ឯកឧត្តម ស្វាយ ដូត មន្រ្តីជាន់ខ្ពស់ម្នាក់នៅទីស្តីការគណ:រដ្ឋមន្រ្តី បានគាំងបេះដូងស្លាប់ អំឡុងពេលកំពុងទាត់បាល់ជាមួយក្រុមអាជ្ញាធរសវនកម្មជាតិ នៅល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ក្នុងកម្មវិធីប្រកួតបាល់ទាត់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន។

នៅអំឡុងការប្រកួត ឯកឧត្តមត្រូវបានផ្លាស់ប្តូរចូលនៅវគ្គទី២ នាទី៥១ ដោយលេងបានតែ៧នាទីពោលនៅនាទី៥៨ឯកឧត្តមក៏បានដួលសន្លប់នៅលើទីលានតែម្តង ខណៈក្រុមគ្រូពេទ្យក៏បានចូលពិនិត្យព្យាបាលផងដែរ តែជាអកុសលឯកឧត្តមបានបាត់បង់ជីវិតទៅហើយ។

ឯកឧត្តម ស្វាយ ដូត មានអាយុ៥៦ឆ្នាំ ជាជំនួយការសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​កម្ពុជា។

សម្តេចមហាបវរធិបតី បានចាត់ទុកមរណភាពរបស់លោក ស្វាយ ដូត គឺជា​ការបាត់បង់មន្ត្រីដ៏ល្អឆ្នើមមួយរូប បានរួមចំណែកធ្វើពលិកម្មគ្រប់បែបយ៉ាង ប្រកបដោយឆន្ទៈ និងមនសិការមោះមុត ដើម្បីចូលរួមបម្រើជាតិ សាសនា ព្រះមហា​ក្សត្រ និងបម្រើឱ្យឧត្តមប្រយោជន៍មាតុភូមិ និងប្រជាជនជារៀងរហូតមក។

បច្ចុប្បន្ន សពរបស់លោក ស្វាយ ដូត ត្រូវបានតម្កល់រៀបចំពិធីបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋាននៅបុរីសម្បត្តិមានហេង៣ ផ្ទះលេខ១ ផ្លូវលេខ៥ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕