ប្រទេសជប៉ុន ៖ កាលពីខែកុម្ភៈ ឆ្នាំ២០២៥ អ្នកលេងបណ្តាញសង្គមជប៉ុនបានចាប់អារម្មណ៍នឹងក្រុមហ៊ុនបច្ចេកវិទ្យាមួយនៅប្រទេសជប៉ុន អនុញ្ញាតឱ្យបុគ្គលិកផឹកស្រាបៀរនៅកន្លែងធ្វើការ ថែមទាំងឱ្យបុគ្គលិកសុំច្បាប់សម្រាក បើស្រវឹងខ្លាំងធ្វើការពុំកើត ឬសុំច្បាប់ខូចចិត្ត ។ តាំងពីក្រុមហ៊ុនអនុវត្តគោលការណ៍ថ្មីនេះឃើញថា បុគ្គលិកជាយុវជនរីករាយនៅកន្លែងធ្វើការ គ្មានអ្នកណាម្នាក់លាឈប់ពីការងារទេ ទោះជាពួកគេទទួលបានប្រាក់ខែតិចក្តី ។
.png)
មនុស្សភាគច្រើនចាត់ទុកថា ការសុំច្បាប់សម្រាកដោយសារមូលហេតុផឹកស្រាស្រវឹងខ្លាំងកាលពីឈប់ គឺជារឿងគួរខ្មាស់អៀន ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យានៅទីក្រុងអូសាកា ប្រទេសជប៉ុន ឈ្មោះ Trust Ring Co Ltd ដែលមានបុគ្គលិកចំនួន៦០នាក់ បែរជាអនុញ្ញាតឱ្យបុគ្គលិកផឹកស្រាបៀរត្រជាក់ៗនៅកន្លែងធ្វើការដោយគ្មានកំណត់ និងអាចសុំច្បាប់សម្រាកបើស្រវឹងខ្លាំង ព្រោះក្រុមហ៊ុនចាត់ទុកថា បុគ្គលិកគួរតែទទួលបានសិទ្ធិឈប់សម្រាក ។
.png)
ក្រុមហ៊ុនពុំអាចផ្តល់ប្រាក់ខែខ្ពស់ឱ្យបុគ្គលិកដូចក្រុមហ៊ុនធំៗទេ ទើបបង្កើតគោលការណ៍ថ្មីដើម្បីទាក់ទាញបុគ្គលិកជាយុវជន និងផ្តល់ភាពសប្បាយរីករាយនៅកន្លែងធ្វើការ ។ បុគ្គលិកត្រូវធ្វើការចំនួន៩ម៉ោងក្នុង១ថ្ងៃ ប៉ុន្តែបើបុគ្គលិកផឹកស្រវឹងខ្លាំងនៅផ្ទះ គឺអាចសុំច្បាប់ឈប់១ព្រឹកបាន និងមកធ្វើការពេលរសៀល ហើយក្រុមហ៊ុនថែមទាំងអនុញ្ញាតឱ្យបុគ្គលិកសុំច្បាប់សម្រាកពេលខូចចិត្ត ឬមានហេតុការណ៍មិនល្អកើតឡើងលើអាយដលរបស់ពួកគេ ។
នាយកក្រុមហ៊ុននិយាយថា ៖ «ទោះជាក្រុមហ៊ុនពុំអាចផ្តល់ប្រាក់ខែខ្ពស់ឱ្យបុគ្គលិក ប៉ុន្តែក្រុមហ៊ុនអាចបង្កើតបរិយាកាសឱ្យបុគ្គលិកសប្បាយរីករាយនៅកន្លែងធ្វើការ ។ ហេតុនេះ បុគ្គលិកទាំងអស់មានសេរីភាពអាចធ្វើអ្វីក៏បានតាមពួកគេត្រូវការ ។ បុគ្គលិកទទួលបានប្រាក់ខែ ចំនួន១,៤៧៥ដុល្លារក្នុង១ខែ ហើយប្រាក់នេះគិតទាំងថ្លៃធ្វើការថែមម៉ោង» ។
.jpg)
តាំងពីអនុវត្តគោលការណ៍ថ្មី គ្មានបុគ្គលិកណាម្នាក់ដាក់ពាក្យលាឈប់ពីការងារទេក្នុងរយៈពេល៣ឆ្នាំមកនេះ ប៉ុន្តែពួកគេអាចបំពេញការងារបានល្អទៀតផង ។ និស្សិតទើបបញ្ចប់ការសិក្សាថ្មីៗពេញចិត្តនឹងគោលការណ៍របស់ក្រុមហ៊ុន ហើយពួកគេចាត់ទុកថា ការរីករាយនៅកន្លែងធ្វើការ គឺសំខាន់ជាងប្រាក់ខែ ។
បច្ចុប្បន្ន ក្រុមហ៊ុននានានៅជប៉ុនបានរកវិធីទាក់ទាញបុគ្គលិកទើបបញ្ចប់ការសិក្សា និងរក្សាបុគ្គលិកជាយុវជន ស្របពេលជប៉ុនកំពុងខ្វះខាតកម្លាំងពលកម្មយ៉ាងខ្លាំង ដោយសារអត្រាកំណើតធ្លាក់ចុះ ។ ក្រុមហ៊ុនខ្លះទៀតអនុញ្ញាតឱ្យបុគ្គលិកធ្វើការពីផ្ទះ (Work From Home) ឬអនុញ្ញាតឱ្យបុគ្គលិកធ្វើការផ្សេងទៀត ឬឱ្យសុំច្បាប់ដោយមូលហេតុប្លែកៗ ដូចជា ៖ សុំច្បាប់ខូចចិត្ត ជាដើម ៕










