កំពត៖ នារីដែលជាជនបរទេសម្នាក់ត្រូវបានស្នងការដ្ឋានខេត្តកំពតតាមស្វែងរក និងហៅអោយមកលាបថ្នាំសម្អាតស្ពានវិញ ក្រោយពីគាត់បានយកថ្នាំពណ៌ស្រ្ពេរមកបាញ់គូសវាសជាអក្សរនៅលើថ្មបង្កាន់ដៃស្ពានព្រែកកំពង់បាយ។
តាមរយៈកាមេរ៉ាសុវត្ថិភាពនៅស្ពានកាលពីថ្ងៃទី៦ ខែមិនា ឆ្នាំ២០២៥ បានបង្ហាញពីសកម្មភាពរបស់នារីជនបរទេសម្នាក់កំពុងកាន់កំប៉ុងថ្នាំស្រ្ពេរបាញ់គូសជាអក្សរនៅលើបង្កាន់ដៃស្ពាន។ បន្ទាប់ពីហេតុការណ៍នេះបានកើតឡើង ភ្លាមៗ លោកអធិការក្រុងកំពតបានប្រកាសស្វែងរកនារីបរទេសនោះ និងក្រោយមកបាននាំខ្លួននាង អោយទៅលាបសម្អាតលុបស្នាមថ្នាំដែលនាងបានបាញ់អោយបានស្អាតឡើងវិញដូចដើម។
ចំពោះមូលហេតុដែលនារីបរទេសខាងលើ ធ្វើបែបនេះគឺយើងមិនដឹងច្បាស់នោះទេ ប៉ុន្តែទង្វើនេះនឹងមិនត្រូវបានអនុញ្ញាតអោយធ្វើតទៅទៀតឡើយ ព្រោះបានប៉ះពាល់ដល់ទ្រពសម្បត្តិសាធារណៈ និងសណ្ដាប់ធ្នាប់ក្នុងតំបន់។
យ៉ាងណាជុំវិញករណីខាងលើ ស្នងការដ្ឋានខេត្តកំពត គឺមិនមានការដាក់ទោស ឬផាកពិន័យទៅលើនារីបរទេសនេះឡើយ ដោយគ្រាន់តែអោយនាងសម្អាតឡើងវិញ ព្រមទាំងអប់រំណែនាំតែប៉ុណ្ណោះ ហើយក៏ជាមេរៀនសម្រាប់អ្នកក្រោយៗទៀតកុំអោយធ្វើបែបនេះអោយសោះ ។ សម្រាប់ការចាត់វិធានការឆាប់រហ័សខាងលើរបស់ស្នងការដ្ឋានខេត្តកំពត ទទួលបានការគាំទ្រពីសំណាក់មហាជនជាច្រើន ៕










