណៈ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អេស៊ីអ៊ី គ្រុប បានលើកឡើងនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនថា « ស៊ីខ្សែខាងឆ្កែមេសឆ្កែឱ្យម៉ាណ??? រៀនមើលច្បាប់លេងៗក្រែងបានភ្លឺបញ្ញាខ្លះ។ ខ្ញុំស្រលាញ់សត្វឆ្កែ តែខ្ញុំស្រលាញ់និងគោរពអនុវត្តន៍តាមច្បាប់ដែលបានចែង។ ក្នុងរូបភាពដែលលោកជំទាវភ្ជាប់មកជាមួយនឹងសំណេរគឺបានបង្ហាញពីក្រមរដ្ឋប្បវេណី មាត្រា ៧៥០ ដែលបានចែងចំពោះការទទួលខុសត្រូវរបស់អ្នកកាន់កាប់សត្វ៖ បុគ្គលដែលកាន់កាប់សត្វ ត្រូវទទួលខុសត្រូវក្នុងការសងការខូចខាតដែលកើតឡើង ដល់អ្នកដទៃ ដោយសត្វដែលខ្លួនកាន់កាប់។ .png)
ជាមួយនឹងទំនួលខុសត្រូវលើសត្វចិញ្ចឹមដែលបង្កគ្រោះថ្នាក់លោកជំទាវ នឹម វណ្ណៈក៏បានបង្ហាញពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកមាត្រា៣៣..អ្នកជិះ អ្នកដឹក ឬអ្នកបរសត្វ ត្រូវអនុវត្តដូចខាងក្រោម៖ ១- មិនត្រូវបង្កឱ្យមានឧបសគ្គឬគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀត ដោយត្រូវដាក់ ចំនួនមនុស្សដឹកឱ្យសមស្របនឹងចំនួនសត្វដែលអាចបញ្ជាសត្វឱ្យទៅឬឈប់បានគ្រប់គ្រាន់និងទាន់ពេលវេលា។ ២-នៅពេលយប់ឬពេលថ្ងៃ កាលណាមើលមិនឃើញច្បាស់ ត្រូវប្រើភ្លើងពណ៌សនៅខាងមុខនិងពណ៌ក្រហមនៅខាងក្រោយ។ ៣-នៅពេលឈប់នៅលើទ្រូងផ្លូវ មិនត្រូវបង្កឱ្យរំខានដល់យានជំនិះផ្សេងៗទៀត ដែលកំពុងធ្វើចរាចរណ៍។ ៤-នៅក្នុងទីប្រជុំជន អ្នកជិះ អ្នកដឹក ឬអ្នកបរសត្វនៅលើទ្រូងផ្លូវ ត្រូវឈប់នៅតាមទិសដែលខ្លួនកំពុងធ្វើចរាចរណ៍ ដោយអនុវត្តដូចខាងក្រោម៖
– ចំពោះទ្រូងផ្លូវដែលមានទិសចរាចរណ៍ពីរ ត្រូវឈប់ខាងស្តាំតាមទិសចរាចរណ៍ របស់ខ្លួន
– ចំពោះទ្រូងផ្លូវឯកទិស ត្រូវឈប់ខាងស្តាំឬខាងឆ្វេងតាមទិសចរាចរណ៍លើក លែងតែមាន ផ្លាកសញ្ញាហាមឃាត់។ ៥- ហាមលែងសត្វឱ្យដើររហេតរហូតលើផ្លូវ។
គួរឱ្យដឹងថាកាលពីពេលថ្មីៗកន្លងមកនេះអភិបាលខេត្តរតនៈគីរីបានបញ្ជាមន្រ្តីក្រោមឱវាទធ្វើបញ្ជីវត្តមានសត្វឆ្កែចិញ្ចឹមតាមផ្ទះ និងតាមដងផ្លូវ ដើម្បីពង្រឹងសុវត្ថភាពចរាចរណ៍ រួមទាំងអនាម័យ ខណៈគ្រោះថ្នាក់ចរាចរណ៍មួយចំនួនក៏កើតចេញពីសត្វឆ្កែក្នុងឯកឧត្តមក៏បានបញ្ជាក់ដែរថាកន្លងមកក៏ធ្លាប់ប៉ះពារដោយសារតែសត្វឆ្កែនេះដូចគ្នា៕










