ថ្លែងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពីសុវត្ថិភាពលើប្រព័ន្ធអនឡាញ និងគោលការណ៍ណែនាំជាមួយក្រុមហ៊ុន Tik Tok នៅព្រឹកថ្ងៃទី១៩ មីនា ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានថ្លែងថា៖”ចាប់ពីពេលនេះតទៅ អ្នកបង្កើតមាតិកានៅកម្ពុជា ហើយផ្សព្វផ្សាយនៅលើបណ្ដាញសង្គម Tik Tok អាចរកចំណូលបានហើយ”។
នៅក្នុងការបើកឱ្យរកប្រាក់ចំណូលនេះ អ្នកផលិតមាតិកានៅប្រទេសកម្ពុជា អាចរកចំណូលតាមរយៈគោលការណ៍ Subscription ដោយតម្រូវឱ្យគណនីនោះមានអ្នកតាមដាន (Follower) យ៉ាងតិច១មុឺននាក់ និងមានចំនួនមើល១លានដង អាចទទួលបានប្រាក់រង្វាន់បន្ថែម ២០ភាគរយនៃទឹកប្រាក់ដែលផ្តល់ដោយបណ្តាញសង្គម TikTok។
ក្នុងនោះអ្នកតាមដាន (Follower) អាច Subscribe ទៅលើអ្នកផលិតមាតិកាណាមួយ ដោយមានតម្លៃប្រចាំខែពី២ដុល្លារ ដល់ ១០ដុល្លារ។
តែយ៉ាងណាមិញ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ក៏អំពាវនាវដល់អ្នកបង្កើតមាតិកាទាំងអស់ប្រឹង សូមកុំបង្កើតមាតិកាដែលធ្វើឱ្យមនុស្សភ័យខ្លាច បំផ្លាញបរិស្ថាន រំលេចនូវរូបភាពបែបសាហាវ ដែលមាតិកាទាំងអស់នេះនឹងធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍អ្នកទស្សនា ហើយអាចនឹងមិនទទួលបានចំណូល៕










