អ្នកបង្កើតមាតិកា ហេង វាសនា និង Fong បានលាតត្រដាងទំនាក់ទំនងស្នេហាភេទដូចគ្នាជាសាធារណៈបន្ទាប់ពីអ្នកទាំងពីរបានបង្ហាញរូបភាពផ្អែមល្ហែមនាពេលកន្លងមក។ អ្នកទាំងពីរគឺបានជួបគ្នាដំបូងនៅឯកម្មវិធីប្រគំតន្រ្តីមួយ ខណៈស្នេហាមួយនេះមិនមានការជំទាស់ពីក្រុមគ្រួសារឡើយ។

ថ្មីៗនេះលោក ហេង វាសនា បានផ្តល់បទសម្ភាសន៍មួយដោយបានបញ្ជាក់ទំនាក់ទំនងជាមួយនឹង Fong ដែលជាអ្នកបង្កើតមាតិកាមួយរូបដូចគ្នា។ កន្លងមកនេះអ្នកគាំទ្រមានការសង្ស័យថាអ្នកទាំងពីរគឺជាគូស្នេហ៍បន្ទាប់ពីបង្ហាញរូបភាពជាគូនិងមានទំនាក់ទំនងផ្អែមល្ហែមលើសពីធម្មតា។ ហេង វាសនាបាននិយាយថាគូស្នេហ៍របស់ខ្លួនគឺមានចរិត សុភាពរាបសារ ចេះគោរពចាស់ទុំ ចេះយកអាសារ គួរឱ្យស្រលាញ់។ ចំណែកឯ Fong វិញបាននិយាយថា ហេង វាសនា ជាមនុស្សមើលថែយកចិត្តទុកដាក់ខ្លួនប្រៀបដូចជាឪពុកទី២ ខណៈខ្លួនមានចិត្តលួចស្រលាញ់ ហេង វាសនា ជាយូរមកហើយព្រោះលោកគឺជាហ្វេនម្នាក់។
មានចិត្តស្នេហាភេទដូចគ្នានេះអ្នកទាំងពីរបានឱ្យដឹងថាក្រុមគ្រួសាររបស់ពួកគេមិនជំទាស់អ្វីនោះទេ។ ដោយឡែកទំនាក់ទំនងភេទដូចគ្នានេះឃើញថាគូស្នេហ៍ដទៃទៀតមិនសមប្រកបបែកបាក់គ្នានេះដែរ Fong បាននិយាយថាអាស្រ័យលើចិត្តហើយខ្លួនជឿជាក់និងទុកចិត្តនូវទំនាក់ទំនងមួយនេះ។ មុននឹងមានដៃគូជាគូស្នេហ៍របស់ Fong ហេង វាសនា បានទម្លាយទៀតថាកាលពីមុនលោកក៏ធ្លាប់មានសង្សារជាមនុស្សស្រីផងដែរ ខណៈបានដឹងថាខ្លួនឯងស្រលាញ់ភេទដូចគ្នានេះប្រហែលជាឆ្នាំទី២នៃការសិក្សារបស់ខ្លួន។
គួរបញ្ជាក់ផងដែរថា ទំនាក់ទំនងស្នេហាភេទដូចគ្នានេះគឺមានការទទួលស្គាល់ជាងមុនហើយអ្នកសិល្បៈមួយចំនួនដែលមានទំនាក់ទំនងបែបនេះគឺហ៊ានលាតត្រដាងប្រាប់មហាជនជាសាធារណៈហើយក៏ទទួលបានការអបអរច្រើនជាងការរិះគន់៕










