“ភ្នំណាមលៀរ” ជាភ្នំថ្មដែលមានទេសភាពគួជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងការមកកម្សាន្តយ៉ាងហោចណាស់អោយបានម្ដងក្នុងមួយជីវិត ដើម្បីទស្សនាទិដ្ឋភាពធម្មជាតិដ៏អស្ចារ្យនៃភ្នំនេះដោយផ្ទាល់ភ្នែក។

វាមានឈ្មោះថា “ភ្នំណាមលៀរ” ប៉ុន្តែមនុស្សមួយចំនួនហៅថា ភ្នំថ្មយក្ស, ភ្នំលុប្រាណ រឺ វាលថ្មរំអិល វាគ្របដណ្ដប់លើផ្ទៃដី ៨ហិចតា កម្ពស់១,០៦៦ម៉ែត្រ មានទីតាំងនៅស្រុកពេជ្រដា ខេត្តមណ្ឌលគិរី ស្ថិតនៅជាយដែនភាគឦសាន នៃប្រទេសកម្ពុជាមានចម្ងាយប្រមាណ ៤៨គីឡូម៉ែត្រពីក្រុងសែនមនោរម្យ និងត្រឹម ៤គីឡូម៉ែត្រពីព្រំដែនកម្ពុជា- វៀតណាម។
ដើម្បីអាចធ្វើដំណើរមកកាន់ភ្នំនេះបាន អ្នកត្រូវធ្វើដំណើរតាមផ្លូវដីគ្រួសក្រហម ឆ្លងកាត់តាមផ្លូវចម្ការកៅស៊ូដ៏វែង ដោយម៉ូតូ រថយន្ត រឺជ្រើសរើសជួលសេវាពីបងប្អូនសហគមន៍ ដើម្បីអោយពួកគាត់ជូនក៏បានព្រោះមិនពិបាករកផ្លូវ។ បន្ទាប់ពីបានធ្វើដំណើរមកដល់ ធានាថាអ្នកនឹងបានជាប់ចិត្តជាមួយនឹងទេសភាពភ្នំថ្ម ដែលព័ទ្ធជុំវិញដោយព្រៃឈើធម្មជាតិនេះមិនខាន។
ទស្សនីយភាពនៅជុំវិញភ្នំ បានជួយកំដរអារម្មណ៍ និងផ្ដល់ជាចំណីចក្ខុដល់អ្នកដំណើរជាប់ជានិច្ច។ នៅចង្កេះ “ភ្នំណាមលៀរ” ក៏មានអណ្ដូងទឹកមួយ ដែលមានទឹកចេញសឹងគ្រប់រដូវកាលផងដែរ ដែលត្រូវបានគេហៅថាជាអណ្ដូងស្នេហ៍។ ពេលឡើងដល់កំពូលភ្នំ អ្នកទេសចរនឹងប្លែកអារម្មណ៍កាន់តែខ្លាំង ជាមួយបរិយាកាសដ៏ស្រឡះល្អ ខ្យល់ជំនោរបក់បោកយ៉ាងត្រជាក់ និងអាចគយគន់ទេសភាពព្រៃប្រឹក្សាយ៉ាងខៀវស្រងាត់ បានយ៉ាងច្បាស់។

សូមបញ្ជាក់ថា សម្រាប់អ្នកដែលមានបំណងចង់ឡើងកម្សាន្តនៅលើភ្នំនេះ គួរជ្រើសរើសកុំមកខែមានភ្លៀងធ្លាក់អីព្រោះវាអាចនឹងរអិល គួពាក់ស្បែកជើងណាដែលងាយស្រួលដើរ និងមានបាតស្អិត ព្រោះត្រូវតោងខ្សែពួរដើម្បីឡើង ពុំមានជាកាំជណ្ដើរនោះទេ។ មួយវិញទៀត សម្រាប់ស្រ្តីមានផ្ទៃពោះ អ្នកមានបញ្ហាខ្សោយបេះដូង រឺខ្លាចខ្ពស់ជាដើម គឺមិនគួធ្វើការឡើងភ្នំនេះនោះទេ។ ដោយប្រសិនជាអ្នកចង់មកកម្សាន្ត អ្នកអាចអង្គុយនៅតូបអាហាររបស់បងប្អូនប្រជាសហគមន៍ ព្រមទាំងសាកភ្លក្សរសជាតិម្ហូបអាហាររបស់តំបន់នៅទីនោះបាន។
ក្នុងដំណើរឡើងទៅជំរាល “ភ្នំណាមលៀរ” ដ៏ខ្ពស់ និងចោតនេះ មិនត្រឹមតែផ្ដល់អោយអ្នកទេសចរនូវដំណើរផ្សេងព្រេងបែបថ្មីរួមជាមួយទេសភាពធម្មជាតិដ៏ស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជាទីតាំងប្រវត្តិសាស្រ្ដនៃជនជាតិដើមពូនងផងដែរ៕
រូបភាព៖ Ros Santhy










