«ប្រាសាទស្នឹង» ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណវត្តស្នឹង ក្នុងភូមិស្នឹងខាងកើត ឃុំស្នឹង ស្រុកបាណន់ មានចម្ងាយជាង ២២ គីឡូម៉ែត្រពីក្រុងបាត់ដំបង គឺជាប្រាសាទបុរាណខ្មែរដ៏ល្អឯកមួយ កសាងឡើងនៅអំឡុងសតវត្សរ៍ទី ១២ ដោយព្រះបាទឧទយាទិត្យវរ្ម័នទី២ ដើម្បីឧទិសដល់ព្រហ្មញ្ញសាសនា ។
បច្ចុប្បន្នប្រាសាទនេះបានទាក់ទាញការចាប់អារម្មណ៍ពីសំណាកភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ឱ្យមកទស្សនានូវក្បាច់ចម្លាក់ដ៏ល្អវិចិត្រ គួបផ្សំនឹងទេសភាពព្រៃឈើពណ៌បៃតងខៀវខ្ចីអមជុំវិញ ជាមួយទិដ្ឋភាពស្ងប់ស្ងាត់ ហាក់ដូចជាកំពុងស្ថិតក្នុងទីក្រុងបុរាណមួយអ៉ីចឹង។ បើយោងតាមរដ្ឋបាលខេត្តបាត់ដំបង ប្រាសាទស្នឹងត្រូវបានចែកចេញជា ២ ផ្នែកគឺប្រាសាទស្នឹងខាងកើត និងប្រាសាទស្នឹងខាងលិច។

ប្រាសាទទាំងពីរនេះសាងសង់អំពីឥដ្ធនៅលើដីទួល ដែលមានបណ្តោយ ៣០ ម៉ែត្រ និងទទឹង ២០ ម៉ែត្រ មានលក្ខណៈ ដូចជាចេតិយចំនួនបី ដាច់ដោយឡែកពីគ្នា និងមានលក្ខណៈស្រដៀងនិងប្រាសាទនានាដែលកសាងក្នុងសត្សវតិ៍ទី ១២ ផ្សេងទៀតផងដែរ។ ហេតុនេះនៅពេលលោកបានទៅដល់ខេត្តបាត់ដំបង សូមកុំរំលងប្រាសាទស្នឹងឱ្យសោះ។
នៅប្រាសាទស្នឹងខាងកើត មានចម្លាក់ព្រះឥន្ធគង់លើដំរីក្បាលបី អមដោយចម្លាក់រាហូនៅខាងក្រោមដ៏លេចធ្លោរ ខណៈនៅប្រាសាទស្នឹងខាងលិចវិញ គឺជាប្រាសាទទោល ដែលសង់ពីថ្មភក់មានទ្វារ ៤ទិស ប៉ុន្តែ ៣ទិសត្រូវបានបិតជិត ដោយសារការបាក់ថ្មនៃកំពូលប្រាសាទ ដូច្នេះភ្ញៀវទេសចរអាចចូលទស្សនាបានតែទ្វារខាងកើតប៉ុណ្ណោះ៕.jpg)










