ប្រទេសថៃ ៖ កាលពីចុងខែកុម្ភៈ ឆ្នាំ២០២៥ លោក សារ៉ាវង្ស ថៀនថង រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃឱ្យដឹងថា រដ្ឋាភិបាលថៃគ្រោងប្រមូលប្រាក់ពីភ្ញៀវទេសចរបរទេស ក្នុងម្នាក់ចំនួន៣០០បាត (ឬស្មើជាង៣ម៉ឺនរៀល) ថ្លៃជាន់ទឹកដី ហើយថៃនឹងអនុវត្តចាប់ពីចុងឆ្នាំ២០២៥ ។ ការប្រមូលប្រាក់ពីភ្ញៀវទេសចរនឹងអាចជួយសម្រាលបន្ទុកចំណាយរបស់រដ្ឋាភិបាល ខណៈកន្លងមក រដ្ឋាភិបាលបានចំណាយប្រាក់ផ្តល់ជំនួយសង្គ្រោះភ្ញៀវទេសចរពេលពួកគេមានគ្រោះថ្នាក់នៅថៃ ហើយថៃនឹងយកប្រាក់នេះសម្រាប់ថ្លៃធានារ៉ាប់រងសុខភាពភ្ញៀវទេសចរ ។
លើសពីនេះ ប្រាក់ដែលប្រមូលបានពីភ្ញៀវទេសចរ គឺរដ្ឋាភិបាលថៃនឹងចំណាយលើការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងប្រទេសថៃ ។ មិនមែនមានតែថៃមួយទេដែលប្រមូលប្រាក់ពីភ្ញៀវទេសចរថ្លៃជាន់ទឹកដី គឺប្រទេសជាច្រើនទៀត ក៏បានប្រមូលប្រាក់ពីភ្ញៀវទេសចរដូចគ្នាដែរ ។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បញ្ជាក់ថា ថៃនឹងចាប់ផ្តើមប្រមូលប្រាក់ចាប់ពីចុងឆ្នាំ២០២៥ ។.png)
បច្ចុប្បន្ន រដ្ឋាភិបាលកំពុងរៀបចំឯកសារលម្អិត ហើយសង្ឃឹមថា ពេលរៀបចំឯកសាររួច ថៃនឹងអាចចេញសេចក្តីប្រកាសប្រមូលប្រាក់ពីភ្ញៀវទេសចរ នៅខែមីនា ឆ្នាំ២០២៥ ។ បន្ទាប់មក ត្រូវរង់ចាំពី៥ខែ ទៅ៦ខែ ទើបចាប់ផ្តើមប្រមូលប្រាក់ពីភ្ញៀវទេសចរដែលធ្វើដំណើរមកថៃតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក នៅចុងឆ្នាំ២០២៥ ពីព្រោះវាជាពេលដែលភ្ញៀវទេសចរជាច្រើនមានគម្រោងធ្វើដំណើរមកលេងថៃ ។

ប្រាក់ដែលភ្ញៀវទេសចរត្រូវបង់ពេលពួកគេធ្វើដំណើរមកដល់ថៃ (ឬប្រាក់ថ្លៃជាន់ទឹកដី) គឺថៃនឹងយកតាមការសម្រេចរបស់គណៈកម្មការគោលនយោបាយទេសចរណ៍ជាតិ មិនថាភ្ញៀវទេសចរធ្វើដំណើរតាមយន្តហោះ ផ្លូវគោក និងផ្លូវទឹក រួមមាន ៖
-បើភ្ញៀវទេសចរធ្វើដំណើរតាមផ្លូវយន្តហោះ គឺត្រូវបង់ប្រាក់ចំនួន៣០០បាតក្នុងម្នាក់ សម្រាប់ការធ្វើដំណើរ១លើក
-បើភ្ញៀវទេសចរធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹក ត្រូវបង់ប្រាក់ចំនួន៣០០បាតក្នុងម្នាក់ដូចគ្នា ប៉ុន្តែអាចចេញ-ចូលថៃបានច្រើនលើក ក្រោមរយៈពេលកំណត់ចាប់ពី៣០ថ្ងៃ ទៅ៦០ថ្ងៃ ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍បញ្ជាក់ថា យើងនឹងរង់ចាំការបញ្ជាក់ជាផ្លូវការម្តងទៀតពីរដ្ឋាភិបាល ពីព្រោះការប្រមូលប្រាក់ពីភ្ញៀវទេសចរនេះ គឺសម្រាប់ចំណាយថ្លៃធានារ៉ាប់រងសុខភាពភ្ញៀវទេសចរ ករណីពួកគេជួបគ្រោះថ្នាក់នៅថៃ ៕










