អ្នកធ្លាប់ប្រើប្រាស់កម្មវិធី Skype បានបង្ហាញការសោកស្តាយយ៉ាងខ្លាំង ក្រោយពីក្រុមហ៊ុន Microsoft ប្រកាសថា នឹងបិទ Skype ជាផ្លូវការ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ពីព្រោះវាជាកម្មវិធីហៅចេញតាមអ៊ីនធើរណេតដ៏ពេញនិយមលើពិភពលោក កាលពីជាង១០ឆ្នាំមុន ។ Microsoft បានណែនាំឱ្យអ្នកប្រើប្រាស់ផ្ទេរទិន្នន័យទាំងអស់ទៅកាន់កម្មវិធី Microsoft Teams ឬដោនឡូតទិន្នន័យសំខាន់ៗទុក មុនពេលបិទ Skype រយៈពេល២ខែខាងមុខ ។

Skype គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីពេញនិយមជាច្រើនទៀតនៅលើពិភពលោកនាពេលកន្លងមក ដែលបានបើកដំណើរការអស់រយៈពេលជាច្រើនឆ្នាំ ហើយអ្នកប្រើប្រាស់អាចធ្វើការហៅចេញរកគ្នាតាមអ៊ីនធើរណេត (ឬ VoIP) ។ ប៉ុន្តែបច្ចុប្បន្ន ក្រុមហ៊ុន Microsoft នឹងផ្តោតសំខាន់ទៅលើកម្មវិធី Microsoft Teams ដោយអ្នកប្រើប្រាស់ Skype នឹងអាច Login ចូលកម្មវិធី Microsoft Teams បានភ្លាមៗ ។

ចំណែកទិន្នន័យរបស់អ្នកប្រើប្រាស់ទាំងអស់ ដូចជា ៖ ការជជែកគ្នាក្នុងក្រុម និងបញ្ជីឈ្មោះមិត្តភក្តិ នឹងត្រូវផ្ទេរមកកាន់កម្មវិធី Microsoft Teams ដោយស្វ័យប្រវត្តិ ដោយពុំចាំបាច់បង្កើតគណនីថ្មី ។ បើពុំចង់ប្រើប្រាស់ Microsoft Teams ទេ អ្នកប្រើប្រាស់អាចលុបចោលទិន្នន័យរបស់ខ្លួនចេញពី Skype ។
Microsoft បានទិញ Skype មកគ្រប់គ្រងអស់រយៈពេលជិត១៤ឆ្នាំ ក្នុងទឹកប្រាក់៨,៥០០លានដុល្លារអាមេរិក ប៉ុន្តែក្រោយពី Microsoft ទិញមិនយូរប៉ុន្មាន Skype ក៏ជួបជាមួយគូប្រជែងជាច្រើន ស្របពេលបច្ចេកវិទ្យាលើពិភពលោក កាន់តែជឿនលឿន ដូចជា ៖ FaceTime, Messenger, WhatsApp និង Instagram ។ លើសពីនេះ ពេលជំងឺកូវីដ-១៩ ឆ្លងរាតត្បាត កម្មវិធី Skype ទទួលបានការពេញនិយមត្រឹមរយៈពេលខ្លីប៉ុណ្ណោះ ដោយសារការប្រើប្រាស់កម្មវិធី Zoom នាំមុខ ។

ដោយឡែក បុគ្គលិកដែលធ្វើការនៅ Skype នឹងត្រូវបញ្ជូនឱ្យទៅធ្វើការជាមួយ Microsoft Teams ដែល Microsoft បានដំណើរការកម្មវិធីនេះតាំងពីឆ្នាំ២០១៧ ។ ការដំណើរការកម្មវិធី Microsoft Teams នាពេលនោះបង្ហាញថា Skype នឹងពុំអាចដំណើរការបានយូរអង្វែង និងជិតដល់ពេលបិទការប្រើប្រាស់ រហូតមកដល់ឆ្នាំ២០២៥ Microsoft ក៏ប្រកាសបិទកម្មវិធីនេះជាផ្លូវការ ៕









