តៃវ៉ាន់ ៖ ក្រសួងការបរទេសតៃវ៉ាន់បានចេញសេចក្តីថ្លែងការណ៍មួយ ដើម្បីដាស់តឿនពលរដ្ឋរបស់ខ្លួនរស់នៅក្រៅប្រទេស ឬធ្វើដំណើរទៅបណ្តាប្រទេសជិតស្និទ្ធជាមួយចិន គឺត្រូវប្រយ័ត្នខ្លួន ឬប្រយ័ត្នរងការគំរា.មពីចិន ឬអាជ្ញាធរចិនចាប់សួរចម្លើយយកទៅកាត់ទោ.ស ជាពិសេស ក្រុមនិស្សិតតៃវ៉ាន់ និងក្រុមសកម្មជនដែលប្រឆាំងនឹងគោលនយោបាយដាក់បញ្ចូលតៃវ៉ាន់ជាទឹកដីមួយផ្នែករបស់ចិន ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ។.png)
កាសែត Taipei Times របស់តៃវ៉ាន់បានរាយការណ៍ដោយយោងតាមសេចក្តីថ្លែងការណ៍ជាផ្លូវការថា នាពេលថ្មីៗនេះ រដ្ឋាភិបាលតៃវ៉ាន់បានដាស់តឿនពលរដ្ឋរបស់ខ្លួនឱ្យប្រុងប្រយ័ត្នការពារសុវត្ថិភាពឱ្យខ្លាំង ពេលធ្វើដំណើរទៅបណ្តាប្រទេសជាមិត្តរបស់ចិន ដូចជា ៖ បណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ និងក្រុមប្រទេសនៅទ្វីបអាហ្វ្រិក ។
ការដាស់តឿនពលរដ្ឋរបស់រដ្ឋាភិបាលតៃវ៉ាន់ គឺក្រោយពីរដ្ឋាភិបាលចិនបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធពិនិត្យឯកសារ ចំនួន២២ច្បាប់ តាំងពីខែមិថុនា ឆ្នាំ២០២៤ ដើម្បីឱ្យតុលាការចិនកាត់ទោសប្រហារជីវិតក្រុមសកម្មជនទាមទារឯករាជ្យឱ្យតៃវ៉ាន់ ហើយចុងចោទពុំចាំបាច់បង្ហាញខ្លួននៅបន្ទប់សវនាការ ។ រដ្ឋាភិបាលចិនក៏បានអនុវត្តតាមឯកសារទាំង២២ច្បាប់ នៅបណ្តាប្រទេសជាមិត្តរបស់ចិនផងដែរ តាំងពីចុងខែកុម្ភៈ ឆ្នាំ២០២៥ ក្រោយពីធ្វើកិច្ចប្រជុំសម្ងាត់ ២ថ្ងៃ រវាងភ្នាក់ងារសន្តិសុខចិន និងទីប្រឹក្សាជិតស្និទ្ធបំផុតជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ព្រមទាំងសមាជិកគណៈកម្មការនយោបាយគណបក្សកុម្មុយនិស្តចិន ។

ស្ថានទូត និងស្ថានីយប៉ូលិសចិននៅបណ្តាប្រទេសជិតស្និទ្ធជាមួយចិន នឹងបំពេញតួនាទីជំនួសរដ្ឋាភិបាលចិន ដើម្បីអនុវត្តតាមឯកសារទាំង២២ច្បាប់ ។ ហេតុនេះ តៃវ៉ាន់ចាំបាច់ត្រូវតែដាស់តឿនពលរដ្ឋដែលរស់នៅក្រៅប្រទេស ឬធ្វើដំណើរទៅបណ្តាប្រទេសជិតស្និទ្ធជាមួយចិន ឱ្យប្រយ័ត្នខ្លួន ។ រដ្ឋាភិបាលតៃវ៉ាន់បានដាស់តឿនពលរដ្ឋ កម្រិតពណ៌លឿង (គួរប្រុងប្រយ័ត្ន) និងកម្រិតពណ៌ទឹកក្រូច (គួរប្រយ័ត្នឱ្យខ្លាំង) ពេលធ្វើដំណើរទៅទីក្រុងហុងកុង និងម៉ាកាវ ។ រីឯពលរដ្ឋតៃវ៉ាន់ធ្វើដំណើរទៅបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏ទទួលការដាស់តឿនពីរដ្ឋាភិបាលដែរ ក្នុងកម្រិតពណ៌ទឹកក្រូច ៕










