ប្រទេសបារាំង ៖ នេះជាគំនិតមួយនឹកស្មានពុំដល់ ប្រទេសបារាំងបានអនុវត្តគម្រោងឈ្មោះ «One Family, One Hen» តាំងពីឆ្នាំ២០១៥ មកម៉្លេះ គឺចែកមាន់១ក្បាលក្នុង១គ្រួសារ ដើម្បីឱ្យពលរដ្ឋយកទៅចិញ្ចឹម ។ ប៉ុន្តែទិសដៅរបស់រដ្ឋាភិបាលបារាំង ពុំមែនឱ្យពលរដ្ឋចិញ្ចឹមមាន់យកស៊ុតបរិភោគប៉ុណ្ណោះទេ ប៉ុន្តែដើម្បីឱ្យមាន់ទាំងនេះជួយកាត់បន្ថយកាកសំណល់អាហារក្នុងលំនៅឋាន ហើយរដ្ឋាភិបាលសង្ឃឹមថា មាន់នឹងអាចកម្ចា.ត់ កាកសំណល់អាហារ រហូតដល់២៧៣តោន ។
កាលពីឆ្នាំ២០១៥ បារាំងបានចាប់ផ្តើមសាកល្បងគម្រោងនេះ ដោយយកមាន់ទៅចែកឱ្យពលរដ្ឋក្នុងភូមិមួយឈ្មោះ Colmar ស្ថិតក្នុងតំបន់ជនបទ និងសហការជាមួយកសិដ្ឋានចិញ្ចឹមមាន់ ចំនួន២កន្លែង ។ ពេលនោះ មានពលរដ្ឋ២០០គ្រួសារ ចាប់អារម្មណ៍ចូលរួមក្នុងគម្រោងចិញ្ចឹមមាន់ ដើម្បីកាត់បន្ថយកាកសំណល់អាហារ ។ រីឯមាន់ដែលពលរដ្ឋយកទៅចិញ្ចឹម មាន២ពូជ រួមមាន ៖ ពូជ Poulet Rouge និងពូជ Alsace ។ ក្រោយមកទៀត ក៏ចែកមាន់ពូជក្នុងស្រុក ដែលមាន់ទាំងនេះភាគច្រើនរស់នៅភាគខាងជើងប្រទេសបារាំង ។.png)
មុនពេលពលរដ្ឋចុះឈ្មោះទទួលយកមាន់មកចិញ្ចឹម គឺគ្រួសារនីមួយៗត្រូវតែយល់ព្រមថា នឹងចិញ្ចឹមមាន់ត្រឹមត្រូវតាមក្បួនអនាម័យ ឬសម្អាតអាចម៍មាន់ឱ្យស្អាត ពុំប៉ះពាល់បរិស្ថាន ។ ក្រៅពីនេះ ពលរដ្ឋត្រូវតែធ្វើទ្រុងមាន់ដោយខ្លួនឯង និងលែងវាឱ្យដើរ ។ តើការចែកមាន់១ក្បាលក្នុង១គ្រួសារនេះ ពិតជាអាចកាត់បន្ថយកាកសំណល់អាហារដែរឬអត់?
តាមធម្មតា ពេលបរិភោគអាហាររួច យើងតែងតែបោះចោលកាកសំណល់អាហារ ប៉ុន្តែពេលយកមាន់មកចិញ្ចឹម គឺមាន់នឹងស៊ីកាកសំណល់អាហារទាំងនេះ ។ ដូច្នេះ យើងពុំចាំបាច់បោះចោលកាកសំណល់អាហារខ្ជះខ្ជាយទៀតទេ ប៉ុន្តែយើងនឹងឆ្ងល់ថា តើមាន់១ក្បាលអាចកម្ចាត់កាកសំណល់អាហារបានច្រើនកម្រិតណា?
អ្នកជំនាញនិយាយថា ជាមធ្យម មាន់ដែលមានអាយុ៤ឆ្នាំ នឹងអាចស៊ីកាកសំណល់អាហារ រហូតដល់១៥០ក្រាមក្នុង១ថ្ងៃ ។ ហេតុនេះ ចាប់ពីឆ្នាំ២០១៥ រហូតមកដល់បច្ចុប្បន្ន (ឆ្នាំ២០២៥) មាន់ជាង៥,២៨២ក្បាល ដែលរដ្ឋាភិបាលបារាំងចែកឱ្យពលរដ្ឋយកមកចិញ្ចឹមនោះ នឹងអាចកម្ចាត់កាកសំណល់អាហារ រហូតដល់២៧៣តោន ៕










