ដូចប្រិយមិត្តមួយចំនួនជ្រាបមកហើយថាតារាចម្រៀង ជី ដេវិត បានចេញបទចម្រៀង Diss Track ចំនួនពីរបទកាលពីខែកុម្ភៈ កន្លងមកថ្មីៗនេះបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈរឿងនេះហាក់ដូចជារក្សាភាពស្ងៀមស្ងាត់មួយរយៈមកហើយក្រោយពី វណ្ណដា មិនបានចេញបទ Diss Track តបតនោះទេ។
ទោះបីជាយ៉ាងនេះក្តីរូបភាពមួយសន្លឹកនិងសំណេររបស់ ជី ដេវិត ដែលទើបនឹងបង្ហោះត្រូវរងនូវមតិវែកញែក ក្នុងនោះក៏មានគណនីបណ្តាញសង្គមមួយចំនួនអះអាងថាក៏ជាហ្វេនរបស់ ជី ដេវិត ដូចគ្នាប៉ុន្តែការបង្ហោះឌឺដងផ្លែផ្ការបស់លោកទៅកាន់ វណ្ណដា បែបនេះពួកគេមិនគាំទ្រនោះទេ។
នៅយប់ថ្ងៃទី១២ មីនា នៅលើគណនីហ្វេកប៊ុក Ngoun Chan Davith បានបង្ហោះរូបភាពមួយសន្លឹកជាមួយនឹងខ្លឹមសារថា «សម្រាប់ជួលចេញ Event គ្រប់ប្រភេទចេញបានបងប្អូន រៀបរួច down pipe full system»។ រូបភាពដែលតារាចម្រៀងរូបនេះបង្ហោះគឺជាឡានសេរីទំនើប Lamborghini ហើយបានបិតឡានជារូបភាពចេញពីចម្រៀង Diss Track វណ្ណដា ក្នុងឆ្នាំ២០២២ មានចំណងជើងថា «ចុម អាអូនអត់ដេក» នៅមុខឡានតែម្តង។
រូបភាពនិងខ្លឹមសារខាងលើរបស់ ជី ដេវិត នេះបានបង្កឱ្យមានមតិវែកញែកជាច្រើនដោយអ្នកគាំទ្រមួយចំនួនបានខម្មិនសួរតម្លៃមានបំណងជួល ខណៈអ្នកមួយចំនួនមិនគាំទ្រឱ្យ ជី ដេវិត បង្ហោះឌឺដងគេបែបនេះនោះទេ។
គណនី Jin Suha បានខម្មិនថា «ខ្ញុំសង្ឃឹមថាបងបានអានខំមិនរបស់ខ្ញុំ:ខ្ញុំដឹងថាបងបានសិក្សា សួរគេសួរឯងអស់ហើយ ទើបយកឡាននេះទៅបិទ ទៅលេងបែបនេះ។ តែក្នុងនាមជាfanបងម្នាក់ ដែលគោរពស្រលាញ់បងពីបេះដូង ពីចិត្ត ខ្ញុំហាក់ដូចជាមានអារម្មណ៍ថា មិនសមរម្យ នៅកន្លែងណាមួយ! ការពិតទៅ គេបានធ្វើបាបយើង គេមានចេតនា ឲ្យយើងអន្តររាយវាជាបាបដ៏ធ្ងន់របស់គេ គេវាជាមនុស្សអាក្រក់បាត់ទៅហើយ។បើអាច បើគេខាំយើងមុន ចាំយើងតបវិញ តែបើគេមិនទាន់បានប៉ះពាល់អ្វីដល់យើងទេ យើងនៅរក្សាជំហរ ជាសុភាពបុរសប្រកាន់សច្ចៈធម៌បន្តទៀតណាបង។ ពីខ្ញុំFanផ្កាប់មុខរបស់បង ដែលចាំការពារបងពីក្រោយ»។

គណនីផ្សេងទៀតបានខម្មិនថា «ខ្ញុំហ្វេនGD ដែរតែគាត់ឌឺគេចឹងអត់ល្អទេ , ក្នុងនាមខ្ញុំជា Fanបងម្នាក់តាំងពីដើមមកខ្ញុំនៅខាងបងជានិច្ច សូមតែម្យ៉ាងទេបើគេមិនប៉ះយើងកុំទៅប៉ះគេ ស្នើសុំបងកុំបិទឡានពីមុខបែបនិងអីកុំឱ្យគេមើលមកមិនសមហើយគេថាយើងចង់ឌឺដងគេមុន…រួមទាំងការខម្មិនពីសាធារណជនជាច្រើនទៀត»៕










