លោក ASHRAF MAHROUS បានបង្កើតកំណត់ត្រាពិភពលោកចំនួនបីដងជាប់ៗគ្នា ដោយការទាញរថភ្លើងទម្ងន់ ២៧៩ តោនជាមួយនឹងធ្មេញរបស់គាត់ នៅឯស្ថានីយ៍មួយក្នុងទីក្រុង Cairo ប្រទេសអេហ្ស៊ីប។
យោងតាមប្រភពព័ត៌មាន AP និង Reuters លោក Ashraf Mahrous គឺជាអ្នកចំបាប់អេហ្ស៊ីបដ៏ល្បីល្បាញម្នាក់ ដែលគាត់ធ្លាប់បានបំបែកឯតទគ្គកម្មពិភពលោកចំនួន ៣ ដងរួចមកហើយ សម្រាប់ការទាញរថភ្លើងដែលមានទម្ងន់ធ្ងន់បំផុតដោយធ្មេញ។
ការទាញរថភ្លើងដោយកម្លាំងនៃធ្មេញគឺមិនមែនជាកិច្ចការងាយស្រួលនោះទេ ហើយក៏មិនមែនជារឿងធម្មតាឡើយ។ ប៉ុន្តែសម្រាប់អ្នកចំបាប់អេហ្ស៊ីប Ashraf Mahrous គឺគាត់បានធ្វើវាដោយជោគជ័យ ដែលបង្ហាញពីភាពខ្លាំងគួរឱ្យភ្ញាក់ផ្អើលរបស់គាត់។ កាលពីថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៥ អត្តពលិករូបនេះ បានប្រើធ្មេញរបស់គាត់ដើម្បីទាញរថភ្លើងទម្ងន់ ២៧៩ តោនដោយតភ្ជាប់ខ្សែ ហើយទាញរហូតជិត ១០ ម៉ែត្រធ្វើឱ្យមនុស្សម្នាជាច្រើនកោតសរសើរនឹងកម្លាំងមហិមារបស់លោកខ្លាំងណាស់។.jpg)
ដោយសារមានការអបអរសាទរដោយហ្វូងមនុស្សយ៉ាងច្រើនសន្ធឹកសន្ធាប់ សមាជិកនៃអង្គការកំណត់ត្រាពិភពលោក Guinness នៅស្ថានីយ៍រថភ្លើង Ramses កណ្តាលទីក្រុងគែរ ក៏បានទទួលស្គាល់លោក Mahrous ថាជាបុរសខ្លាំងបំផុតក្នុងពិភពលោក។ គួរបញ្ជាក់ដែរថា លោក Mahrous បច្ចុប្បន្នមានអាយុ ៤០ ឆ្នាំ គឺជាប្រធានសហព័ន្ធកីឡាចំបាប់អាជីពអេហ្ស៊ីប ធ្លាប់ត្រូវបានទទួលស្គាល់ដោយ Guinness ក្នុងខែកុម្ភៈ ឆ្នាំ ២០២៤ សម្រាប់ការបំបែក និងទទួលទានស៊ុតឆៅចំនួន ១១ គ្រាប់ក្នុងរយៈពេល ៣០ វិនាទី។
ហើយនៅក្នុងខែមិថុនា ឆ្នាំ ២០២១ លោកក៏បានទទួលស្គាល់ម្តងទៀត សម្រាប់ការទាញឡានដឹកទំនិញទម្ងន់ជិត ១៦ តោនដោយធ្មេញរបស់លោក។ យោងតាមលោក Dawlet Elnakeb អ្នករៀបចំព្រឹត្តិការណ៍អូសរថភ្លើង បាននិយាយថា លោក Mahrous គឺបានហ្វឹកហាត់អស់រយៈពេល ២០ ថ្ងៃហើយមុនពេលបង្កើតកំណត់ត្រាទាំងនេះ៕










