អេមីរ៉ាតអារ៉ាប់រួម ៖ ទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម បានប្រកាសពីគម្រោងសាងសង់អគាររីសតសម្រាប់អ្នកស្រឡាញ់សុខភាព ឈ្មោះ «Therme Dubai» មានកម្ពស់ខ្ពស់បំផុតលើពិភពលោក ។ អគាររីសតនេះនឹងក្លាយជាកន្លែងកម្សាន្តដ៏ទំនើប ស៊ីវិល័យ ដែលមានទឹកជ្រោះ៣កន្លែង អាងហែលទឹក សួនច្បារធំបំផុតលើពិភពលោក ព្រមទាំងមានកញ្ចក់ហ៊ុព័ទ្ធអគារទាំងមូល ដើម្បីបង្ហាញពីការអភិវឌ្ឍជីវចម្រុះ និងការថែរក្សាបរិស្ថានប្រកបដោយនិរន្តរភាព ។

ការសាងសង់អគាររីសត Therme Dubai កម្ពស់១០០ម៉ែត្រ ស្ថិតនៅសួនច្បារ Zabeel គឺនឹងចំណាយថវិកាសាងសង់ជាង៥៤៥លានដុល្លារអាមេរិក និងគ្រោងបើកដំណើរការនៅឆ្នាំ២០២៨ ។ អគាររីសេតនេះនឹងមានសួនច្បារធំបំផុតលើពិភពលោក ហើយវានឹងទាក់ទាញភ្ញៀវទេសចរមកកម្សាន្ត រហូតដល់១លាន៧សែននាក់ក្នុង១ឆ្នាំ ។.png)
ព្រះអង្គម្ចាស់ទីក្រុងឌូបៃ Rashid Al Maktoum ដែលបំពេញតួនាទីជាឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងជាប្រធានក្រុមប្រឹក្សាប្រតិបត្តិឌូបៃ បានបង្ហាញពីគោលដៅរបស់គម្រោងសាងសង់អគាររីសតនេះថា ៖ «Therme Dubai គឺជាចំណែកមួយនៃការលើកកម្ពស់គុណភាពជីវិតពលរដ្ឋឌូបៃ វានឹងធ្វើឱ្យឌូបៃក្លាយជាទីក្រុងគួរឱ្យរស់នៅបំផុតលើពិភពលោក» ។
ទីក្រុងគួរឱ្យចង់រស់នៅនេះ គឺផ្តោតលើការលើកកម្ពស់គុណភាពជីវិតរបស់ពលរដ្ឋ ។ នាថ្ងៃអនាគត ពលរដ្ឋនៅទីក្រុងនេះនឹងធ្វើដំណើរដោយថ្មើរជើង ដោយកាត់បន្ថយផ្សែងពុលចេញពីយានជំនិះដែលធ្វើឱ្យប៉ះពាល់បរិស្ថាន ។ ក្រៅពីនេះ ទីក្រុងឌូបៃមានគម្រោងបង្កើតទីធ្លាសាធារណៈ ដូចជា ៖ សួនច្បារ២០០កន្លែង, ពង្រីកផ្លូវជិះកង់ និងពង្រីកឆ្នេរខ្សាច់នៅកន្លែងពលរដ្ឋហែលទឹក ។.png)
Therme Dubai ត្រូវបានរចនាម៉ូដសាងសង់ដោយក្រុមហ៊ុនរចនាម៉ូដដ៏ល្បីល្បាញ ឈ្មោះ Diller Scofidio & Renfro ដែលក្រុមហ៊ុននេះមានស្នាក់ការធំនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ។ អគាររីសតនេះមានទីតាំងនៅក្បែរអគារដ៏ខ្ពស់ឈ្មោះ One Za’abeel ហើយអ្នកឈរលើអគាររីសត នឹងអាចមើលឃើញអគារខ្ពស់បំផុតលើពិភពលោក គឺ Burj Khalifa ។
គម្រោងសាងសង់អគាររីសត គឺដើម្បីឱ្យវាក្លាយជាកន្លែងកម្សាន្តសម្រាប់អ្នកស្រឡាញ់សុខភាព ដោយសារមានទឹកជ្រោះ៣កន្លែង ហើយទឹកជ្រោះ១កន្លែងៗ មានកម្ពស់១៨ម៉ែត្រ ព្រមទាំងមានជណ្តើរយន្តឡើងទៅកំពូលទឹកជ្រោះផងដែរ ។ អគាររីសតនេះនឹងហ៊ុព័ទ្ធដោយកញ្ចក់ដើម្បីរក្សាសីតុណ្ហភាពកុំឱ្យក្តៅ ដែលធ្វើឱ្យវាមានរូបរាងប្លែកភ្នែកបំផុត ឬដូចគ្នានឹងអគារដែលសាងសង់នៅថ្ងៃអនាគតរាប់រយឆ្នាំទៅមុខ ៕










