ប្រទេសថៃ ៖ រដ្ឋាភិបាលម៉ាឡេស៊ីបានហាមឃាត់ពលរដ្ឋរបស់ខ្លួនធ្វើដំណើរទៅបណ្តាខេត្តភាគខាងត្បូងប្រទេសថៃ ក្រោយកើតហេតុការណ៍ផ្ទុះគ្រា.ប់បែ.ក និងបា.ញ់ប្រ.ហារ កាលពីចុងសប្តាហ៍ទី១ ខែមីនា ឆ្នាំ២០២៥ ហើយសមត្ថកិច្ចម៉ាឡេស៊ីបានបង្កើនកម្លាំងការពារសុវត្ថិភាពនៅតំបន់ព្រំដែនជាប់ថៃផងដែរ ។ ហេតុការណ៍ផ្ទុះគ្រា.ប់បែ.ក និងបា.ញ់ប្រ.ហារ បណ្តាលឱ្យមនុស្សស្លា.ប់ ៥នាក់ និងរងរបួស១៣នាក់ ដែលថៃសង្ស័យថា គឺជាទង្វើរបស់ក្រុមបះបោរដែលចង់ផ្តាច់ខ្លួនចេញពីថៃ ។.png)
សារព័ត៌មាន Reuters រាយការណ៍ថា ហេតុការណ៍ផ្ទុះគ្រាប់បែក និងបាញ់ប្រហារបានកើតឡើងនៅបណ្តាខេត្តភាគខាងត្បូងរបស់ថៃ ក្នុងតំបន់សម្បូរពលរដ្ឋមូស្លីមកាត់ម៉ាឡេស៊ី ។ តាំងពីក្រុមបះបោរធ្វើសកម្មភាពបំបែកខ្លួនចេញពីប្រទេសថៃអស់រយៈពេលជាច្រើនឆ្នាំ ធ្វើឱ្យពលរដ្ឋនៅបណ្តាខេត្តភាគខាងត្បូងស្លាប់រហូតដល់ជាង៧,៣០០នាក់ ។
ក្រុមបះបោរបានបាញ់សំដៅទៅការិយាល័យស្រុកស៊ុង៉ៃកូឡុក និងតំបន់ទេសចរណ៍ដ៏ពេញនិយមរបស់ភ្ញៀវទេសចរម៉ាឡេស៊ីក្នុងខេត្តណារ៉ាធិវ៉ាត ដែលបណ្តាលឱ្យភ្នាក់សន្តិសុខស្ម័គ្រចិត្តថៃស្លាប់២នាក់ ។ រីឯខេត្តប៉ាតានី នៅជាប់ខេត្តណារ៉ាធិវ៉ាត មានគ្រាប់បែកផ្ទុះនៅតាមផ្លូវបណ្តាលឱ្យទាហានឈុតខ្មៅថៃស្លាប់ម្នាក់ និងមន្ត្រីរដ្ឋាភិបាលស្លាប់២នាក់ ។.png)
ក្រសួងការបរទេសម៉ាឡេស៊ីបានបញ្ជាក់ក្នុងសេចក្តីប្រកាស ដែលផ្សព្វផ្សាយកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ ថា នៅខែមីនានេះ សូមពលរដ្ឋម៉ាឡេស៊ីចៀសវាងការធ្វើដំណើរទៅបណ្តាខេត្តភាគខាងត្បូងថៃដែលពុំចាំបាច់ ។ រីឯមន្ត្រីកុងស៊ុលម៉ាឡេស៊ីនៅខេត្តសុងក្លា និយាយថា ការវាយប្រហារ និងបាញ់លើកចុងក្រោយនៅខេត្តយ៉ាឡា ប៉ាតានី និងណារ៉ាធិវ៉ាត ភាគច្រើនកើតឡើងនៅពេលយប់ ។ ពលរដ្ឋម៉ាឡេស៊ីគួរផ្អាកការធ្វើដំណើរទៅកាន់ខេត្តទាំង៣ នេះ ជាពិសេស ការចេញពីកន្លែងស្នាក់នៅពេលយប់ ។.png)
ក្រោយកើតហេតុការណ៍អសន្តិសុខ អភិបាលខេត្តណារ៉ាធិវ៉ាត លោក ត្រាគូន ថូថាំ បានបង្កើនកងកម្លាំងការពារសុវត្ថិភាពពលរដ្ឋយ៉ាងតឹងរ៉ឹង ខណៈក្រុមប្រឆាំងនឹងថៃ ពុំបានធ្វើសកម្មភាពបំផ្ទុះគ្រាប់បែកអស់៥ឆ្នាំហើយ ។ លោកអភិបាលខេត្តទទួលស្គាល់ថា ហេតុការណ៍នៅខេត្តភាគខាងត្បូងនឹងធ្វើឱ្យចំនួនភ្ញៀវទេសចរធ្លាក់ចុះ ជាពិសេស ភ្ញៀវទេសចរម៉ាឡេស៊ី ។
គួរបញ្ជាក់ថា ភ្ញៀវទេសចរចំនួន៣៥លាន៥សែននាក់ ដែលបានធ្វើដំណើរទៅប្រទេសថៃកាលពីឆ្នាំ២០២៤ ក្នុងនោះមានភ្ញៀវទេសចរម៉ាឡេស៊ី ចំនួន៤លាន៩សែននាក់ ។ ហេតុនេះ ធ្វើឱ្យម៉ាឡេស៊ីក្លាយជាប្រទេសដែលមានភ្ញៀវទេសចរមកលេងថៃច្រើនបំផុត ស្ថិតក្នុងលំដាប់ទី២ បន្ទាប់ពីចិន ៕










