ភ្នំពើងតានាន់ ជាតំបន់ព្រៃភ្នំនិងទេសចរណ៍ធម្មជាតិ ដែលមានពើងថ្មជាច្រើនដុះបន្តុបលើគ្នាយ៉ាងគួរឱ្យទាក់ទាញ អមជាមួយនឹងទេសភាពព្រៃព្រឹក្សាដ៏ខៀវស្រងាត់ព័ទ្ធជុំវិញ ខណៈកំពុងតែលាក់ខ្លួននៅលើទឹកដីនៃខេត្តសៀមរាប។

ក្រៅពីប្រាសាទបុរាណនៅតំបន់អង្គរវត្តជាទីតាំងប្រវត្តិសាស្រ្តខ្មែរដ៏ល្បីល្បាញ, ទឹកដីខេត្តសៀមរាប ក៏នូវមានទេសភាពធម្មជាតិរាប់មិនអស់ ដែលជាទីចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ។ ភ្នំពើងតានន់ ឬភ្នំពើងតានាន់ មានទីតាំងស្ថិតនៅភូមិគោកភ្នៅ ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប និងមានចម្ងាយប្រមាណ ៧២ គីឡូម៉ែត្រ ពីរង្វង់មូលនាគព័ន្ធ។
ផ្ទាំងថ្មដុះមូលធំៗដេញពន្លឺភ្លឺផ្លេកៗត្រួតលើគ្នារប៉ាត់រប៉ាយរាប់ពាន់ដុំនៅលើខ្នងភ្នំ អមជាមួយនឹងទឹកអូរហូររិញៗកាត់ថ្ម ដើមឈើបៃតងស្រស់អមជាមួយវាលចម្ការនៅតាមជើងភ្នំ ផ្កាព្រៃភ្នំពណ៌ស ក្រហម រួមទាំងពន្លកផ្កាចាហួយចេញត្រួយខ្ចីដ៏ស្រស់បំព្រង។ នៅរដូវវស្សា ភ្ញៀវទេសចរគឺអាចមើលឃើញទិដ្ឋភាពដ៏ខៀវស្រងាត់ព័ទ្ធជុំវិញ បង្កើតបានជាអារម្មណ៍ស្រស់ស្រាយ។ នៅពេលឡើងទៅលើផ្ទាំងថ្ម អ្នកនឹងសម្លឹងឃើញទិដ្ឋភាព ក៏ដូចជាចម្ការដំណាំនានារបស់ប្រជាពលរដ្ឋតំបន់នោះរហូតដល់ទៅ១៨០ដឺក្រេ។
ចំណុចពិសេសនៃភ្នំពើងតានាន់នេះគឺស្ថិតនៅក្នុងប្រភេទព្រៃភ្នំ និងទេសចរណ៍ធម្មជាតិ។ សកម្មភាពជាច្រើនដែលអ្នកអាចរីករាយជាមួយដំណើរកម្សាន្តលើភ្នំនេះគឺមានដូចជា៖ ទស្សនាទេសភាពព្រៃភ្នំ, ពិកនិច, គយគន់ថ្ងៃលិច, គយគន់ថ្ងៃរះ, បទពិសោធន៍ឡើងភ្នំ, ដើរលេងថ្មើរជើង និងបោះតង់សម្រាកជាដើម។
បើយោងតាមវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គមបានបញ្ជាក់ថា ថ្មដុះធម្មជាតិនៅលើភ្នំពើងតានាន់នេះ គឺមានអាយុកាលចន្លោះពី ៦៥ ទៅ ១៩០លានឆ្នាំមុន ដែលជាស្លាកស្នាមបង្ហាញថា ទីតាំងនេះធ្លាប់លិចទឹក ខណៈក៏បានរកឃើញស្លាកស្នាមផូស៊ីលលាយសមុទ្រខ្លះៗជាប់នឹងថ្មផងដែរ៕










