តារាចម្រៀងទូច ស៊ុននិច ពោលនឹកអ្នកគាំទ្រ សង្ឃឹមសុខភាពល្អប្រសើរវិញឆាប់ៗអាងច្រៀងជូនអ្នកគាំទ្រស្ដាប់កម្សាន្តវិញ។

តារាចម្រៀងសំនៀងឯកជួរមុខរបស់កម្ពុជាទូច ស៊ុននិចបានឃ្លាតឆ្ងាយពីសិល្បៈអស់រយៈពេលជាង២០ឆ្នាំមកហើយ ដោយពេលនេះគាត់កំពុងសម្រាកមើលថែសុខភាព និងរស់នៅក្រៅប្រទេស។ បច្ចុប្បន្នស្ថានភាពរបស់គាត់ហាក់មានការធូរស្រាលច្រើន ព្រោះជារឿយៗគាត់តែងឆ្លើយឆ្លងជាមួយអ្នកគាំទ្រតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកជានិច្ច។.jpg)
ថ្វីត្បិតថាគាត់មិនដែលបង្ហាញមុខមាត់គាត់នៅពេលបច្ចុប្បន្នអោយមហាជនឃើញក្ដី ប៉ុន្តែគាត់តែងបង្ហាញពីជីវិតរស់នៅសព្វថ្ងៃ និងរូបថតអនុស្សាវរីយ៍មុនៗរបស់គាត់ទៅកាន់អ្នកគាំទ្រជាហូរហែរ។ មិនតែប៉ុណ្ណោះ ថ្មីៗនេះគាត់បានបង្ហោះរូបភាពមួយសន្លឹកជាមួយនឹងការសរសេថា “ថ្ងៃនេះថ្ងៃល្អសូមអោយនាងខ្ញុំមានសុខភាពល្អហើយឆាប់បានធ្វើ concert ដើម្បីច្រៀងជូនបងប្អូនទស្សនាស្ដាប់កំសាន្តឆាប់ៗៗនេះ សូមបងប្អូនទាំងអស់គ្នាប្រាថ្នាអ្វីៗសូមអោយបានសម្រេចដូចក្ដីបំណង រូបថតអនុស្សាវរីយ៍ទៅច្រៀងខួបអាពាហ៍ពិពាហ៍បងស្រីនៅ Stockton, California USA. ស្រលាញ់បងប្អូនទាំងអស់គ្នា”។

ជាមួយនឹងការបង្ហោះខាងលើ មហាជនជាពិសេសគឺអ្នកគាំទ្រជាច្រើនមានក្ដីរំភើបយ៉ាងខ្លាំង ព្រមទាំងបានចូលទៅខមិនជូនពរកញ្ញាទូច ស៊ុននិចអោយឆាប់រឹងមាំ មានសុខភាពល្អ និងអាចចូលរួមសកម្មភាពសិល្បៈបានវិញឆាប់ៗ។ ទាំងនេះសបញ្ជាក់បានថា បើទោះបីជាកញ្ញាទូច ស៊ុននិចមិនបានមានវត្តមាននៅក្នុងសិល្បៈអស់រយៈពេលដ៏យូរទៅហើយក្ដី ប៉ុន្តែក្ដីស្រលាញ់ ការគាំទ្រ និងការរំពឹងរង់ចាំរបស់មហាជនជាច្រើននៅតែមានចំពោះគាត់ជានិច្ច៕










