សហរដ្ឋអាមេរិក ៖ វាពិតជាធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងលើនារីម្នាក់ដែលសម្រេចចិត្តលាឈប់ពីការងារ មកប្រកបមុខរបររើសអេតចាយរយៈពេល២ឆ្នាំ ហើយនាងអាចសន្សំប្រាក់បានរាប់ម៉ឺនដុល្លារ ។ នាងប្រាប់ថា មុខរបរនេះធ្វើឱ្យនាងសប្បាយរីករាយក្នុងជីវិត ថែមទាំងរកប្រាក់បានច្រើន អាចដើរលេងជុំវិញពិភពលោក នាងនឹងពុំបោះបង់របរនេះចោលទេ ។

នារីរូបនេះឈ្មោះ មេឡានី ឌីអេស អាយុ២២ឆ្នាំ រស់នៅទីក្រុងថេមប៉ា រដ្ឋផ្លរីដា សហរដ្ឋអាមេរិក បានលាឈប់ពីការងារពេញម៉ោងរបស់ខ្លួន ហើយងាកមកប្រកបមុខរបររើសអេតចាយរៀងរាល់ថ្ងៃ ។ ក្រោយពីនាងប្រកបមុខរបរនេះបាន២ឆ្នាំ នាងក៏អាចសន្សំប្រាក់បានរាប់ម៉ឺនដុល្លារ ហើយធ្វើឱ្យជីវិតនាងរីករាយយ៉ាងខ្លាំង ដែលបានដើរលេងជុំវិញពិភពលោក ។.png)
មេឡានី រៀបរាប់ថា នាងបានមើលវីដេអូក្នុងបណ្តាញសង្គមនិយាយពីភាពជោគជ័យក្នុងការរកចំណូលពីមុខរបររើសអេតចាយ ក្រោយមក នៅឆ្នាំ២០២៣ នាងក៏ចាប់ផ្តើមរើសអេតចាយ ចាប់ពី៤ម៉ោង ទៅ៥ម៉ោងក្នុង១ថ្ងៃ នៅពេលទំនេរពីការងារ ។ ជារៀងរាល់ថ្ងៃ នាងបានឃើញសម្ភារៈប្រើប្រាស់ជាច្រើន ដូចជា ៖ សៀវភៅ សម្ភារៈក្មេងលេង សម្ភារៈអាចប្រើប្រាស់ឡើងវិញ សម្លៀកបំពាក់ គ្រឿងតុបតែងផ្ទះ និងអាហារសត្វចិញ្ចឹម ។

សម្ភារៈអេតចាយដែលប្រមូលបាន ជួយឱ្យនាងអាចសន្សំប្រាក់លើការទិញសម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗមិនគួរឱ្យជឿ ។ ហេតុនេះ ក្រោយពេលទទួលបានចំណូលច្រើនពីការលក់អេតចាយ នាងក៏សម្រេចចិត្តឈប់ធ្វើការ និងមករើសអេតចាយពេញមួយថ្ងៃ ។ រយៈពេល២ឆ្នាំមកនេះ នាងសន្សំប្រាក់បានរហូតដល់៥ម៉ឺនដុល្លារអាមេរិក ហើយតាំងពីរើសអេតចាយមក នាងអាចសន្សំប្រាក់បានច្រើន និងដើរលេងជុំវិញពិភពលោកទៀតផង ។

កន្លែងដែលនាងតែងតែទៅប្រមូលសម្ភារៈអេតចាយ គឺហាង TJ Maxx Homesense និង HomeGoods ដែលនៅទីនេះ មានសម្ភារៈជាច្រើនប្រភេទនៅថ្មីៗ មានគុណភាពល្អ និងមានបិទស្លាកបញ្ជាក់តម្លៃ ប៉ុន្តែត្រូវគេបោះបង់ចោល ។ នាងពុំគិតថា នឹងអាចឃើញសម្ភារៈថ្មីៗទាំងនេះក្នុងធុងសំរាមទេ ។ នាងប្រាប់ថា ៖ «ខ្ញុំចូលចិត្តមុខរបររើសអេតចាយណាស់ អ្នកគ្មានថ្ងៃយល់ទេថា អ្នកនឹងបានឃើញសម្ភារៈអ្វីខ្លះរាល់ថ្ងៃ សម្ភារៈដែលគេបោះបង់ចោលធ្វើឱ្យខ្ញុំរីករាយនឹងប្រមូលយកជានិច្ច» ។
ដោយឡែក នារីម្នាក់ទៀតរស់នៅរដ្ឋតិចសាស់ ប្រាប់ថា នាងអាចរកចំណូលបានរហូតដល់ ៧ម៉ឺន៦ពាន់ដុល្លារក្នុង១ឆ្នាំ ដោយសារការលក់សម្ភារៈអេតចាយដែលប្រមូលបានពីហាងនានា ។ ក្រៅពីនេះ លោក ដេស សេសហ្វីវ អាយុ៣៥ឆ្នាំ បានរៀននៅសាកលវិទ្យាល័យបណ្តើរ រើសអេតចាយលក់បណ្តើរ ហើយលោកបានជួបភរិយាលើកដំបូង ពេលនាងកំពុងរើសអេតចាយលក់ដើម្បីយកប្រាក់បង់សាលា ៕










